ភ្នំពេញៈ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ប្រទេសចំនួន ៥ ដែលមាន ប្រទេសចិន វៀតណាម ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាប្រទេសដែលកម្ពុជា បាននាំទំនិញចូលកាន់ទីផ្សារក្នុងស្រុកច្រើនជាងដែលមានតម្លៃទឹកប្រាក់សរុបជិត១០ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៣ ដោយក្នុងចំណោមប្រទេសនេះ មានតែចិន និងឥណ្ឌូនេស៊ីទេ ដែលនាំទំនិញមកកម្ពុជា មានការកើនឡើង។
របាយការណ៍ដដែល បានឱ្យដឹងថា ចិនបាននាំចូលទំនិញមកកម្ពុជា ក្នុងទំហំទឹកប្រាក់ ជាង៥ ៤៤០លានដុល្លារ កើន១,២ភាគរយ,វៀតណាម ១ ៨៧២លានដុល្លារ ថយចុះជាង១០ភាគរយ,ថៃ ១ ៤៤៧ លានដុល្លារ ថយចុះជិត២០ភាគរយ,ឥណ្ឌូនេស៊ីជាង៥៧៣លានដុល្លារ កើនឡើងជិត២៧ភាគរយ និងម៉ាឡេស៊ី មានជាង២៦៨លានដុល្លារ ថយចុះ២ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២។
ដោយឡែកការនាំចូលសរុបរបស់កម្ពុជាមានការថយចុះជិត២៣ភាគរយ បើធៀបនឹងឆមាសទី១ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ឱ្យដឹងថា កត្តាដែលធ្វើឱ្យការនាំចូលរបស់កម្ពុជាមានការធ្លាក់ចុះ គឺបណ្ដាលមកពីការថយចុះនៃតម្រូវការក្នុងស្រុក គួបផ្សំកំណើននៃការផ្គត់ផ្គង់តម្រូវការក្នុងស្រុករបស់កម្ពុជា នៅមួយរយៈចុងក្រោយនេះ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។
លោកបានបន្ថែមថា ក្នុងចំណោមប្រទេសទាំង៥នេះ មានប្រទេស៤ហើយជាសមាជិករបស់អាស៊ាន ដែលនេះមានន័យថា ការធ្វើពាណិជ្ជកម្មជាមួយប្រទេសជាសមាជិក ត្រូវបានជំរុញនិងលើកទឹកចិត្ត ជាពិសេសនៅក្នុងអំឡុងពេលវិបត្តិសកលនេះ ដែលអាស៊ានត្រូវការបង្កើនការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា៖ «ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន វៀតណាមនិងថៃ មានការដោះដូរទំនិញជាមួយយើងច្រើនជាងគេ ទាំងការនាំចូល និងនាំចេញ គឺមានប្រហាក់ប្រហែលគ្នា ដោយសារតែប្រទេសទាំង២នេះ មានព្រំដែនជាប់គ្នាងាយស្រួលដល់ការដឹកជញ្ជូន ខណៈតម្រូវការប្រើប្រាស់របស់ប្រជាជនក៏ប្រហាក់ប្រហែលគ្នាផងដែរ»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ កាលពីអំឡុងពេលសម្ពោធនាំអង្ករចេញទៅហ្វីលីពីន កាលពីពេលថ្មីៗនេះ បានបញ្ជាក់ដែរថា នៅក្នុងស្ថានភាពនៃការប្រឈមនឹងវិបត្តិនានា ក្នុងពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានតែងតែណែនាំឱ្យមានការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុងអាស៊ានឱ្យបានច្រើន ព្រោះភាគច្រើនប្រទេសជាសមាជិកអាស៊ាននាំចេញទៅក្រៅតំបន់អាស៊ាន។
លោកធ្លាប់បានបញ្ជាក់ថា៖«ឥឡូវនេះយើងកំពុងតែខិតខំប្រឹងប្រែង ក្នុងការជំរុញការនាំចេញនិងនាំចូលជាមួយប្រទេសជាសមាជិកអាស៊ាន។ហេតុអ្វីបានជាយើងធ្វើបែបនេះ? ពីព្រោះថា វាធ្វើឱ្យយើងបានភាពធន់ នៅក្នុងបញ្ហាសន្តិសុខស្បៀងដែលពិភពលោកនាពេលបច្ចុប្បន្ននេះមានបញ្ហាច្រើន ជាពិសេសបញ្ហាខ្វះខាតសន្តិសុខស្បៀង ក៏ដូចជា ថាមពល។ដូច្នេះយើងត្រូវប្រឹងប្រែងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់បន្ថែមទៀត»។
វិបត្តិសេដ្ឋកិច្ចសកលលោក នៅតែជាបញ្ហាប្រឈមសម្រាប់ការធ្វើពាណិជ្ជកម្មរបស់បណ្ដាប្រទេសជាច្រើនលើពិភពលោក ដោយសារវិបត្តិនេះបានធ្វើឱ្យតម្រូវការនៅតាមបណ្ដាប្រទេសជាច្រើនរួមទាំងកម្ពុជាមានការថយចុះ។ នេះបើតាមការលើកឡើងពី លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
លោកថ្លែងថា ស្ថិតក្នុងបរិបទនេះ មានបណ្ដាប្រទេសជាច្រើនលើពិភពលោកសុទ្ធតែមានការធ្លាក់ចុះនូវតម្រូវការ ជាពិសេសតម្រូវការមួយចំនួនដែលមិនមានភាពចាំបាច់ រួមទាំងនៅប្រទេសកម្ពុជាផងដែរ។
លោក ហុង វណ្ណៈ បានបញ្ជាក់ថា៖«ការកាត់បន្ថយនូវការនាំចូលទំនិញមួយចំនួនដែលមិនចាំបាច់ និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ទើបជាកត្តាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ម្យ៉ាងវិញទៀត ស្ថិតក្នុងបរិការណ៍នេះ បើទោះជាកម្ពុជា មានការនាំចូលទំនិញពីប្រទេសដទៃ នៅមានកម្រិត ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដទៃឡើយ»។
សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិកមម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង២៣ពាន់លានដុល្លារថយចុះ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ កម្ពុជា បាននាំចេញក្នុងទំហំទឹកប្រាក់ជាង១១ពាន់លានដុល្លារ ខណៈការនាំចូលមានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ។
ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលសម្លៀកបំពាក់ ស្បែកជើង វាយនភណ្ឌ សម្ភារ និងគ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម ជាដើម។ ដោយឡែក ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចូលពីខាងក្រៅវិញ មានដូចជា ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្ភារសំណង់ ជី ថ្នាំកសិកម្មជាដើម៕