ភ្នំពេញៈ កម្ពុជាសម្រេច​បាន​ការ​នាំ​ចេញ​បន្លែ​ចម្រុះ​គ្រប់​ប្រភេទ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​ក្នុង​បរិមាណ​ ១២១,​១៩​ តោន​ នៅក្នុង​ឆមាស​ទី​១​ ឆ្នាំ​ ២០២៣ នេះ ដែល​​មាន​ការ​កើន​ឡើង ​១៥០,​៣៩​ ភាគរ​យ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​ ២០២២​​។​

​យោង​តាម​ក្រសួ​ងកសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បា​នឱ្យដឹង​ថា ​កំណើន​នៃ​ការ​កែច្នៃ​កសិផលបាន​ជួយ​ស្រូប​យក​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក ដោយ​បាន​ចូល​រួម​ចំណែក​បង្កើន​តម្លៃ​បន្ថែម​ដល់​ខ្សែ​ចង្វាក់​តម្លៃ​ដំណាំ ​ក្នុង​នោះ​ក៏មាន​ដំណាំ​បន្លែ​នេះ​ផង​ដែរ​។​

​លោក ​ហ៊ុន​ ឡាក់ អគ្គ​នាយក​ក្រុម​ហ៊ុន​ត្រូ​ពិ​ក​ខេ​មផ្គត់ផ្គ​ង់​បន្លែ​និង​ផ្លែឈើ​ បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ​ខែកក្កដា​ថា​ ការនាំ​ចេញ​បន្លែ​ចម្រុះ ជា​ប្រភេទ​បន្លែ​គ្រឿង​ទេស ​មាន​ដូច​ជា​ ប្រភេទ​ជីរ ម្ទេស ​រំដេង​ ល្មៀត ​ខ្ជាយ ជា​ដើម មាន​ប្រភេទ​បន្លែ​ដែល​មាន​តម្លៃ ងា​យ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទៅ​ក្រៅ​ប្រទេស ​ដោយ​កំណើន​ជាង​១៥០​ភាគរយ​នេះ​ ដោយ​សារតែ​នេះ​ជា​ដំណាក់​កាល​នៃ​កា​រសាក​ល្បង​របស់​កម្ពុជាក្នុង​កា​រនាំ​បន្លែ​ទាំង​នៅ​ទីផ្សារ​អន្តរ​ជាតិ​។​

​លោក​បាន​បន្ថែម​ថា ​ក្រុម​ហ៊ុន​លោក​បាន​នាំ​ចេញ​សាក​ល្បង​ប្រភេទ​បន្លែ​គ្រឿង​ទេស​នេះ ​ទៅកាន់​ប្រទេស​កូរ៉េខាង​ត្បូង​រួចហើយ ឃើញ​ថា ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អតិ​ថិជន​ក្នុង​ប្រទេស​នេះ ​ខណៈ​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​លោក​កំពុ​ងតែ​សិក្សា​លម្អិត ​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ដែល​ត្រូវ​ដឹក​តាម​ជើង​យន្ត​ហោះ​។​

​លោក ​ហ៊ុន​ ឡាក់ បាន​បញ្ជាក់​ថា​៖«​បច្ចុប្បន្ន​យើង​មិន​ទាន់​អាច​នាំ​ចេញ​បន្លែ​ណា​ផ្សេង​បាន​ក្រៅពី​ប្រភេទ​បន្លែ​គ្រឿង​ទេស ដែល​មាន​ដូច​ជា ​ប្រភេទ​ជីរ​ ម្ទេស ​រំដេង ​ល្មៀត ខ្ជាយ ​ជាដើម​បាន​ទេ ដោយសា​រតែ​បន្លែ​ប្រភេទ​នេះមាន​តម្រូវ​ការ​ខ្ព​ស់ ជា​ប្រភេទ​បន្លែ​មាន​តម្លៃ​នៅ​ទីផ្សារ​អន្តរ​ជាតិ​ ងាយ​ស្រួល​ទុក​ដាក់ ​និង​ដឹក​ជញ្ជូន ។​រីឯ​បន្លែ​ផ្សេង​ទៀត ​ដូចជា​បន្លែ​ស្លឹក ​បន្លែ​ដើម ឬ​មើម​ជាដើម​យើង​មិន​អាច​នាំ​ចេញ​ទៅ​បាន​ទេ ព្រោះ​បន្លែ​ប្រភេទ​នេះ​មិន​សូវ​មាន​តម្លៃ​ទេ​លើ​ទីផ្សារ​»​។​

​បើ​តាម​ ហ៊ុន ឡាក់ ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ត្រូ​ពិ​ក​ខេ​ម​ផ្គត់​ផ្គង់​បន្លែ​និង​ផ្លែឈើ​ កំ​ពុងតែ​យក​ចិត្ត​ទុកដាក់ ​និង​ប្រឹង​ប្រែងផលិត​បន្លែ​ផ្លែឈើ​ សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យបាន​តាម​តម្រូវការ​សិន ​ព្រោះថា​ កំណើន​នៃ​តម្រូ​វការ​បន្លែ​សុវត្ថិ​ភាព សម្រាប់​បរិភោគ​មាន​ការ​កើន​ឡើង ​ដែល​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​ពង្រីក​ខ្សែ​ចង្វា​ក់​ផ្គត់​ផ្គង់ ​និង​ការដឹក​ជញ្ជូន​។ បច្ចុប្បន្ន ​ក្រុម​ហ៊ុនបាន​រៀបចំ​ផ្ទះ​សំណាញ់ ​ដើម្បី​ដាំ​ដុះ​បន្លែ​សុវត្ថិ​ភាព​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា កណ្តាល​ កំពង់​ចាម និង​មណ្ឌលគិ​រី​ជាដើ​ម​។​

​អគ្គ​នា​យក​ប្រតិ​បត្តិ​ក្រុមហ៊ុន​អា​ហ្គ្រី​ប៊ី​Agribee (Cambodia) លោក ​យ៉ង ប៉ាក់​ បានថ្លែងថា តាមការក​ត់សម្គា​ល់​ឃើញ​ថា បន្លែ​ដែល​បាន​ដាំ​ដុះ​នៅ​ក្នុង​ស្រុក ​ហើយ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ស្រុក​ក្រៅ​ ដោយសា​រតែ​ទទួល​បាន​តម្លៃ​ល្អ​ជាង​ការលក់​ក្នុង​ស្រុក ​ជា​ពិសេស​ការ​វេច​ខ្ចប់​សម្រាប់​នាំ​ចេញ​ទៅ​ចិន ​និង​អឺរ៉ុប​។​

​លោក​បាន​បន្ថែម​ថា ក្រៅ​ពី​ការ​នាំចេ​ញ ក​ម្ពុជា​ក៏បាន​ផលិត​បន្លែ​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ផងដែរ ​ដូចជា​​ ប្រភេទ​បន្លែ​ស្លឹក ​បន្លែ​ដើម និង​ប្រភេទ​បន្លែ​មើម​បាន​ខ្លះ​ដែរ​។ ក្រៅពី​នេះ​បន្លែ​ខ្លះ​ទៀ​ត ត្រូវ​នាំចូល​ពី​វៀត​ណាម ដើម្បី​បំពេញ​តម្រូវ​ការ​ ដោយ​សារតែ​ផលិត​ក្នុង​ស្រុក​មិន​សូវ​បាន ​ហើយ​កម្ពុជា​ក៏​បាន​នាំ​ចេញ​បន្លែ​ខ្លះ​ទៅ​វៀតណាម​វិញ​ដែរ ​ដែល​ជា​រឿង​ធម្មតា​ទេ ដែល​ប្រទេស​ជិត​ខាង​ត្រូវ​ផ្គត់​ផ្គង់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ដើម្បី​ជំរុញ​ឱ្យ​ការ​ផ្គត់​ផ្គង់​បន្លែ​ក្នុង​ស្រុក​មាន​គ្រប់​គ្រាន់​តាម​តម្រូវការ និង​ជំរុញ​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ថែម​ទៀត​ ស្ថា​ប័ន​ពាក់​ព័ន្ធ​គួរ​គិតគូ​រ​ដល់​ការរៀ​បចំ​កន្លែង​កែច្នៃ និ​ង​ឃ្លាំង​សម្រាប់​ស្តុក​ទុក​បន្លែឱ្យបាន​យ៉ាង​ហោច​ណាស់១​ខេ​ត្ត១​។​

ព​ង្រឹ​ក​សហ​គមន៍​កសិក​ម្មដែល​ដាំ​ដុះ​បន្លែ​ដោយ​ពង្រឹង​កា​រយល់​ដឹង​ពី​ការ​ដាំដុះ​បន្លែ​តាម​បែប​បច្ចេកទេ​ស​ប្រកប​ដោយ​សុវត្ថិ​ភាព​»​។​

​លោក​បាន​បន្ថែម​ថា បញ្ហា​ដើមទុ​ន ក៏​ជា​រឿង​ចាំ​បាច់​ដែល​ត្រូវ​គិត​គូរ​ផងដែ​រ ​ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ លោ​ក​បាន​មើល​ឃើញ​ថា ខាង​ធនាគារ​​អភិវ​ឌ្ឍន៍ជន​បទ ​និង​ក​សិកម្ម ,​ធនាគារ​SME និង​ធនា​គារពា​ណិជ្ជ​មួយ​ចំនួ​នទៀត បាន​គិត​គូរ​ច្រើន​ដល់​ការ​ជួយ​កសិករ​លើ​វិស័យ​ដាំ​ដុះ​នេះ​ច្រើន​ដែរ​។ ទោះជាបែប​នេះ​ក្តី​ លោក​ថ្លែងថា ស​ម្រាប់​វិស័យ​បន្លែ ​កម្ពុជា​គួរ​មាន​កសិករ​ខ្នាត​ធំ (Enterprise Farmer) ដែល​មាន​កា​រដាំ​ដុះ​បន្លែ​ក្នុង​ទំហំ​ធំ​ចន្លោះ​ពី​៥០​ទៅ​១០០​ហិក​តា ខណៈ​​ស្ថានភាព​ភូមិ​សាស្ត្រ​មាន​លក្ខណៈ​អំណោយ​ផង ​ដើម្បី​ជំរុញ​ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​បាន​គ្រប់​គ្រាន់ និង​បង្កើន​ការ​នាំ​ចេញ​​៕