ភ្នំពេញៈ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា គ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក បានចូលរួមជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លើកិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់ ដើម្បីផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) សម្រាប់គាំទ្រដល់ការពង្រីកអាជីវកម្ម និងនិរន្តរភាពរបស់ពួកគេ។
ធនាគារមួយនេះសម្រេចបានកិច្ចព្រមព្រៀងមួយលើគម្រោងធានាឥណទានជាកញ្ចប់ជាមួយ CGCC កាលពីថ្ងៃទី ១៧ ខែកក្កដា ក្នុងគោលបំណងគាំទ្រដល់ MSMEs ក្នុងការទទួលបានកម្ចីដែលមានការធានា បានឆាប់រហ័ស និងងាយស្រួលពីធនាគារកាណាឌីយ៉ា ទោះបីមិនមានទ្រព្យធានាគ្រប់គ្រាន់ សម្រាប់ទាំងដើមទុនបង្វិល និងការវិនិយោគ ឬពង្រីកអាជីវកម្ម សំដៅចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
ក្រោមគម្រោងនេះ ធនាគារកាណាឌីយ៉ា អាចបញ្ចេញកម្ចីដែលត្រូវតាមលក្ខខណ្ឌ ដែលភាគីទាំង ២ បានព្រមព្រៀងគ្នា ដោយមិនចាំបាច់ស្នើសុំការអនុម័តការធានាឥណទានពី CGCC លើកម្ចីម្តងមួយៗ។
លោក Raymond Sia នាយកប្រតិបត្តិ ធនាគារ កាណាឌីយ៉ា បានថ្លែង ក្នុងពិធីចុះហត្ថលេខានេះថា ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុកដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងធ្វើឱ្យពួកគេមាននិរន្តរភាព។
លោកថ្លែងថា៖ «យើងខ្ញុំមានក្តីរីករាយខ្លាំងដែលបានពង្រឹងភាពជាដៃគូជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់កំណើននៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ កាណាឌីយ៉ា មានសុទិដ្ឋិនិយមថាម្ចាស់សហគ្រាសធុនតូច និងមធ្យមនឹងកាន់តែមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីពង្រឹងសមត្ថភាព ពង្រីកចង្វាក់ផលិតកម្មនៃអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែមានការរីកចម្រើន»។
លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានឱ្យដឹងថា គម្រោងធានាឥណទានជាកញ្ចប់ (PGS) នេះផ្តោតជាពិសេសសម្រាប់អាជីវកម្មលក់រាយ និងបោះដុំ។ គម្រោងនេះបង្កើតឡើងដើម្បីពង្រីកការផ្តល់កម្ចីជូនសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យនេះ ដើម្បីអភិវឌ្ឍអាជីវកម្មកាន់តែរីកចម្រើន។
លោកថ្លែងថា៖ «កាណាឌីយ៉ា គឺជាគ្រឹះស្ថានដ៏សកម្មមួយក្នុងការផ្តល់កម្ចីដែលមានការធានាច្រើនជាងគេរបស់ CGCC ហើយភាពជាដៃគូនេះនឹងកាន់តែពង្រឹងជំហររបស់ធនាគារ កាណាឌីយ៉ាក្នុងនាមជាស្ថាប័នដែលគួរជាទីទុកចិត្ត និងជាប្រភពផ្តល់ហិរញ្ញប្បទានប្រកបដោយទំនុកចិត្តសម្រាប់អាជីវកម្មដែលស្ថិតក្នុងវិស័យនេះ។ កិច្ចសហការនេះនឹងកាន់តែពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ និងលើកស្ទួយការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ MSMEs»៕