ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាក្នុងការបង្កើតផ្លូវរថភ្លើងធុនស្រាល ដើម្បីសម្រួលដល់ការដឹកអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីដែលបានកំពុងសាងសង់ជិតរួចរាល់ជាស្ថាពរនិងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនាខែតុលាខាងមុខនេះ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ស្របពេលដែលព្រលានយន្តហោះសៀមរាបថ្មីគ្រោងនឹងដាក់ឱ្យដំណើរការនាខែតុលាខាងមុខនេះ រដ្ឋាភិបាលកំពុងធ្វើការសិក្សាលើការសាងសង់ផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីព្រលានមកដល់ក្រុងសៀមរាបដើម្បីផ្តល់ជម្រើសដល់អ្នកធ្វើដំណើរ។
លោកបានថ្លែងបញ្ជាក់ថា៖ «យើងកំពុងកសាងព្រលានយន្តហោះថ្មីនៅសៀមរាប ដូច្នេះយើងកំពុងសិក្សាផ្លូវរថភ្លើងធុនស្រាលថ្មីមួយនៅព្រលានយន្តហោះខេត្តសៀមរាបទៅក្រុងសៀមរាប។ បន្ថែមពីនោះ ព្រលានយន្តហោះខេត្តសៀមរាបបានសាងសង់ចប់រួចរាល់ហើយដែលនឹងដាក់សម្ពោធឆាប់នាខែតុលាខាងមុខនេះ ហើយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនោះក៏បានសាងសង់ផ្លូវថ្មីភ្ជាប់ពីព្រលានមកផ្លូវជាតិលេខ ៦A រួចរាល់ផងដែរ»។
លោក ធួន ស៊ីណាន ប្រធានសមាគម PATA Cambodia Chapter បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការបង្កលក្ខណៈងាយស្រួលនៃសេវាដឹកជញ្ជូនដល់អ្នកដំណើរពីព្រលានទៅកាន់ទីក្រុងគឺជាមធ្យោបាយមួយដ៏ល្អសម្រាប់ផ្តល់ជម្រើសដល់អ្នកធ្វើដំណើរ។
លោកបានថ្លែងថា៖ «ខ្ញុំគាំទ្រឱ្យមានការផ្តល់ជម្រើសក្នុងការធ្វើដំណើរនានាដល់អ្នកដំណើរដើម្បីបញ្ចៀសការកកស្ទះនានា។ ការបង្កើតឱ្យមានផ្លូវរថភ្លើងពីព្រលានយន្តហោះគឺជារឿងមួយដ៏សំខាន់ដោយសារតែការធ្វើដំណើរតាមរថភ្លើងគឺនឹងមិនមានការកកស្ទះចរាចរណ៍ឡើយ»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានទុនវិនិយោគប្រមាណ ១,១ ពាន់លានដុល្លារ គ្រោងនឹងបើកដំណើរការនៅខែតុលាខាងមុខ ខណៈការសាងសង់មកដល់ពេលនេះស្ទើរបញ្ចប់រួចរាល់ទាំងស្រុងហើយ។ នេះបើយោងតាមថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co., Ltd ។ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែកក្កដា ថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៣ ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបានជាង ៩៨ ភាគរយហើយ ដោយគ្រោងដាក់ឱ្យដំណើរការហោះហើរ ចាប់ពីខែតុលា។
លោកថ្លែងថា៖ «តាមការគ្រោងទុក អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅពាក់កណ្ដាលខែតុលា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន»។
ក្នុងឆមាសទី១ ឆ្នាំ ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ២,៥៧ លាននាក់ កើនឡើង ៤០៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ ម៉ឺននាក់ កើនឡើង ២៧៩ ភាគរយ ផ្លូវគោក ១,៦៣ លាននាក់ កើនឡើង ៥២៦ ភាគរយ និងផ្លូវទឹក ៣ ម៉ឺននាក់ កើនឡើង ៥៨៦ ភាគរយ»៕