ភ្នំពេញៈ ក្រសួងកសិកម្ម និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញការជឿជាក់ថា ចំប៉ីស ៧០ (CPS70) ដែលជាពូជស្រូវថ្មីបង្កាត់ចេញពីពូជស្រូវកម្ពុជាដែលទទួលបានពានរង្វាន់ចំនួន ៥ ដង គឺពូជស្រូវផ្ការំដួលនោះ នឹងមានចរន្តទិញ-លក់ នៅទីផ្សារនាពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្នពូជស្រូវនេះកំពុងត្រូវបានដាំដុះយ៉ាងយកចិត្តទុកដាក់។ ការរំពឹងទុកនេះ បានបង្ហាញឡើងតាមរយៈវីដេអូ ដែលផ្សាយចេញដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣។
តាមរយៈវីដេអូ ដែលមានរយៈពេលជាង ៣ នាទី លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសអូស្ត្រាលីមានមោទនភាព ដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ CARDI ដើម្បីអភិវឌ្ឍពូជស្រូវ «ចំប៉ីស៧០» នេះឡើង។ លោកបន្តថា «ចំប៉ីស៧០» គឺជាពូជមានផលប្រយោជន៍ជាច្រើន វាធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ហើយវាមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់។ ហេតុនេះ អូស្ត្រាលី ជឿជាក់ថា ពូជស្រូវ «ចំប៉ីស៧០» នឹងរួមចំណែកចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាតាមរយៈការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិផងដែរ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែរថា ចំប៉ីស ៧០ គឺជាពូជស្រូវថ្មី កើតចេញពីពូជស្រូវដែលជាប់ចំណាត់ថ្នាក់លេខ ១ ចំនួន ៥ ដងគឺពូជស្រូវផ្ការំដួល។ លោកបន្តថា ក្នុងនាមរាជរដ្ឋាភិបាលសូមថ្លែងអំណរគុណអូស្ត្រាលី ដែលបានគាំទ្រលើការស្រាវជ្រាវពូជស្រូវនេះ ពិសេសលើការគាំទ្រវិស័យកសិកម្មនាពេលកន្លងមក។តាមរយៈកិច្ចសហការនេះ លោក ឌិត ទីណា ជឿជាក់ដែរថា វត្តមានពូជស្រូវថ្មីនេះ នឹងកាន់តែទទួលបានផ្លែផ្កា និងមានទីផ្សារកាន់តែខ្លាំង ហើយធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង។
លោកស្រី គីម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងដែរថា ពូជស្រូវ «ចំប៉ីស ៧០» ល្អត្រង់ថា ពូជស្រូវ «ចំប៉ីស ៧០» មានការដាំដុះ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ហេតុនេះលោកស្រីយល់ថា វានឹងមានសក្ដានុពលអាចចូលទីផ្សារបាន។
លោកស្រីបន្តថា៖ «យើងអាចផលិតពូជស្រូវ «ចំប៉ីស៧០» នេះ ២ ឬ ៣ ដងក្នុង ១ ឆ្នាំ ហើយវាជាប្រភេទស្រូវក្រអូបទទួលបានតម្លៃខ្ពស់ជាងស្រូវ-អង្ករសធម្មតា ហើយអង្ករចំប៉ីស ៧០ នេះ ក៏យើងអាចបំពេញទីផ្សារនៅប្រទេសអាស៊ានបានដែរ ដោយមិនចាំបាច់ទៅដណ្តើមទីផ្សាររបស់សែនក្រអូប ឬផ្ការំដួលទេ»។
ក្រោមកិច្ចសហការរវាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ឱ្យប្រើប្រាស់ «ចំប៉ីស ៧០» កាលពីខែមេសាកន្លងទៅ ហើយបានចែកចាយគ្រាប់ពូជស្រូវ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសហករណ៍កសិកម្ម និងប្រជាកសិករ។
ស្ថានទូតអូស្ត្រាលី បានអះអាងដែរថា «ចំប៉ីស ៧០» គឺជាលទ្ធផលប្រកបដោយមោទនភាពនៃកិច្ចសហការរវាងប្រទេសអូស្ត្រាលី និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហើយវាជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ហើយអាចប្រមូលផលបានក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ។
ពូជស្រូវ ចំប៉ីស ៧០ ត្រូវបានដាក់ឈ្មោះ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងន័យអបអរសាទរខួប ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតដ៏សំខាន់រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី៕