ភ្នំពេញៈ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា សេដ្ឋកិច្ចឌីជីថល គឺជារឿងចាំបាច់ ដែលកម្ពុជា និងសមាជិកអាស៊ាន ត្រូវការពង្រឹងនិងគាំទ្រដោយសារតែសេដ្ឋកិច្ចឌីជីថលនេះនឹងបន្ថែមរហូតដល់ ១ ទ្រីលានដុល្លារ ដល់ GDP សរុបរបស់តំបន់អាស៊ាន។
នៅក្នុងពេលធ្វើការរាយការណ៍ អំពីលទ្ធផលនៃការចូលរួមរបស់រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ លោក គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ថ្លែងថា Digital Economy ឬសេដ្ឋកិច្ច ឌីជីថល គឺជាផ្នែកមួយដ៏សំខាន់ នៃការអភិវឌ្ឍទៅមុខរបស់អាស៊ាន។
លោកបញ្ជាក់ថា៖ «ដោយផ្អែកទៅលើការវាយតម្លៃរបស់យើង ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០៣០ សេដ្ឋកិច្ចឌីជីថល នឹងបន្ថែមរហូតដល់ ១ ទ្រីលានដុល្លារ ដល់ GDP សរុបរបស់តំបន់។ ដូច្នេះការពង្រឹង សេដ្ឋកិច្ចឌីជីលរបស់យើងពិតជាមានសារៈសំខាន់ណាស់»។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ដោយក្រុមការងារនេះ មានចំនួន ១៣ ក្រុម ដែលមានតួនាទីជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលឱ្យដំណើរការទៅប្រកបដោយរលូន និងមានប្រសិទ្ធភាព។
ជុំវិញការបង្កើតក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលនេះដែរលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការរៀបចំក្រុមការងារនេះ ពិតជាមានសារៈសំខាន់ណាស់ដោយសារតែលោកបានមើលឃើញថា សេដ្ឋកិច្ចឌីជីថលត្រូវការមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកជំនួញ។
លោកបញ្ជាក់ថា៖ «កន្លងមកឃើញប្រជាពលរដ្ឋយើង ពាក់ព័ន្ធនឹងជំនួញឌីជីថលនេះ គាត់នៅមានកម្រិតនៅឡើយ ក្នុងនោះការអប់រំកុមារ នៅក្នុងវិស័យឌីជីថលនេះ ក៏នៅមានកម្រិតដែរ។ ដូច្នេះការបង្កើតនេះ គឺជាការចាប់ផ្តើមមួយ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចឌីជីថលយើងមានដំណើរការរលូន ដោយក្រុមការងារបច្ចេកទេសដែលត្រូវបង្កើតនេះ នឹងក្លាយទៅជាក្រុមការងាររៀបចំគោលនយោបាយ និងតម្រង់ទិសបន្ថែមទៀតសម្រាប់យុទ្ធសាស្ត្រ ជួយឱ្យប្រជាពលរដ្ឋចេះប្រព័ន្ធឌីជីថលទាំងអស់នេះ»។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា ក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលទាំង ១៣ ក្រុមនោះ រួមមាន ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្ដាល,ក្រុមការងារបច្ចេកទេសទទួលបន្ទុកប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក។
ក្រុមការងារបច្ចេកទេសទទួលបន្ទុកសារពើពន្ធឌីជីថល ក្រុមការងារបច្ចេកទេសទទួលបន្ទុកបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិយតកម្មធុរកិច្ចឌីជីថល ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្រួលពាណិជ្ជកម្មឌីជីថលក្រុមការងារបច្ចេកទេសទទួលបន្ទុកការទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថល។ ក្រុមការងារបច្ចេកទេសទទួលបន្ទុកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រុមការងារបច្ចេកទេស ទទួលបន្ទុកអត្តសញ្ញាណឌីជីថល ក្រុមការងារបច្ចេកទេសទទួលបន្ទុកលំហូរកម្លាំងពលកម្មជំនាញនិងការបណ្ដុះបណ្ដាលជំនាញឌីជីថលក្រុមការងារបច្ចេកទេសទទួលបន្ទុកការកសាងធនធានមនុស្សឌីជីថល។
ក្រុមការងារបច្ចេកទេសទទួលបន្ទុកការលើកកម្ពស់ និងការជំរុញបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្រុមការងារបច្ចេកទេសទទួលបន្ទុកសុវត្ថិភាពឌីជីថល សន្តិសុខសាយប័រ និងអភិបាលកិច្ចទិន្នន័យ និងក្រុមការងារបច្ចេកទេសទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ឌីជីថល។
ក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលមានតួនាទីផ្សេងៗគ្នា ដោយក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្តាល មានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលជាលេខាធិការដ្ឋាន។
ចំណែកក្រុមផ្សេងទៀត នឹងត្រូវដឹកនាំដោយក្រសួងស្ថាប័នមួយចំនួនដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំក្រុមការងារបច្ចេកទេសចំនួន ៤ ធនាគារជាតិនៃកម្ពុជា ដឹកនាំក្រុមការងារបច្ចេកទេសចំនួន ១ និងក្រសួងពាណិជ្ជកម្មដឹកនាំក្រុមការងារបច្ចេកទេសចំនួន ១។ រីឯក្រសួងមហាផ្ទៃដឹកនាំក្រុមការងារបច្ចេកទេសចំនួន ១ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំក្រុមការងារបច្ចេកទេសចំនួន ១ ក្រសួងអប់រំ យុវជន និងកីឡាដឹកនាំក្រុមការងារបច្ចេកទេសចំនួន ១ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដឹកនាំក្រុមការងារបច្ចេកទេស ចំនួន ១ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំក្រុមការងារបច្ចេកទេសចំនួន ២៕