ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​នៃ​ផ្សារ​មូល​បត្រ​កម្ពុជា (CSX) បាន​លើកឡើងថា ក្រុមហ៊ុន​មកពី​វិស័យ​សំណង់​មួយ ​គ្រោង​នឹងធ្វើ​ការបោះ​ផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​នាពេលខាងមុខ​នេះ ដើម្បី​ប្រមូល​ទុន​ក្នុង​ការយកទៅ​ពង្រីក​អាជីវក​កម្ម​របស់ខ្លួន​។​

​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ២៤ ខែកក្កដា​ថា នាពេល​បច្ចុប្បន្ននេះ ​ក្រុមហ៊ុន ​ដែល​មកពី​វិស័យ​សាងសង់​នេះ​ កំពុងធ្វើការ​ងារ​ផ្ទៃក្នុង​បន្ថែមទៀត ​ដើម្បី​ឆ្លើយតប​ទៅតាម​លក្ខខណ្ឌ​នៃ​ការចុះបញ្ជី​នានា​របស់​ផ្សា​រមូល​ប​ត្រ​។​

​លោក​បាន​ថ្លែងថា​៖«​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​មកពី​វិស័យ​សំណង់​បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​បោះផ្សាយ​មូល​ប​ត្រក​ម្មសិ​ទិ្ធ​នៅលើ​ផ្សារ​កំណើន​របស់​យើង ប៉ុន្តែ​ពួកគេ​នៅ​បន្ត​នីតិវិធី​មួយចំនួនទៀត​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការបោះ​ផ្សាយ​»​។

​លោក​ថា​៖ «​ក្រុមការងារ​បច្ចេកទេស​យើង​ ក៏បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​រៀបចំខ្លួន ​ឱ្យបាន​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​តម្រូវ​នានា ​ដែល​អាច​អនុ​ញ្ញា​ត្តិ​ឱ្យ​ពួកគេ​អាចធ្វើ​ការបោះ​ផ្សាយបាន​ក្នុងការ​ប្រមូល​ទុន​ដើម្បី​យកទៅ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​»​។ តែ​ទោះជា​យ៉ាងណាក៏ដោយ លោក​សុំ​មិន​បញ្ចេញ​នូវ​ឈ្មោះ​របស់​ក្រុមហ៊ុន​នៅពេល​នេះឡើយ ដោយសារ​ទុកឱ្យ​ក្រុមហ៊ុន​បន្ត​នីតិវិធី​និង​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ខ្លួនឯង​។​

​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​អាស៊ី និង​ប៉ាស៊ីហ្វិក (ESCAP) ​វិទ្យាស្ថាន​កំណើន​បៃតង​សកល (GGGI) និង​និយតករ​មូល​ប​ត្រ​កម្ពុជា (SERC) សហការ​ជាមួយ​មូលនិធិ ការធានា​ឥណទាន និង​មធ្យោបាយ​វិនិយោគ ​(CGIF)​ និង​ក្រុមហ៊ុន GuarantCo ​ដែលជា​ផ្នែក​មួយ​នៃ​ក្រុម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឯកជន នៅ​ថ្ងៃទី​២៦ ​ខែមិថុនា បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ការជំរុញ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​និរន្តរភាព​នៅ​កម្ពុជា​ ហើយក៏​បានប្រកាសថា​ ក្រុមហ៊ុន​បោះផ្សាយ​សញ្ញា​បណ្ណ​វិស័យ​ឯកជន​ចំនួន ​៣ ​ត្រូវបាន​ជ្រើសរើស ហើយនឹង​ត្រូវ​បានផ្តល់​ការគាំទ្រ​ ដល់​ការចេញ​សញ្ញា​បណ្ណ​បៃតង និង​និរន្តរភាព​នៅ​ឆ្នាំ ២០២៣​។​ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ពី ESCAP​។​

​ក្រុមហ៊ុន​ទាំងបី​នេះ​ នឹង​ប្រមូល​មូលនិធិ​ប្រហែល ៩៥ ​លាន​ដុល្លារ​ សម្រាប់​ការចុះបញ្ជី​សញ្ញា​បណ្ណ​បៃតង​នាពេលខាងមុខ ​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​។ ក្រុមហ៊ុន​ទាំងបី​នោះ គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែលជា​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ​ទទួល​ប្រាក់​បញ្ញើ​នៅ​កម្ពុជា គ្រោង​នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​និរន្តរភាព​ក្នុង​ទំហំ​ទឹកប្រាក់ ៥០ ​លាន​ដុល្លារ​។

ក្រុមហ៊ុន Golden Tree Co. Ltd​ ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ ដែល​នឹងត្រូវ​ទទួលបាន​គាំទ្រ​ ក្នុងការ​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​ លើក​ទី​ពីរ​ក្នុង​ទំហំ​ទឹកប្រាក់ ២៥​ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការអភិវឌ្ឍ​សំណង់​បៃតង និង​ក្រុមហ៊ុន Royal Group Phnom Penh SEZ ជា​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ​ជា​សាធារណៈ ​ដែល​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ហើយនឹង​ទទួលបាន​គាំទ្រ​ក្នុងការ​បោះផ្សាយ​សញ្ញា​បណ្ណ​និរន្តរភាព​ក្នុង​ទំហំ​ទឹកប្រាក់​ ២០ ​លាន​ដុល្លារ​។​

​យោងតាម​លោក ហុង សុ​ហ៊ួ​រ​ ទីផ្សារ​ភាគហ៊ុន​ ដែល​គិត​មក​ត្រឹម​ថ្ងៃទី​២៧ ខែមិថុនា CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន ​១៩ ដែល​រួមមាន​ក្រុមហ៊ុន​ចំនួន​ ១០ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន ​(៨​ ក្រុមហ៊ុន ​នៅ​ទីផ្សារ​គោល និង ២​ ក្រុមហ៊ុន​ទីផ្សារ​កំណើន​)​ ក្រុមហ៊ុន​ទាំង​ ១០ ប្រមូល​ទុន​ពី​ទីផ្សារ​សរុប​ប្រមាណ​ជា ១២៤ លាន​ដុល្លារ​អាមេរិក។​ ហើយ​ ​៩ ទៀត​បាន​ចុះបញ្ជី​ជា​សញ្ញា​បណ្ណ​សាជីវកម្ម​ បើ​រាប់បញ្ចូល​ទាំង​សញ្ញា​បណ្ណ​បំណុល​សរុប​ប្រមាណ​ជា​ ៣២៣,៥​ លាន​ដុល្លារ​អាមេរិក​៕