ភ្នំពេញៈ ការវិនិយោគផ្ទះអភិរក្ស និងតម្លៃផលិតផលត្រចៀកកាំ ត្រូវរំពឹងថា នឹងកើនឡើងខ្ពស់នៅពេលអាជ្ញាធរចិនអនុញ្ញាតឱ្យកម្ពុជានាំចូលផលិតផលខាងលើទៅទីផ្សារចិនជាផ្លូវការ ខណៈដោយសារតែមិនទាន់មានទីផ្សារផ្លូវការបច្ចុប្បន្នកម្ពុជាបង្ខំចិត្តលក់ឱ្យប្រទេសជិតខាងរាប់សិបតោនក្នុង ១ ឆ្នាំៗ។
រដ្ឋាភិបាលកម្ពុជាកន្លងមកបានស្នើសុំឱ្យប្រទេសចិនពិនិត្យលទ្ធភាពទទួលទិញផលិតផលត្រចៀកកាំកម្ពុជា ខណៈការរង់ចាំត្រូវអូសបន្លាយពេលដោយសារអាជ្ញាធរចិនធ្វើការពិនិត្យប្រភេទមុខទំនិញដែលស្នើសុំម្តង ១ មុខៗ។ គិតមកដល់ពេលនេះផលិតផលក្នុងវិស័យកសិកម្មដែលភាគីចិនអនុញ្ញាតឱ្យកម្ពុជានាំចូលជាផ្លូវការមានដូចជា ចេក ស្វាយ ម្រេច មៀនប៉ៃលិន និងផលិតផលសមុទ្រមួយចំនួន។
ប្រធានសមាគមត្រចៀកកាំខ្មែរ លោក ស៊ុយ កុកធាន ដែលបច្ចុប្បន្នមានម្ចាស់ផ្ទះអភិរក្សត្រចៀកកាំជាង ១ ០០០ ជាសមាជិកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែកក្កដាថា បច្ចុប្បន្នដោយសារមិនមានទីផ្សារនាំចេញផ្លូវការទៅប្រទេសចិន កម្ពុជាបាននាំចេញផលិតផលត្រចៀកកាំស្ទើរទាំងអស់ទៅលក់ឱ្យប្រទេសវៀតណាម និងប្រទេសថៃតិចតួច។ សម្រាប់បរិមាណសល់តិចជាង ១០ ភាគរយត្រូវបានកែច្នៃក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «ទោះជាមិនមានតួលេខពិតប្រាកដ ប៉ុន្តែបើតាមការព្យាករគឺការប្រមូលផលសម្បុកត្រចៀកកាំនៅកម្ពុជា ១ ឆ្នាំៗ មានបរិមាណមិនក្រោម ១០០ លានដុល្លារនោះទេ»។
លោកប្រាប់ថា ការមិនមានទីផ្សារនាំចេញផ្លូវការបានធ្វើឱ្យកម្ពុជាខាតបង់ប្រាក់ជាច្រើនលានដុល្លារក្នុង ១ ឆ្នាំ។ បើកម្ពុជាមានទីផ្សារនាំចេញជាផ្លូវការទៅប្រទេសចិន វានឹងជួយលើកទឹកចិត្តអ្នកវិនិយោគឱ្យពង្រីកផលិតកម្ម ព្រោះប្រជាជនខ្មែរក៏និយមទទួលទានផលិតផលពីសម្បុកត្រចៀកកាំផងដែរ។ លោកបន្តថា កន្លងមកលោកធ្លាប់បានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម និងទទួលព័ត៌មានថា ការចរចារវាងកម្ពុជាចិនសម្រាប់ទីផ្សារផលិតផលសម្បុកត្រចៀកកាំអាចនឹងរួចរាល់នៅចុងឆ្នាំ ២០២៣។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា បន្ទាប់ពីប្រទេសចិនអនុញ្ញាតឱ្យកម្ពុជានាំចេញដោយផ្ទាល់ ផលិតផលត្រចៀកកាំនឹងជួយឱ្យកម្ពុជាទទួលបានទឹកប្រាក់កាន់តែច្រើនសម្រាប់ផលិតកម្មមួយនេះ ខណៈបច្ចុប្បន្នបើតាមការប្រមើលមើល គឺផលិតផលត្រចៀកកាំជាង ៩០ ភាគរយដែលប្រមូលបាន ត្រូវបាននាំចេញទៅក្រៅប្រទេសតាមរយៈទីផ្សារប្រទេសវៀតណាម និងមួយចំនួនតាមប្រទេសថៃ។ ការនាំទៅប្រទេសជិតខាងដែលភាគច្រើនជាផលិតផលពាក់កណ្តាលសម្រេចបែបនេះ បានធ្វើឱ្យកម្ពុជាខាតបង់ប្រាក់ជាច្រើនលានដុល្លារក្នុង ១ ឆ្នាំៗ»។
ដោយសារតែមិនមានទីផ្សារចិន តម្លៃសម្បុកត្រចៀកកាំកម្ពុជាក្នុងរយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះ គឺមិនសូវខ្ពស់ទេ ដោយសម្បុកមិនទាន់សម្អាត មានតម្លៃចន្លោះពី ៤០០-៧៥០ ដុល្លារ ក្នុង ១ គីឡូក្រាម និងសម្អាតរួច តម្លៃចាប់ពី ៨០០ - ១ ០០០ ដុល្លារ។ តម្លៃនេះ គឺធ្លាក់ចុះប្រមាណ ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ បច្ចុប្បន្នសម្បុកត្រចៀកកាំល្អ និងសម្អាតស្អាតមានតម្លៃចន្លោះពី ៣ ០០០ - ៤ ០០០ ដុល្លារនៅលើទីផ្សារប្រទេសចិន។ នេះបើយោងតាមលោក កុកធាន។
លោកបានបញ្ជាក់ថា៖ «ប្រទេសចិន គឺមានតម្រូវការផលិតផលពីសម្បុកត្រចៀកកាំច្រើន ដូច្នេះបើអាចនាំចេញជាផ្លូវការ វានឹងជួយឱ្យតម្លៃសម្បុកត្រចៀកកាំកម្ពុជាកាន់តែខ្ពស់ ខណៈគុណភាពសម្បុកត្រចៀកកាំកម្ពុជា គឺមានគុណភាពល្អ ព្រោះកម្ពុជាមិនសូវមានផ្សែង ឬខ្សល់មិនល្អនោះទេ»។
យោងតាមលោក កុកធាន បច្ចុប្បន្នផ្ទះអភិរក្សត្រចៀកកាំមានច្រើននៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដោយក្នុង ១ ឆ្នាំៗប្រទេសទាំង ២ រកចំណូលបានរាប់ពាន់លានដុល្លារ។
ទាក់ទងនឹងចំនួនផ្ទះអភិរក្សត្រចៀកកាំនៅកម្ពុជា លោក កុកធាន ប្រាប់ថា មិនមានទិន្នន័យពីចំនួនផ្ទះអភិរក្សនោះទេ ប៉ុន្តែចំនួននេះបានកើនឡើងច្រើនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។
ក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅទីផ្សារប្រទេសចិន កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា លោក Wang Wentian បានលើកឡើងថា បច្ចុប្បន្នកម្ពុជា-ចិន កំពុងខិតខំជំរុញការនាំចេញផលិតផលមួយចំនួន ដូចជា ម្រេច ផលិតផលវារីវប្បកម្ម សត្វព្រៃ សត្វក្នុងទឹក ដែលអាចបរិភោគបាន សម្បុកត្រចៀកកាំ និងដូង ជាដើមទៅប្រទេសចិន៕