បាត់ដំបងៈ ទំពាំងបារាំងជាដំណាំបន្លែមួយប្រភេទដែលនាំពូជពីបរទេសមកដាំក្នុងស្រុក ហើយវាមានអាយុកាលដុះចន្លោះពី ១៥ ដល់ជាង ២០ ឆ្នាំទើបងាប់ទៅវិញ។ ដំណាំនេះត្រូវបានបុរសម្នាក់ដាំលើផ្ទៃដីទំហំ ៤ ហិកតា នៅខេត្តបាត់ដំបង ហើយក៏កំពុងតែមានតម្រូវការទីផ្សារខ្ពស់ផងដែរ។
បើគេមើលពីចម្ងាយអាចនឹងគិតថាគ្រាន់តែជាវាលស្មៅប៉ុណ្ណោះ ដោយសារតែឃើញទេសភាពស្មៅពណ៌ខៀវខ្ចី។ តែតាមពិតទៅវាជាចម្ការដំណាំទំពាំងបារាំងរបស់លោកស៊ូ ប៊ុន្នី ដែលស្ថិតក្នុងភូមិជីនៀងក្រោម ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោក ស៊ូ ប៊ុន្នី អាយុ ៥៥ ឆ្នាំ ជាម្ចាស់ចម្ការដំណាំទំពាំងបារាំងបានឱ្យដឹងថា លោកមានកូនប្រុស ៣ នាក់ ដែលកូនច្បងមានអាយុ ២៥ ឆ្នាំ ហើយលោក និងភរិយាបានប្រកបរបរដាំបន្លែទំពាំងបារាំងតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ កាលពីដើមឡើយ លោកមិនមានបច្ចេកទេសដាំទំពាំងបារាំងអីទេ តែដោយសារលោកចង់ចាប់យករបរដាំដំណាំប្រភេទនេះ លោកបានទៅធ្វើជាកម្មករស៊ីឈ្នួលដាំទំពាំងបារាំងនៅស្រុកថៃអស់រយៈពេល ៦ ខែ។ ការដែលសុខចិត្តទៅធ្វើជាកម្មករគេក៏ដោយសារតែលោកចង់បានបទពិសោធន៍ជាក់ស្តែង ប្រសើរជាងរៀនតែទ្រឹស្តី។
លោកបន្តថា បន្ទាប់ពីបានបទពិសោធន៍ គួបផ្សំនឹងលោកមានមិត្តភក្តិម្នាក់ជាជនជាតិថៃ ហើយគេក៏ជាគ្រូបង្រៀននៅសាកលវិទ្យាល័យកសិកម្មផងនោះ ក៏បានបង្ហាត់លោកពីបច្ចេកទេសដាំដំណាំទំពាំងបារាំងរហូតលោកបានចេះពីពេលនោះមក។ ដោយមានទាំងបទពិសោធន៍ផ្ទាល់ រួមទាំងចេះវិធីដាំដុះផងនោះ ទើបនៅក្នុងឆ្នាំ ២០១៧ លោកបានទិញគ្រាប់ពូជពីប្រទេសថៃក្នុង ១ គីឡូក្រាមតម្លៃ ១ ពាន់ដុល្លារយកមកបណ្តុះដោយខ្លួនឯង។
លោកប្រាប់ថា៖ «បើយើងប្រៀបធៀបទៅនឹងតម្លៃវិញខ្ញុំគិតថាមិនថ្លៃទេ ព្រោះបើយើងដាំដំឡូងក៏ត្រូវចំណាយទុនអស់ប្រហែលពី ៧០០ ទៅ ៨០០ ដុល្លារដែរ ក្នុង១ ហិកតា។ ចំពោះដំឡូងមីអាយុរបស់វាបានតែ ១ ឆ្នាំទេ ហើយអានេះ[ទំពាំងបារាំង]អាយុរហូតដល់ ១៥ ទៅជាង ២០ ឆ្នាំឯណោះ»។
បើតាមលោក ប៊ុន្នី ចំពោះបច្ចេកទេសបណ្តុះពូជវិញ មុនដំបូងលោកយកគ្រាប់មកបណ្តុះក្នុងថ្នាលឱ្យចេញពន្លករួចយកទៅដាំនៅក្នុងចម្ការដោយរៀបចំជាប្រព័ន្ធទឹកវិលសម្រាប់ស្រោច។ ដើម្បីឱ្យដើមវារឹងមាំមិនឆាប់ងាប់គឺលោកត្រូវបណ្តុះ ហើយទុកវានៅក្នុងថ្នាលរហូតបានអាយុ ៥ ខែ ទើបដកទៅដាំនៅលើដីរាបស្មើ តែត្រូវឧស្សាហ៍ស្រោចទឹក និងជម្រះស្មៅ និងពូនគល់វាផងដែរ។ លោកចាប់ផ្តើមប្រមូលផលពីដំណាំទំពាំងបារាំងនេះ អស់រយៈពេលប្រមាណជា ៦ ទៅ ៧ ឆ្នាំមកហើយ។
លោកបានឱ្យដឹងថា កាលពីមុនមានវិបត្ដិជំងឺកូវីដ ១៩ គឺលោកអាចប្រមូលផលបានចន្លោះពី ២០០ ទៅ ៤០០ គីឡូក្រាម ក្នុង ១ ថ្ងៃ និងលក់ចំណេញបានប្រាក់ពី ៣ ទៅ ៤០០ ដុល្លារដែរ។ សម្រាប់នៅខេត្តបាត់ដំបងមានអ្នកដាំដំណាំនេះខ្លះដែរ តែដាំមិនបាន ព្រោះអាចមកពីពួកគាត់មិនចេះពីបច្ចេកទេសដាំក៏មិនដឹង។
លោកបានបញ្ជាក់ថា កាលពីសម័យកូវីដ លោកបានយកបន្លែទំពាំងបារាំងជាង ៣ តោនមកបោះឱ្យម៉ូយនៅរាជធានីភ្នំពេញ តែត្រូវបោះចោលទាំងអស់ ព្រោះនៅកន្លែងណាក៏ជាប់គាំង សុទ្ធតែតំបន់ក្រហមទាំងអស់។
បើលោកចង់ចូលយកឱ្យម៉ូយក៏ចូលមិនបាន រីឯម៉ូយចង់ចេញមកយកទំនិញរបស់លោកក៏ចេញមកមិនបានអ៊ីចឹងមានតែលក់ឡាយឡុងបានប៉ុន្មានយកប៉ុណ្ណឹងទៅ ប៉ុន្តែចាប់តាំងពីជំងឺកូវីដស្បើយបន្តិចម្តងៗទៅ បន្លែរបស់លោកក៏ចាប់មានតម្រូវការឡើងវិញដែលក្នុង ១ ថ្ងៃៗ លោកកាត់លក់បានចន្លោះពី ៥០ ទៅ ៦០ គីឡូក្រាមដោយក្នុង ១ គីឡូក្រាមលក់ថ្លៃ ១២ ០០០ រៀលឱ្យទៅក្រុមហ៊ុន ហើយក្រុមហ៊ុនក៏លក់បន្តនៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ។
បើតាមលោក ប៊ុន្នី ក្រៅពីលោកលក់ឱ្យក្រុមហ៊ុន គឺលោកក៏បានលក់ទៅតាមការកុម្ម៉ង់ពីអតិថិជនតាមអនឡាញផងដែរដោយអ្នកកុម្ម៉ង់មាននៅក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម សៀមរាប និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម។
ចំពោះអតិថិជនវិញតែងបញ្ជាទិញពីលោកម្តងៗចន្លោះពី ១០ ទៅ ២០ គីឡូក្រាម ហើយលោកបានលក់ជារៀងរាល់ថ្ងៃ ព្រោះក្នុងផ្ទៃដី ៤ ហិកតានេះ លោកអាចកាត់ដើមទំពាំងបារាំងវិលជុំបានទៀងទាត់។ ប៉ុន្តែបច្ចុប្បន្ន លោកបានកាត់បន្ថយកមុ្មករអស់ ៩ នាក់ហើយដែលខុសកាលពីមុនមានការរាតត្បាតជំងឺកូវីដ គឺលោកមានកម្មកររហូត ១៥ នាក់ តែទោះជាយ៉ាងណា លោកមិនបោះបង់ដំណាំទំពាំងបារាំងរបស់លោកចោលទេ។
លោកឱ្យដឹងទៀតថា បន្លែទំពាំងបារាំងនេះ បើយោងទៅតាមឯកសារកសិកម្មរបស់ប្រទេសថៃបានបញ្ជាក់ថា ជាប្រភេទអាហារដែលជួយបំប៉នដល់សុខភាពដោយក្នុង ១០០ ក្រាម គឺវាមានជិត ២០ ប្រភេទវីតាមីនឯណោះ។ ពិសេសខ្លួនលោកផ្ទាល់ដែលធ្លាប់ដកពិសោធន៍គឺពីមុនលោកខ្សោយបេះដូង បើឮស៊ីហ្រ្វ្លេឡានគឺលោកភ្ញាក់តែម្តង ក៏ប៉ុន្ដែឥឡូវលោកលែងភ្ញាក់ដូចមុនទៀតហើយ។ «បើខ្សោយក្រលៀន ខ្សោយតម្រងនោម បើយើងហូបទំពាំងបារាំងញឹកញាប់ទៅក៏ជួយកាត់បន្ថយបញ្ហាជំងឺនេះដែរ»។
ពាក់ព័ន្ធនឹងការដាំបន្លែទំពាំងបារាំងនេះ លោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំពោះព័ត៌មានទាក់ទងនឹងបុរសខាងលើ គឺគាត់បានដាំដំណាំនេះយូរគ្រាន់បើដែរហើយ ពីព្រោះគាត់បានចេញទៅប្រទេសថៃ ហើយគាត់យកគ្រាប់មកបណ្តុះដាំ។ «ចំពោះទីផ្សារវិញ គឺគាត់មានដៃគូរបស់គាត់ឱ្យដាំ ហើយគេទិញពីគាត់វិញ»៕