ភ្នំពេញៈ វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ខណៈពាណិជ្ជកម្មទ្វេភាគីបានគ្របដណ្ដប់ជិត ៥០ ភាគរយនៃពាណិជ្ជកម្មសរុបរវាងកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀត នៅឆមាសទី១ ឆ្នាំ ២០២៣ នេះ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣។
របាយការណ៍ដដែល បានបង្ហាញថា ក្នុងឆមាសទី១ នេះ កម្ពុជា បាននាំចេញទៅវៀតណាម ក្នុងទំហំទឹកប្រាក់ ជាង ១ ៤២៩ លានដុល្លារ កើនឡើងជិត ២២ ភាគរយ ខណៈដែលកម្ពុជា នាំចូលពីវៀតណាមមកវិញមានទំហំទឹកប្រាក់ជាង ១ ៨៧២ លានដុល្លារ ថយចុះជាង ១០ ភាគរយ បើធៀបនឹងឆមាសទី១ ក្នុងឆ្នាំ ២០២២។
បែបនេះក្តី ទំហំពាណិជ្ជកម្មសរុប ប្រទេសទាំង ២ មានតម្លៃទឹកប្រាក់ជាង ៣ ៣០២ លានដុល្លារ នៅតែកើនក្នុងកម្រិតតិចតួចដែរ គឺប្រមាណ ១,៣ ភាគរយ។
បើតាមតារាងទិន្នន័យពីគយកម្ពុជានេះ វៀតណាម ឈរលំដាប់ទី៣ ជាប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា តាមពីក្រោយចិន នៅលំដាប់ទី១ និងសហរដ្ឋអាមេរិក ឈរលំដាប់ទី២។ តែបើចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសសមាជិកអាស៊ានវិញវៀតណាម បានក្លាយជាប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេបំផុត ជាមួយនឹងប្រទេសកម្ពុជា។
តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យវៀតណាម ក្លាយជាដៃគូពាណិជ្ជកម្មជាមួយកម្ពុជា ដ៏ធំបែបនេះ?
មែនទែនទៅ វៀតណាម និងកម្ពុជា ជាប្រទេសភូមិផងរបងជាមួយគ្នាដោយខេត្តរបស់កម្ពុជា ជិតពាក់កណ្តាល រួមមាន ដូចជា ខេត្តកណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តកំពត មានព្រំដែនជាប់នឹងប្រទេសវៀតណាមតែម្តង។ ដោយមូលហេតុនេះហើយបានធ្វើឱ្យពលរដ្ឋនៃបណ្តាខេត្តទាំងនេះ មានទំនាក់ទំនងយ៉ាងជិតជាមួយនឹងឈ្មួញ និងពលរដ្ឋវៀតណាម តាមរយៈការដោះដូរពាណិជ្ជកម្ម នៅតាមច្រកព្រំដែន និងច្រករបៀងនានា។
ភាពអំណោយផលនៃស្ថានភាពភូមិសាស្ត្រនេះហើយ បានជំរុញឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជាបន្តកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅឆមាសទី១ នេះ ការនាំចេញទៅវៀតណាម ហាក់មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ នេះជាការលើកឡើងពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ដោយលោកបញ្ជាក់ផងដែរថា មានកត្តាសំខាន់ៗមួយចំនួន ដែលបានជំរុញកំណើនពាណិជ្ជកម្ម ប្រទេសទាំង ២។
លោកមានប្រសាសន៍ថា៖ «ទី១ កម្ពុជា និងវៀតណាម មានព្រំដែនជាប់គ្នាដែលបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន កាត់បន្ថយថ្លៃដើម ជាកត្តាមួយដែលជំរុញឱ្យទំហំពាណិជ្ជកម្មនេះមានការរីកចម្រើន។ ទី២ យើងសង្កេតឃើញមានទំនិញជាច្រើន ដែលវៀតណាមបានបង្កើនការបញ្ជាទិញពីយើង ដើម្បីយកទៅកែច្នៃសម្រាប់នាំចេញ ដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី កៅស៊ូឆៅ។ល។ ហើយក៏មាននាំចូលគ្រឿងឧបភោគបរិភោគ ដែលកែច្នៃរួចពីវៀតណាម និងសម្ភារសំណង់មួយចំនួនផងដែរ»។
រីឯកត្តាទី៣ វិញ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានកត់សម្គាល់ឃើញថា ការណ៍ដែលវៀតណាម បានចាប់ផ្តើមបង្កើនការទិញផលិតផលកសិកម្ម ដែលជាវត្ថុធាតុដើមពីកម្ពុជាបែបនេះ ដោយសារតែវៀតណាមទើបតែទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបដែលនេះក៏ជាកត្តាសំខាន់មួយផងដែរ។ បើនិយាយពីស្ថានភាពព្រំដែនជាប់គ្នា ថៃក៏មានព្រំដែនជាប់គ្នាជាមួយកម្ពុជាដែរ ហេតុអ្វីបានទំហំពាណិជ្ជកម្ម កម្ពុជា ជាមួយថៃ តិចជាង ជាមួយវៀតណាម?
លោក ប៉ែន សុវិជាតិ បានពន្យល់បន្ថែមថា៖ «មិនទៀងទេ ថៃ នៅឆ្នាំខ្លះក៏មានទំហំពាណិជ្ជកម្មជាមួយកម្ពុជាលើសវៀតណាមដែរ។ យើងទទួល ស្គាល់ ការដោះដូរទំនិញរវាងថៃ និងកម្ពុជាមានការកើនឡើងតាមរដូវកាល ដូចនេះ ចំពោះទំនិញកសិផល បើប្រៀបធៀបរវាងប្រទេសទាំង ២ ថៃ និងវៀតណាម យើងនាំចេញទៅវៀតណាម មានលក្ខណៈងាយស្រួលជាង ទោះជាថៃមានព្រំដែនជាប់យើងដែរក្តី»។
ឯខាងវិស័យឯកជន និងអ្នកវិភាគសេដ្ឋកិច្ចកម្ពុជាវិញ យល់ឃើញថា វៀតណាម គឺជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់មួយរបស់កម្ពុជា ដែលមិនអាចខ្វះបាន ទាំងក្នុងតំបន់ និងពិភពលោក។ អនុប្រធាន និងជាអ្នកនាំពាក្យសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា វៀតណាម គឺជាទីផ្សារដ៏ធំរបស់កម្ពុជា ក្នុងការនាំចេញវត្ថុធាតុដើម ជាពិសេសផលិតផលកសិកម្ម។
លោកបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំង ២ (កម្ពុជា-វៀតណាម) បានឯកភាពបង្កើតបន្ទាត់ព្រំដែនសន្តិភាពដោយបានបង្កើតទីផ្សាររួមគ្នានៅតាមច្រកព្រំដែនមួយចំនួនហើយហើយប្រទេសទាំង ២ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរួចជាស្រេច ខណៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-បាវិតបានចាប់ផ្តើមសាងសង់ទៀតផងនោះ ច្បាស់ណាស់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ កាន់តែមានភាពមមាញឹក»។ «មិនត្រឹមតែប៉ុណ្ណេះទេ ប្រទេសទាំង ២ ថែមទាំងមានគម្រោងបង្កើតព្រំដែនសន្តិភាពរួមគ្នានាពេលអនាគតថែមទៀត។ យើងសង្ឃឹមថា ប្រទេសវៀតណាម មានសេដ្ឋកិច្ចល្អប្រសើរ ព្រោះនៅពេលវៀតណាម មានសេដ្ឋកិច្ចល្អ វានឹងជំរុញការនាំចេញរបស់កម្ពុជាយើងដែរ។ដោយសារតែ ផលិតផលកសិកម្មយើងភាគច្រើន ទាំងកែច្នៃ និងមិនទាន់កែច្នៃ គឺពឹងលើទីផ្សារវៀតណាម និងថៃនេះហើយ បើគ្មានប្រទេសទាំង ២ នេះ យើងអាចនឹងលំបាក»។
ចំពោះទីផ្សារនាំចេញផលិតផលកសិកម្ម កម្ពុជាពឹងផ្អែកច្រើនលើវៀតណាម តែកម្ពុជា ក៏នាំចូលផលិតផលកសិកម្មពីវៀតណាមមកបំពេញសេចក្តី ត្រូវការក្នុងស្រុកវិញ ក៏មិនតិចដែរ ក្នុង ១ ឆ្នាំៗ ជាពិសេសបន្លែ ផ្លែឈើ និងផលិតផលគ្រឿងឧបភោគបរិភោគ ដែលកែច្នៃរួច។
លោក យ៉ង ប៉ាក់ អ្នកជំនាញកសិកម្មនៅកម្ពុជា យល់ឃើញថា ប្រទេស ២ ដែលមានព្រំដែនជាប់គ្នា តែងតែមានការដោះដូរទំនិញគ្នាទៅវិញមកជារឿងធម្មតា ជាពិសេសផលិតផលកសិកម្ម មានន័យថា កម្ពុជានាំចេញ ផលិតផលកសិកម្ម ជាដំណាំឧស្សាហកម្ម ដែលវៀតណាមខ្វះខាតក្នុងស្រុក សម្រាប់កែច្នៃនាំចេញបន្ត ហើយកម្ពុជានាំចូលពីវៀតណាមមកវិញនូវផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដូចជា បន្លែ ផ្លែឈើ ជាដើម។
លោកបានឱ្យដឹងថា ៖ «ឧទាហរណ៍ដូចជាបន្លែជាដើម យើងជាប្រទេសអ្នកដាំបន្លែ ប៉ុន្តែយើងមិនមែនផលិតបានបន្លែគ្រប់មុខទេ ព្រោះបន្លែមានច្រើនប្រភេទ មានបន្លែមើម បន្លែស្លឹក និងបន្លែឬស ជាដើម។ ដូចនេះបន្លែខ្លះយើងផលិតអត់បាន យើងត្រូវនាំចូលពីវៀតណាម ហើយបន្លែយើង ក៏យើងនាំទៅវៀតណាមវិញដែរ។ ដូចនេះជារឿងធម្មតាទេ សម្រាប់ការដោះដូរពាណិជ្ជកម្មរវាងប្រទេសជិតខាង»។
លោក យ៉ង ប៉ាក់ ចង់ឱ្យមានការគិតគូរទៅលើបញ្ហាមួយចំនួន ដើម្បីឱ្យកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់បន្លែ ផ្លែឈើ ឱ្យបានគ្រប់គ្រាន់សម្រាប់ក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល។យោបល់របស់លោកគឺ ការពង្រឹងលើសហគមន៍កសិកម្ម,ការរៀបចំកន្លែងកែច្នៃ ឱ្យបានយ៉ាងហោច ១ ខេត្ត ១, ការផ្តល់ដើមទុនដល់កសិករ ក្នុងអត្រាការប្រាក់ទាបជាដើម។
អ្នកវិភាគ និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ ហាក់មានការយល់ឃើញស្រដៀងនឹងលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដែរ ដោយលោកបានសង្កេតឃើញថា កត្តាភូមិសាស្ត្រ និងការរីកលូតលាស់នៃសេដ្ឋកិច្ចវៀតណាម បានធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម កាន់តែមានការរីកចម្រើន។
«ខ្ញុំយល់ថា មិនថាពេលនេះ ឬក៏នៅពេលខាងមុខទេ វៀតណាមនៅតែជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់របស់កម្ពុជា ដោយសារតែការរីកលូតលាស់សេដ្ឋកិច្ចរបស់វៀតណាម មានសម្ទុះលឿនខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងពេលកូវីដ ១៩ នេះតែម្តង»។
នេះបើតាមលោក គី សេរីវឌ្ឍន៍ បានបញ្ជាក់បន្ថែម។ លោកបានអះអាងទៀតថា បច្ចុប្បន្ននេះ មានអ្នកវិនិយោគវៀតណាមជាច្រើនបានមកវិនិយោគនៅកម្ពុជា លើការដាំដុះនិងកែច្នៃ ផ្នែកដំណាំសាកវប្បកម្មដូចជា ចេក ស្វាយ ជាដើម និងមានវិនិយោគលើដំណាំកសិ-ឧស្សាហកម្មដូចជា កៅស៊ូ ដំឡូងមី ស្វាយចន្ទី។ នេះ ក៏ជាកត្តា ដែលជំរុញដល់កំណើននៃការនាំចេញទៅកាន់ប្រទេសវៀតណាមផងដែរ។
ជារួម យោងតាមការលើកឡើង ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងពាណិជ្ជកម្ម វិស័យឯកជន អ្នកជំនាញកសិកម្ម និងអ្នកវិភាគសេដ្ឋកិច្ច ក្នុងស្រុកឃើញថា កត្តាសំខាន់ៗ ដែលជំរុញឱ្យវៀតណាម ក្លាយជា ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា គឺកតា្តភូមិសាស្ត្រព្រំដែន និងការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ចរបស់វៀតណាម ដែលបានធ្វើឱ្យការដោះដូរពាណិជ្ជកម្មរបស់ប្រទេសទាំង ២ មានកំណើនជាបន្តបន្ទាប់ ពិសេសនៅពេលសេដ្ឋកិច្ចវៀតណាមមានភាពល្អប្រសើរ នឹងជួយជំរុញដល់កំណើនទីផ្សារកសិកម្មកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត៕