ភ្នំពេញៈ កម្ពុជារំពឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអន្តរជាតិនឹងកើនឡើងកាន់តែខ្ពស់ ដើម្បីសម្រេចតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការក្លាយជាអ្នកនាំចេញធំជាងគេលើពិភពលោកនាពេលដ៏ខ្លីខាងមុខ ខណៈក្រសួងពាណិជ្ជកម្មកម្ពុជាគ្រោងនឹងរៀបចំសន្និសីទស្វាយចន្ទីពិភពលោក ឆ្នាំ ២០២៤។
ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា អ្នកដាំដុះ និងអ្នកនាំចេញដើម្បីធ្វើសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីផ្តល់ឱកាសដល់អ្នកធ្វើការ និងរកស៊ីពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីថ្នាក់ជាតិនិងអន្តរជាតិ ក្នុងការស្វែងយល់អំពីសក្តានុពលវិស័យស្វាយចន្ទី និងការដាំដុះដំណាំនេះនៅប្រទេសកម្ពុជា មុននឹងពិចារណាវិនិយោគលើការកែច្នៃ និងដាំដុះ។ នេះបើតាមការលើកឡើងរបស់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
លោកថ្លែងថា៖ «រដ្ឋាភិបាលទើបដាក់ចេញគោលនយោបាយជាតិស្វាយចន្ទីដែលសំដៅជំរុញការនាំចេញ ការដាំដុះ និងការកែច្នៃ ជាពិសេសគឺទាក់ទាញវិនិយោគិនមកលើវិស័យនេះ ដើម្បីធ្វើយ៉ាងណាប្រែក្លាយកម្ពុជាទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីទាំងក្នុងតំបន់ និងអន្តរជាតិ។ សន្និសីទដែលយើងគ្រោងនឹងរៀបចំនេះគឺជាវេទិកាជួបជុំមួយដ៏មានសារៈសំខាន់ក្នុងការផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធជួបគ្នាដោយផ្ទាល់ដើម្បីស្វែងយល់អំពីកាលានុវត្តន៍ភាព និងឱកាសសម្រាប់ការចាប់ដៃវិនិយោគ និងបង្កើតរោងចក្រកែច្នៃនៅប្រទេសយើងដើម្បីនាំចេញ»។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សន្និសីទនេះនឹងដើរតួនាទីសំខាន់ក្នុងការបង្ហាញដល់វិនិយោគិនក្នុងស្រុក និងអន្តរជាតិឱ្យមកស្វែងយល់ និងចាប់អារម្មណ៍លើសក្តានុពលវិនិយោគលើការដាំដុះ និងកែច្នៃនៅកម្ពុជា»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ សន្និសីទស្វាយចន្ទីពិភពលោកបានរៀបចំឡើងនៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ដោយមានជាង ៤០ ប្រទេសចូលរួម។
សម្រាប់ឆ្នាំ ២០២៤ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនេះ ប្រធានសមាគម ស្វាយចន្ទីកម្ពុជា បានបង្ហាញក្ដីរំពឹងថា នឹងកាន់តែធ្វើឱ្យពិភពលោកស្គាល់ពីកម្ពុជាថែមទៀត ដែលជាប្រទេសមានទិន្នផលស្វាយចន្ទីឆៅច្រើន។
លោករំពឹងថា នឹងមានប្រទេសជាង ៤០ ចូលរួមសន្និសីទនាពេលខាងមុខ ដែលពួកគេមកពីវិស័យស្វាយចន្ទី មានដូចជា អ្នកកែច្នៃ អ្នកដាំដុះ អ្នកនាំចេញ អ្នកលក់ឧបករណ៍កែច្នៃ និងរោងចក្រវេចខ្ចប់ ដើម្បីមកស្វែងយល់លម្អិតអំពីសក្តានុពលនៃវិស័យនេះនៅកម្ពុជា។
លោកថ្លែងថា៖ «តាមរយៈសន្និសីទ ស្វាយចន្ទីពិភពលោកនាដើមឆ្នាំ ២០២៤ នឹងជំរុញ និងលើកកម្ពស់វិស័យស្វាយចន្ទីនៅកម្ពុជា ជំរុញការនាំចេញគ្រាប់ស្វាយចន្ទី។ វេទិកានេះ ក៏ជាប្លាតហ្វមមួយដ៏ល្អក្នុងការកៀរគរអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី ស្របពេលរដ្ឋាភិបាលបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះ»។
កាលពីចុងខែកុម្ភៈកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីបំណងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាអ្នកនាំចេញធំជាងគេមួយលើពិភពលោក ដោយលោកថ្លែងថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃក្នុងបរិមាណ ១ លានតោនក្នុង ១ ឆ្នាំរួចហើយ ខណៈការនាំចេញផលិតផលកែច្នៃនៅមានកម្រិតទាបនៅឡើយ។
លោកថ្លែងថា៖ «គោលនយោបាយស្វាយចន្ទីដែលយើងដាក់ចេញកាលពីប៉ុន្មានខែមុន គឺមានគោលបំណងដើម្បីទាក់ទាញវិនិយោគិនលើវិស័យកែច្នៃ។ យើងដឹងហើយថា ប្រទេសវៀតណាម និងឥណ្ឌាបានកែច្នៃនាំចេញទៅបណ្តាប្រទេសជាច្រើនលើពិភពលោក ប៉ុន្តែពួកគេក៏នាំចូលវត្ថុធាតុដើមផងដែរ។ ដូច្នេះបើពួកគេដឹងអំពីគុណតម្លៃនៃការកែច្នៃនៅប្រទេសកម្ពុជាយើង នោះយើងនឹងឈ្នះ-ឈ្នះទាំងអស់គ្នា»។
យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នផ្ទៃដីដាំស្វាយចន្ទីនៅកម្ពុជា មានប្រមាណជាង ៧០ ម៉ឺនហិកតា។ កាលពីឆ្នាំ ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅនៅលើពិភពលោកមានប្រមាណ ៥ លានតោន ក្នុងនោះ កម្ពុជាផលិតបានជាង ១,១៨ លានតោន ស្មើនឹង ២៤ ភាគរយ នៃការផលិតសរុប ដែលធ្វើឱ្យកម្ពុជាជាប់លេខ ១ ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក។
ចំណែកនៅឆ្នាំ ២០២២ កម្ពុជាផលិតបាន ៦៩ ម៉ឺនតោន ស្មើនឹង ១៦ ភាគរយ ជាប់ចំណាត់ថ្នាក់លេខ ២ ពិភពលោក។ ដោយឡែកក្នុងឆមាសទី ១ ឆ្នាំ ២០២៣ កម្ពុជាផលិតជាង ៦១ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម ចំនួនជាង ៥៧ ម៉ឺនតោន៕