ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួល ដើម្បីធានាឱ្យក្រុមហ៊ុនចិនចំនួន ៣ អាចដឹកជញ្ជូនកសិផលពីកម្ពុជាតាម មធ្យោបាយផ្លូវគោកដោយឆ្លងកាត់ឡាវ ឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន ក្រោយពីក្រុមហ៊ុនទាំងនេះបានជួបការលំបាកក្នុងការពឹងផ្អែកលើទីផ្សារថៃ និងវៀតណាម។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៦ ខែកក្កដាថា នៅក្នុងកិច្ចពិភាក្សារវាងវិនិយោគិនចិន និងទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី ២៤ ខែកក្កដា កន្លងទៅក្រុមហ៊ុនមួយចំនួន បានលើកឡើងពីការលំបាកកន្លងមក ចំពោះការនាំកសិផលរបស់កម្ពុជា ទៅលក់នៅចិន ត្រូវពឹងផ្អែកថៃ និងវៀតណាម ជាស្ពានដើម្បីនាំចេញ ដែលការដឹកជញ្ជូនតាមរយៈប្រទេសទាំង ២ នេះ មានភាពស្មុគស្មាញ និងថ្លៃចំណាយខ្ពស់។
លោក គង់ វិមាន បញ្ជាក់ថា៖ «ក្រសួងសាធារណការ បានពិនិត្យមើលផ្នែកច្បាប់ និងឯកសារផ្សេងដែលក្រុមហ៊ុនដាក់ជូនរួចហើយ។ បច្ចុប្បន្ន ក្រសួង កំពុងសម្របសម្រួល ដោយរំពឹងជោគជ័យ ដើម្បីធានាឱ្យអ្នកវិនិយោគចិន អាចដឹកជញ្ជូនកសិផលពីកម្ពុជាតាមមធ្យោបាយផ្លូវគោកដោយឆ្លងកាត់ឡាវ ឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន»។
លោកបានបន្តថា ផ្លូវពាណិជ្ជកម្មថ្មីនេះ ត្រូវចេញពីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ និងស្ទឹងត្រែង ទៅកាន់ឡាវ ហើយដឹកជញ្ជូនបន្តពីឡាវតាមរយៈរថភ្លើងល្បឿនលឿន ទៅចិនតែម្ដង។
លោក គង់ វិមាន បន្ថែមថា ការដឹកជញ្ជូនឆ្លងកាត់ឡាវ ឆ្ពោះទៅកាន់ប្រទេសចិនតាមរយៈផ្លូវគោកនេះ គឺមិនមានបញ្ហាអ្វីនោះទេ ដោយសារតែប្រទេសកម្ពុជា ជាមួយនឹងប្រទេសឡាវ និងប្រទេសចិន សុទ្ធតែមានកូតាជាមួយគ្នាស្រាប់ ជាពិសេសមានកិច្ចព្រមព្រៀងដឹកទំនិញឆ្លងកាត់ព្រំដែនជាមួយគ្នាផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖ «ខាងក្រុមហ៊ុនចិនទាំង ៣ នោះបានលើកឡើងថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ថៃ និងវៀតណាម ចំណាយច្រើន និងជួបការលំបាកក្នុងការធ្វើបែបបទនានា ប៉ុន្តែបើដឹកកាត់តាមឡាវវិញ ថ្វីដ្បិតតែចម្ងាយផ្លូវឆ្ងាយជាងបន្តិចមែន តែការចំណាយថ្លៃដឹកជញ្ជូន និងការបំពេញបែបបទនានាមានភាពងាយស្រួលជាង ទើបក្រុមហ៊ុនទាំងនេះ សម្រេចស្នើសុំមកក្រសួងជួយសម្រួលលើការងារនេះ»។
លោកឱ្យដឹងដែរថា កិច្ចការសម្របសម្រួលផ្លូវពាណិជ្ជកម្មនៅមិនមានភាពលំបាកប៉ុន្មាននោះទេ ព្រោះថា កម្ពុជា ចិន និងឡាវ សុទ្ធសឹងតែជាសមាជិកទន្លេមេគង្គ ដែលតែងតែផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ទន្ទឹមនេះ ប្រសិនបើ ក្រុមហ៊ុនចិនផ្សេងទៀត ចង់ឱ្យមានការសម្របសម្រួលពាក់ព័ន្ធនឹងការដឹកជញ្ជូនដូចគ្នានេះ ក្រសួងសាធារណការក៏នឹងបន្តជួយដើម្បីបង្កភាពងាយស្រួលដល់ការលើកកម្ពស់វិស័យកសិកម្មកម្ពុជា នៅលើឆាកអន្តរជាតិ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ រំពឹងដែរថា ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន កាន់តែមានភាពងាយស្រួល និងកាត់បន្ថយថ្លៃចំណាយ។ កសិផល ដែលនាំចេញទៅចិនតាមច្រកនេះភាគច្រើនមានដូចជា ស្វាយ, ទុរេន, ស្វាយចន្ទី, ម្នាស់ និងស្រូវអង្ករ ជាដើម។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានពន្យល់ដែរថា ជាការពិតណាស់ ការស្នើសុំរបស់ក្រុមហ៊ុនចិន នឹងផ្តល់ភាពចំណេញដល់គាត់ច្រើន ដោយសារតែពេលឆាប់ខាងមុខនេះ ក្រុមហ៊ុននឹងរៀបចំផែស្ងួតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណៈដែលក្រុមហ៊ុនទាំងនោះមានផលិតផលដាំដុះច្រើននៅខេត្តស្ទឹងត្រែង។
លោកបានប្រាប់ថា៖ «ដូចនេះការដឹកជញ្ជូនកសិផលរបស់គាត់ (ក្រុមហ៊ុនចិន) អាចនឹងចំណេញជាងដឹកទៅកាន់កំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញវាមានចម្ងាយឆ្ងាយដែរ។ នេះជាការល្អណាស់ ដែលមានការសម្របសម្រួលពីក្រសួងសាធារណការជូនគាត់ ដើម្បីធ្វើយ៉ាងណាឱ្យកសិផលរបស់យើងនាំចេញទៅបានច្រើន។ កាលណារដ្ឋាភិបាលមានការជួយសម្របសម្រួលបែបនេះ វាមានលក្ខណៈងាយស្រួលជាង ដោយសារការចរចាមានភាពស្មុគស្មាញ ទាល់តែរវាងរដ្ឋ និងរដ្ឋ ទើបអាចទៅរួច»។
លោកថា តម្រាយផ្លូវនាំចេញខ្លះអាចធ្វើទៅបាន បើតាម MoU ប៉ុន្តែការដឹកទំនិញឆ្លងកាត់នៅតែពិបាកដោយសារតែប្រទេសដែលត្រូវឆ្លងកាត់ ចង់បានផលប្រយោជន៍ដែរ បើសិនជាមិនមានប្រយោជន៍ គឺគេមិនអនុញ្ញាតឡើយ៕