ភ្នំពេញៈ កម្ពុជាបានរកចំណូលបានជិត ១៨៨ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅទីផ្សារអន្តរជាតិ នៅក្នុងឆមាសទី១ ឆ្នាំនេះ បើទោះបីតម្រូវការមានការធ្លាក់ចុះនៅទីផ្សារសកលក្តី។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ។
បើតាមរបាយការណ៍ដដែល ចំណូលពីការនាំចេញជ័រកៅស៊ូ ក្នុងឆមាសទី១ ឆ្នាំ ២០២៣ មានចំនួន ១៨៧ ១០៦ ៩៤៦ ដុល្លារ និងការនាំចេញឈើកៅស៊ូ ចំនួន ៨៤២ ០០៣ ដុល្លារ។ ក្នុងឆមាសទី១ ឆ្នាំនេះជ័រកៅស៊ូមានតម្លៃ ១ ៣៤៤ ដុល្លារក្នុង ១ តោន ថយចុះ ២៥២ ដុល្លារ ក្នុង ១ តោន ស្មើនឹង១៥,៨១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលនេះ គឺ ៣០៦ ដុល្លារ ក្នុង ១ ម៉ែត្រគុប។
លោក ម៉ែ សុភ័ក្ត្រ ប្រធានក្រុមហ៊ុនចម្ការកៅស៊ូសុភ័ក្ត្រនីកា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៦ ខែកក្កដាថា ទីផ្សារនាំចេញនៅតែបន្តទទួលរងសម្ពាធនៃការធ្លាក់ចុះនៃតម្រូវការដោយសារការអូសបន្លាយពេលនៃសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន ធ្វើឱ្យកាត់បន្ថយតម្រូវការជាសកល ខណៈសន្និធិជ័រកៅស៊ូនៅប្រទេសចិនក៏នៅសល់ច្រើនដែរ។
លោកបានថ្លែងថា៖ «ស្ថានភាពទូទៅនៃទីផ្សារនាំចេញរបស់យើងហាក់មានភាពថមថយបន្តិចដោយសារតម្រូវការសកលរាងចង្អៀតជាងមុន ខណៈតម្លៃក៏បានធ្លាក់ចុះផងដែរ។ ទីផ្សារធំ គឺប្រទេសចិន ប៉ុន្តែនៅពេលនេះរោងចក្រដែលត្រូវការផលិតជ័រកៅស៊ូនៅទីនោះគេនៅសល់សន្និធិច្រើនដែរ ដោយសារតែផលិតផលសម្រេចដែលផលិតចេញពីជ័រកៅស៊ូហាក់ពុំសូវមានតម្រូវការ»។
ជាមួយនឹងវត្តមាននៃការបន្តបើកដំណើរការរោងចក្រផលិតសម្បកកង់រថយន្តនៅខេត្តព្រះសីហនុ ក្រចេះ និងខេត្តស្វាយរៀង នឹងជួយស្រូបទាញយកជ័រកៅស៊ូក្នុងស្រុកនាពេលខាងមុខ។
លោក ម៉ែ សុភ័ក្ត្រ បានលើកឡើងទៀតថា វត្តមានរបស់បណ្តារោងចក្រផលិតសម្បកកង់រថយន្តនៅកម្ពុជាដែលកំពុងបើកដំណើរការនេះនឹងជួយដល់វិស័យឧស្សាហកម្មកៅស៊ូនៅកម្ពុជា។
លោកបានថ្លែងថា៖ «ខ្ញុំធ្លាប់ជួបពិភាក្សាជាមួយរោងចក្រផលិតសម្បកកង់រថយន្តនោះហើយដើម្បីចង់ដឹងអំពីលក្ខណៈ ឬស្តង់ដានៃជ័រកៅស៊ូដែលយើងអាចផ្គត់ផ្គង់។ តាមអ្វីដែលជាសេចក្តីត្រូវការរបស់គេនោះ គឺយើងអាចផលិតជ័រកៅស៊ូតាមតម្រូវការរបស់ពួកគេបាន»។
គិតមកទល់ពេលនេះក្រុមហ៊ុនលោកមានផ្ទៃដីដាំកៅស៊ូប្រមាណ ១,៤ ម៉ឺនហិកតា នៅខេត្តកំពង់ចាម និងកំពង់ធំ ហើយផ្ទៃដីដែលអាចចៀរជ័របានគឺជាង ១១ ម៉ឺនហិកតា ខណៈក្រុមហ៊ុនអាចធ្វើការនាំចេញបានពីចន្លោះ ១ ម៉ឺនតោនទៅ ១,៥ ម៉ឺនតោន ក្នុង ១ ឆ្នាំ។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ បច្ចុប្បន្នប្រទេសកម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៤ ៥៧៨ ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រ ៣១៥ ៣៣២ ហិកតា ស្មើនឹង ៧៨ ភាគរយ និងផ្ទៃដីថែទាំ ចំនួន ៨៩,២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ។
ក្នុងឆ្នាំ ២០២២ កម្ពុជារកចំណូលបានជាង ៥៣១ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ដោយចំណូលពីការនាំចេញជ័រកៅស៊ូ ៥២៧ ៧៧៤ ៥៦៩ ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ ដុល្លារ៕