ភ្នំពេញៈ កម្ពុជារកប្រាក់បានជិត ៣៣២ លានដុល្លារ ពីការនាំចេញកង់ទៅទីផ្សារអន្តរជាតិនៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ ធ្លាក់ចុះជិត ១/៣ ដងបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមក្រសួងពាណិជ្ជកម្ម។ទិន្នន័យនាំចេញទំនិញទៅក្រៅប្រទេសបានបង្ហាញថា ពីខែមករា-ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញកង់ ក្នុងទឹកប្រាក់សរុប ៣៣១,៩៥ លានដុល្លារ ធ្លាក់ចុះ ៣០,៥២ ភាគរយបើធៀបនឹងឆមាសទី ១ ឆ្នាំ ២០២២ ដែលមានចំនួន ៤៧៧,៧៤ លានដុល្លារ។
បើតាមក្រសួងពាណិជ្ជកម្មក្រៅពីនាំចេញកង់ កម្ពុជាក៏នាំចេញគ្រឿងបន្លាស់កង់ផងដែរ គឺចំនួន ៥៥២ ៣៣២ ដុល្លារ។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែកក្កដាថា ការធ្លាក់ចុះទឹកប្រាក់នាំចេញកង់ កាលពីឆមាសទី១ គឺដោយសារតែកំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសប្រទេសដែលបញ្ជាទិញកង់ពីកម្ពុជាជួបបញ្ហា ដែលជំរុញឱ្យប្រទេសនីមួយៗកាត់បន្ថយការចំណាយមិនចាំបាច់។ ក្រៅពីនេះការនាំចេញកង់ក៏ជួបនឹងការប្រកួតប្រជែងពីផលិតផលរបស់ប្រទេសផ្សេងៗផងដែរ។
លោកឱ្យដឹងទៀតថា ទីផ្សារនាំចេញកង់ និងគ្រឿងបន្លាស់ នឹងល្អប្រសើរឡើងវិញនៅពេលកំណើនសេដ្ឋកិច្ចពិភពលោករឹងមាំ។ ទោះយ៉ាងណា ការពង្រឹងគុណភាព និងស្វែងរកទីផ្សារថ្មីៗគឺជាកិច្ចការចាំបាច់ដែលត្រូវតែធ្វើឱ្យសកម្មថែមទៀត។
លោកបញ្ជាក់ថា៖ «ទោះកង់ផលិតនៅកម្ពុជាមានគុណភាពល្អ និងម៉ាកល្បីៗក៏ដោយ ប៉ុន្តែអ្វីៗអាស្រ័យទៅលើអ្នកបញ្ជាទិញដែរ។ បើការបញ្ជាទិញធ្លាក់ចុះ ចំណូលដែលកម្ពុជាបានពីផ្នែកនោះក៏ធ្លាក់ចុះដែរ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា កង់ផលិតនៅកម្ពុជា គឺសុទ្ធតែមានគុណភាព និងម៉ាកល្បីៗ ដោយភាគច្រើនត្រូវបាននាំទៅប្រទេសមានសេដ្ឋកិច្ចរីកចម្រើនដូចជា អាមេរិក, កាណាដា, អង់គ្លេស, អឺរ៉ុប ជាដើម។ ទោះបីការនាំចេញកង់នារយៈពេលចុងក្រោយនេះធ្លាក់ចុះប៉ុន្តែវានឹងកើនឡើងវិញនៅពេលខាងមុខ។
លោកបានបញ្ជាក់ថា៖ «ការយកចិត្តលើសុខភាព និងបរិស្ថាននឹងធ្វើឱ្យតម្រូវការកង់បន្តកើនឡើងខ្ពស់ថែមទៀត»។
យោងតាមលោក លឹម ហេង កង់ដែលផលិតនៅកម្ពុជា គឺសុទ្ធតែជាកង់ដែលមានគុណភាពល្អ និងម៉ាកល្បីៗលើពិភពលោក។ វិនិយោគិនដែលបោះទុនវិនិយោគលើផលិតកម្មកង់នៅកម្ពុជា ភាគច្រើនមកពីកោះតៃវ៉ាន់ និងមានទីតាំងភាគច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត ខេត្តស្វាយរៀង។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ កាលពីដើមឆ្នាំ ២០២៣ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាបាននាំចេញកង់ទៅជាង ៥០ ប្រទេសជុំវិញពិភពលោក។ កង់ក្លាយជាផលិតផលនាំចេញសំខាន់មួយរបស់កម្ពុជា ក្រៅពីសម្លៀកបំពាក់ ស្បែកជើង និងកាបូប។
ក្នុងឆ្នាំ ២០២២ ការនាំចេញកង់ពីកម្ពុជាទៅទីផ្សារអន្តរជាតិមានទឹកប្រាក់ ៩៦៦,៧៥ លានដុល្លារ កើនជាង ៤៨ ភាគរយបើធៀបឆ្នាំ ២០២១។ គិតត្រឹមឆ្នាំ ២០២២ មានរោងចក្រកង់ចំនួន ៥ កំពុងដំណើរការ ដោយមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕