​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួង​ទេស​​ចរណ៍ បាន​ប្រាប់​ឱ្យដឹងថា នៅ​ចុងឆ្នាំ​ ២០២៣​ នេះ ក្រុមហ៊ុន Royal Group Samra Seaplane នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​នូវ​យន្តហោះ​ចុះចត​លើ​ផ្ទៃ​ទឹក ប៉ុន្តែ​មិនទាន់​កំណត់ថា​នឹង​ចាប់ផ្តើម​ពី​ខេត្ត​ណា​ដំបូង​គេ​នោះឡើយ​។​

​នេះ​ជាការ​ថ្លែងប្រាប់​ឱ្យដឹងពី លោក ជួប រតនា ប្រធាន​នាយក​ដ្ឋា​ន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ នា​ថ្ងៃទី​ ២៧ ខែកក្កដា បន្ទាប់ពី​លោក​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន Samra Seaplane ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​លើក​កម្ពស់​សេវា​ធ្វើដំណើរ​ផ្លូវអាកាស​តាមរយៈ​យន្តហោះ​ចុះចត​លើ​ផ្ទៃ​ទឹក​។​

​លោក​ថា សេវា​ធ្វើដំណើរ​ផ្លូវ​អាកាស​តាមរយៈ​យន្តហោះ​ចុះចត​លើ​ផ្ទៃ​ទឹកនឹង​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ធ្វើ​​ដំណើរ និង​ចុះចត​ដល់​គោល​​ដៅ​ទេសចរណ៍​ចម្បងៗ​នៅតាម​បណ្តា​កោះ​ឆ្នេរសមុទ្រ​កម្ពុជា និង​ខេត្ត​គោលដៅ​តំបន់​ឦសាន ជាដើម​។​

​លោក ជួប រតនា បាន​ថ្លែង​បញ្ជាក់ថា ៖ «​តាម​ផែនការ នៅក្នុង​រដូវ​ដែលមាន​ភ្ញៀវ​ច្រើន ឬ ​high season ក្រុមហ៊ុន​នេះ គ្រោង​សាកល្បង​ដាក់​ដំណើរ​ការ​មួយគ្រឿង​ដែល​សេវា​ធ្វើដំណើរ​ផ្លូវអាកាស​តាមរយៈ​យន្តហោះ​ចុះចត​លើ​ផ្ទៃ​ទឹក​នេះ មាន​ភាពងាយស្រួល ប៉ុន្តែ​ឥឡូវនេះ​គេ​កំពុង​សិក្សា​ផ្នែក​ច្បាប់ ព្រោះ​ច្បាប់​យើង​ក៏​មិនទាន់​មានការ​គ្របដណ្តប់​អស់​លើ​យន្តហោះ​ហោះ​លើ​ផ្ទៃ​ទឹក​នេះដែរ​»​។​

​បើតាម​ការពន្យល់​ពី​លោក ជួប រតនា យន្តហោះ​ចុះចត​លើ​ផ្ទៃ​ទឹក​នេះ អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​ជា ​៨ ​នាក់ ដែល​វា​ជា​កម្រិតស្តង់ដា​ល្អ​ជាងគេ​មួយ​សម្រាប់​ការធ្វើដំណើរ ហើយ​តម្លៃ​តាម​ផែនការ​ប្រមាណ​ជា​២​ពាន់​ដុល្លារ​ក្នុង​មួយ​យន្ត​​ហោះ​នេះ​។​

​លោក​បាន​ថ្លែងថា​៖ «​ឧ​ទា​ហរ​ណ៍​ថា ភ្ញៀវ​ចង់​ធ្វើដំណើរ​ពី​សៀមរាប​ទៅ​គេង​នៅ​កោះ​សង្សារ គឺ​យន្តហោះ​នេះ​ហោះ​ពី​សៀមរាប​ទៅ​ចុះចត​នៅ​កោះ​សង្សារ​តែម្តង ដែល​វា​មាន​ភាពងាយស្រួល​ដែល​អាច​ចុះចត​លើ​ផ្ទៃ​ទឹក​ដូចជា​ទូក​ដែរ​»​។​

​លោក ជួប រតនា បាន​បន្ថែមថា​៖ «​នៅ​ចុង​ឆ្នាំនេះ នៅក្នុង​រដូវ high season គេ​គ្រោង​នឹង​យក​មួយគ្រឿង​មក​សាក​ល្បង​ប្រើ ហើយ​ពេលនេះ​គេ​កំពុងតែធ្វើការ​ជាមួយនឹង​រមណីយដ្ឋាន​ទំនើបៗ​មួយចំនួន​ដូចជា កោះ​ឫស្សី កោះ​សង្សារ កោះក្របី​ជាដើម ដោយ​នៅពេលដែល​ពួកគាត់​លក់​សំបុត្រ​ទៅឱ្យ​អ្នកទេសចរ​បរទេស គេ​នឹង​លក់​នូវ​សំបុត្រ​យន្តហោះ​ចត​លើទឹក​នេះដែរ ឬ​អាច​លក់​សេវាកម្ម​កម្សាន្ត​ជា​កញ្ចប់​ភ្ជាប់​ជាមួយនឹង​សេវា​យន្តហោះ​ចត​លើទឹក​នេះ​តែម្តង​»​។​

​ជុំវិញ​គម្រោង​នៃ​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នូវ​យន្ត​​ហោះ​ចុះចត​លើ​ផ្ទៃ​ទឹក​នេះ លោក ធួន ស៊ីណាន ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូ​អិ​ល​ធី​ឌី និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បង្ហាញ​ការគាំទ្រ​ពី​សេវា​កម្មនេះ​ផងដែរ​។​

​លោក​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២៧ ខែកក្កដា ថា​៖ «​នេះ​ជា​អ្វីដែល​យើង​ត្រូវការ​ដើម្បី​បំពេញបន្ថែម​នូវ​សមត្ថភាព​ក្នុង​ការទទួល​ភ្ញៀវទេសច​រលំ​ដាប់​ខ្ពស់​។ យើង​មាន​អំណោយ​​ផល​ធម្មជាតិ​វា​មិន​គ្រប់គ្រាន់​ទេ យើង​ចាំបាច់​មាន​សេវាកម្ម​បំពេញបន្ថែម​ដើម្បី​គាំទ្រ​ទើប​គ្រប់​តម្លៃ​នូវ​ការទាក់ទាញ​ភ្ញៀវ​»​។​

​សូម​រំឭក​ផងដែរ​ថា នា​ដើមខែ​មិថុនា ឆ្នាំ​ ២០២៣ ​កន្លងទៅនេះ ក្រុមហ៊ុន​ Seaplane Asia Limited of Hong Kong និង Royal Group of Cambodia បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​មួយ ដើម្បី​ចាប់ផ្តើម​បើក​ប្រតិ​​ប​ត្តិ​កា​រលើ​យន្តហោះ​តាម​សមុទ្រ​នៅ​ប្រទេស​កម្ពុជា​។​

​លោក គិត ម៉េង ប្រធាន​ក្រុម​ហ៊ុន The Royal Group បានលើកឡើង​នា​ពិធី​នោះ​ថា លោក​មាន​មោទនភាព​ក្នុងការ​ចូលរួម​កម្លាំង​ជាមួយ​ក្រុមហ៊ុន Seaplane Asia និង​សូម​ណែនាំ​ក្រុមហ៊ុន Royal Group Samra Seaplane ដែលជា​សេវា​អាកាសចរណ៍​សមុទ្រ​លំដាប់​ខ្ពស់​ដំបូង​គេ​នៅ​កម្ពុជា​។

​ចំណែក​លោក ដេ​ន​នី​ស ខេ​ល​ឡឺ (Dennis Keller) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Seaplane Asia Limited បានលើកឡើង​ដែរ​ថា កម្ពុ​ជាមាន​សក្ដានុពល​យ៉ាង​ធំធេង​សម្រាប់​ប្រតិបត្តិការ​លម្ហែកាយ​លើ​ផ្ទៃ​សមុទ្រ ដោយសារតែ​ភាព​ស្រស់ស្អាត​ធម្មជាតិ​ដ៏​អស្ចារ្យ និង​សេដ្ឋកិច្ច​រីកចម្រើន ក៏​ដូច​​ជា​វិស័យ​ទេសចរណ៍​ផងដែរ​។ យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី ​២៦ ខែកក្កដា បានឱ្យដឹងថា សម្រាប់​ចុង​សប្ដាហ៍​ពីថ្ងៃ​ទី​ ១៧ ដល់ទី ​២៣ ខែកក្កដា ឆ្នាំ ​២០២៣ កម្ពុជា ទទួលបាន​ភ្ញៀវ​សរុប​មាន​ចំនួន ​២៦៩ ៣៥៦​ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ ២២៩ ៥១៩​ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ចំនួន ៣៩ ៨៣៧​នាក់​។​

​ក្រសួង​បន្តថា គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន ខេត្តបាត់ដំបង​, ខេត្ត​ព្រះ​សីហ​នុ​, រាជធានី​ភ្នំពេញ​,​ខេត្តកំពត​, ខេត្តសៀមរាប​, ខេត្តកំពង់ស្ពឺ​និង​ខេត្តពោធិ៍សាត់​៕