​ភ្នំពេញៈ ក្រុមហ៊ុន TreeFul របស់​ប្រទេស​ជប៉ុន គ្រោង​បោះទុន​វិនិយោគ​សាងសង់​ផ្ទះ​បន្តោង​ដើមឈើ​ប្រណីត​លំដាប់​សណ្ឋាគារ​ផ្កាយ​ ៥ ​ពិភពលោក នៅលើ​ភ្នំ​គូលែន​នៃ​ទឹកដី​ខេត្តសៀមរាប ដើម្បីឱ្យ​ទីតាំង​នេះ​ក្លាយជា​កញ្ចប់​ផលិត​ផល​ទេសចរណ៍​មួយ​ថ្មី​នៅ​កម្ពុជា ក្នុង​ការជួយ​ទាក់ទាញ​អ្នកទេសចរ​ពី​គ្រប់ទិសទី​។​

​គម្រោង​វិនិយោគ​នេះ បន្ទាប់ពី​ក្រុម​ហ៊ុន TreeFul បាន​បំបែក​ឯកទគ្គកម្ម​ផ្ទះ​បន្តោង ​(Tree house) ប្រណីត​កម្រិត​សណ្ឋាគារ​ផ្កាយ​ ៥​ ពិភពលោក​(Guinness World Records) នៅ​កោះ​អូ​គី​ណា​វ៉ា កាលពីដើម​ខែសីហា ឆ្នាំ​ ២០២២ ​កន្លងមកនេះ​។

​លោក Nabesshima Katsuhito តំណាង​ក្រុមហ៊ុន TreeFul បានឱ្យដឹងថា ក្រោយ​បំបែក​កំណត់ត្រា​រួចមក កាលពីដើមឆ្នាំ​ ២០២៣​ នេះ លោក Satoru Kikugawa ជា​វិស្វករ​ដ៏​ល្បី​ម្នាក់​លំដាប់​ពិភពលោក និង​ជា​ស្ថាប​និក​ក្រុមហ៊ុន TreeFul បាន​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ដោយ​លោក​បាន​ចុះទៅ​ផ្ទាល់​នៅតាម​ទីតាំង​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​មន្ទីរ​​ព័ត៌មាន​ខេត្តសៀមរាប​។​

​តំណាង​ក្រុមហ៊ុន TreeFul បន្តទៀតថា បន្ទាប់ពី​ឃើញ​សក្តានុពល​របស់​ភ្នំ​គូលែន​ដោយផ្ទាល់​ភ្នែក លោក Satoru Kikugawa ក៏មាន​ចំណាប់​អារម្មណ៍​ក្នុងការ​សាងសង់​ផ្ទះ​បន្តោង​ប្រណីត នៅលើ​ភ្នំ​ប្រវត្តិសាស្ត្រ ព្រម​ទាំង​បាន​បញ្ជូន​អ្នកជំនាញ​ទាំង​ផ្នែក​កសិកម្ម ផ្នែក​បរិស្ថាន និង​ផ្នែក​បច្ចេក​ទេស ខណៈ​តំបន់ភ្នំ​គូលែន​នេះ មាន​ដើមឈើ​ធំៗ មានទឹក មាន​សត្វព្រៃ ដូច្នេះ​វា​ត្រូវ​នឹង​គំនិត​នៃ​ការបង្កើត ផ្ទះ​​បន្តោង​ដើមឈើ​នេះ​។​

​លោក​ឱ្យដឹងថា​៖ «​អ្នកជំនាញ​បានមក​ពិនិត្យ​វាយតម្លៃ​អំពី​សក្តានុពល និង​ផលប៉ះពាល់​នៅ​តំបន់​នេះ និង​ឈានដល់​ការកសាង​ផែនការមេ ដាក់ជូន​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​សុំ​ការអនុញ្ញាត​សម្រាប់​ការវិនិយោគ​មួយ​នេះ​»​។

​លោក Katsuhito បញ្ជាក់​ផងដែរ​ថា ក្នុងករណី​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល គម្រោង​នេះ នឹង​ផ្តល់​ផលចំណេញ​ច្រើន​ដល់​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច បរិស្ថាន និង​ការ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​នៅក្នុង​តំបន់​ផងដែរ​។

​លោក​ថ្លែងថា​៖ «​ព្រោះថា ផ្ទះ​បន្តោង​នេះ វា​ក្លាយជា​កញ្ចប់​ផលិតផល​ទេស​ចរណ៍​មួយ​ថ្មី​នៅ​កម្ពុជា ពិសេស​វា​នឹង​ជួយ​ទាក់ទាញ​អ្នកទេសចរ​ដែលមាន​គុណ​ភាព​ឱ្យ​មកលេង និង​ពន្យារពេល​ស្នាក់នៅ​កម្ពុជា ក្នុងនោះ​ខេត្តសៀមរាប​ផ្ទាល់​»​។​

​លោក​បាន​លើកឡើងថា ផ្ទះ​បន្តោង​នេះ វា​នឹងត្រូវ​រចនា​ឡើង​ដោយ​ប្រណីត​ភាព វា​ក៏​ជា​គម្រោង​មួយ​ដែលមាន​មេត្រីភាព​ជាមួយ​បរិស្ថាន ខណៈ​ប្រទេស​ជប៉ុន ជា​ប្រទេស​ដែល​ស្រឡាញ់​បរិស្ថាន ដូច្នេះ​គម្រោង​នេះ វា​មិនបាន​បំផ្លាញ​បរិស្ថាន​នោះទេ ហើយ​វា​ក៏​ស្របទៅតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​ចីរភាព ​(SDG)​។ តំណាង​ក្រុម​​ហ៊ុន TreeFul បន្ថែមថា ហេតុនេះ​ពេល​គម្រោង​នេះ​អនុវត្ត កម្ពុជា​ក៏​អាច​ក្លាយជា​គោលដៅ​ដាក់ទុន​វិនិយោគ​របស់​ក្រុម​ហ៊ុន​ជប៉ុន​ដទៃទៀត ដែល​គេ​បាន​ស្គាល់​កម្ពុជា តាមរយៈ​ផ្ទះ​បន្តោង​ដើមឈើ (Tree house) របស់​ក្រុមហ៊ុន TreeFul ​នេះ​។​

​ជុំវិញ​គម្រោង​វិនិយោគ​នេះ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បានឱ្យដឹងថា គម្រោង​វិ​និ​យោគ​នេះ​គឺជា​រឿង​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប និង​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​ផងដែរ​។ លោក​ស្រី ថ្លែងថា​៖ «​ភាគច្រើន​ក្រុម​ហ៊ុន​របស់​ជប៉ុន​ប្រសិនជា​ពួក​គាត់​បោះទុន​វិនិយោគ​ហើយ គឺ​ទទួលបាន​ទាំង​គុណភាព ព្រម​ទាំង​បានរួម​ចំណែក​ជួយ​ទៅដល់​ប្រជាពលរដ្ឋនៅក្នុង​មូល​​ដ្ឋា​ន​»​។

​លោកស្រី​បន្តទៀតថា រាល់​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន តែងតែ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​ខ្មែរ ពីព្រោះ​ជប៉ុន គឺ​មិនសូវ​យក​បុគ្គលិក​ពី​ប្រទេស​របស់​ពួកគាត់​នោះទេ ស្រប​ពេលដែល​ការវិនិយោគ​របស់​ពួកគាត់ ផ្ដោត​ខ្លាំង​ទៅលើ​គុណភាព ហើយក៏​ចៀស​វាង​ផលប៉ះពាល់​លើ​បរិស្ថាន​ជាដើម​។​

​ក្រៅពីនេះទៀត លោកស្រី​ថា ការបោះ​ទុនវិនិយោគ​ទៅលើ​ការសាងសង់​ផ្ទះ​បន្តោង​ដើមឈើ​ប្រណីត​លំដាប់​សណ្ឋាគារ​​ផ្កាយ​ ៥​ ពិភពលោក​នៅ​កម្ពុជា វា​នឹង​បង្កើន​ការចាប់អារម្មណ៍​ដល់​ភ្ញៀវទេសចរ​មក​ទស្សនា​នៅ​កម្ពុជា​ផងដែរ​។ លោកស្រី​ថ្លែងថា​៖ «​ប្រសិនជា​ប​ដិ​​ស​ណ្ឋា​រ​កិ​ច្ចបែប​លក្ខណៈ​លំដាប់​ផ្កាយ ​៥​ នេះ​កើតឡើង វា​នឹងធ្វើ​ការទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​ទូទាំង​ពិភពលោក ហើយក៏​កាន់តែ​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា គឺ​កាន់តែ​ល្បី​រន្ទឺ​ផងដែរ​តាមរយៈ​ការវិនិយោគ​សេវាកម្ម​បែបនេះ​»៕