ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ជូនដំណឹងដល់ប្រតិបត្តិករប្រកបអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងសាធារណជនសម្រាប់ការចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៃព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមនៅថ្ងៃទី ១៦ ខែតុលា ខណៈខ្លួននឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញនៅចន្លោះពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣។
បើតាមការប្រកាសជាផ្លូវការពី SSCA នៅថ្ងៃទី ២៦ ខែកក្កដា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជូនដំណឹងដល់ប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងសាធារណជនថា អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា៖ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ តទៅ។
SSCA បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមាន ៣ តួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Code) ដែលមាន ៤ តួអក្សរឡាតាំង VDSA។ ខណៈគ្រប់ជើងហោះអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប (Siem Reap International Airport-REP) បច្ចុប្បន្ននឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែ ១ លើកគត់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap-Angkor Internatlonal Airport) ចាប់ពីម៉ោង ០០:០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។
ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញនៅចន្លោះពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាម SSCA។
SSCA បន្តថា៖ «ដើម្បីចូលរួមរៀបចំផែនការនៃការផ្ទេរជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស និងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor Internatioនal Airport) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលស្នើសុំប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អាចចាប់ផ្តើមទំនាក់ទំនងចាប់ពីពេលនេះតទៅ»។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ SSCA បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៧ ខែកក្កដា ថា ចាប់ពីម៉ោង ០០:០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ តទៅប្រតិបត្តិការទាំងអស់ក្នុងអាកាសយានដ្ឋានចាស់នឹងផ្ទេរទៅអាកាសយានដ្ឋានអន្តរជាតិថ្មី។
លោកថ្លែងថា៖ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីស្វាគមន៍រាល់ជើងហោះហើរមកពីជុំវិញពិភពលោកដោយសារតែអាកាសយានដ្ឋាននេះធំជាងអាកាសយានដ្ឋានចាស់ ខណៈគ្រឿងបរិក្ខារក៏ទំនើបផងដែរ»។
ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ដែលទើបទៅទស្សនាអាកាសយានដ្ឋាននេះបានសម្តែងក្តីសង្ឃឹមខ្ពស់ចំពោះភាពវិជ្ជមានរបស់អាកាសយានដ្ឋានមួយនេះមកលើវិស័យទេសចរណ៍កម្ពុជា។
លោកស្រីប្រាប់ថា៖ «យើងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។ ភារកិច្ចនៅក្នុងដៃគឺការលើកកម្ពស់គុណភាពសេវាកម្ម និងពង្រីកតំបន់ទេសចរណ៍»៕