ភ្នំពេញៈ វេទិកាវិនិយោគធុរកិច្ចសិង្ហបុរី (SBIF) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីបម្រើជាវេទិកាសម្រាប់ធុរកិច្ចសិង្ហបុរីនៅកម្ពុជា និងអនាគតវិនិយោគិនសិង្ហបុរី។
SBIF គឺជាក្រុមធុរកិច្ចដែលមានបំណងជួយដល់កិច្ចខិតខំប្រឹងប្រែងផ្នែកធុរកិច្ចរបស់សិង្ហបុរីនៅកម្ពុជា។ វាក៏នឹងស្វែងរកការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសភាពាណិជ្ជកម្ម ទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀត និងដៃគូក្នុងស្រុកនៅកម្ពុជា។ តាមរយៈសកម្មភាពនេះវានឹងជួយទាក់ទាញអ្នកវិនិយោគសិង្ហបុរីឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ហើយក៏នឹងបង្ហាញពីសក្តានុពលនៃធុរកិច្ចរបស់សិង្ហបុរីផងដែរ។
លោក Albert Tan ប្រធាន SBIF និងជាអនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងក្នុងពិធីដាក់ឱ្យដំណើរការនេះថា ចាប់តាំងពីពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា និងសិង្ហបុរីត្រូវបានពង្រឹង និងពង្រីក ការដាក់ឱ្យដំណើរការ SBIF នឹងបម្រើជាវេទិកាដើម្បីជួយបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន។
លោកថ្លែងថា៖ «ការដាក់ឱ្យដំណើរការ SBIF គឺកើតចេញពីការប្តេជ្ញាចិត្តរបស់យើងនៅក្នុងការជំរុញសហគមន៍ ធុរកិច្ចសិង្ហបុរី និងការសម្របសម្រួលការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា។ យើងទទួលស្គាល់ពីតម្រូវការក្នុងការផ្សារភ្ជាប់គម្លាតព័ត៌មាន និងបង្កើតវត្តមានយីហោរបស់សិង្ហបុរីឡើងវិញនៅក្នុងប្រទេសកម្ពុជា។ បេសកកម្មយើងគឺមានភាពច្បាស់លាស់ ដើម្បីឱ្យកាន់តែស៊ីចង្វាក់គ្នាទៅនឹងចង្វាក់អាជីវកម្មនៅកម្ពុជា និងសម្របខ្លួនឱ្យបានឆាប់»។
លោកស្រី Cynthia Liaw អនុប្រធាន SBIF និងជាអគ្គនាយិកាធនាគារ Panda Bank បានឱ្យដឹងថា ការដាក់ឱ្យដំណើរការ SBIF នឹងក្លាយជាសម្ទុះថ្មីមួយសម្រាប់ការប្រមូលផ្តុំវិនិយោគិន និងពាណិជ្ជករឱ្យមានការភ្ជាប់ទំនាក់ទំនងគ្នាទៅវិញ-ទៅមក។
លោកស្រីនិយាយថា៖ «ខ្ញុំចង់ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីអត្ថប្រយោជន៍ដ៏ជ្រាលជ្រៅនៃវេទិកា SBIF។ យើងម្នាក់ៗមានការសាទរពីឧស្សាហកម្មចម្រុះដែលនាំមកនូវការភ្ជាប់ទំនាក់ទំនងជាពិសេសទាំងក្នុងស្រុក និងអន្តរជាតិ។ ភាពចម្រុះនេះ គឺជាកម្លាំងរបស់យើង។ តាមរយៈ SBIF យើងមានឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការភ្ជាប់ទំនាក់ទំនងទាំងនេះ ដោយភ្ជាប់សហគមន៍អន្តរជាតិជាមួយប្រជាជនសិង្ហបុរី។ តើអ្វីជាគោលបំណងរួមរបស់យើង? គឺដើម្បីពង្រឹង និងផ្តល់អំណាចដល់សហគ្រាសសិង្ហបុរីដែលមានស្រាប់ និងរីកចម្រើននៅប្រទេសកម្ពុជា»។
កម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ដែលមានបំណងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលចាំបាច់សម្រាប់សេវាកម្មហិរញ្ញវត្ថុឆ្លងព្រំដែន និងពាណិជ្ជកម្មរវាងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសទាំង ២។
ធនាគារជាតិនៃកម្ពុជា (NBC) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) លើគំនិតផ្តួចផ្តើមនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមកាលពីថ្ងៃទី ១១ ខែកក្កដា ដែលចេញដោយធនាគារកណ្តាលប្រទេសទាំង ២។
បើយោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងឆមាសទី១ ឆ្នាំ ២០២៣ សិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មឈានមុខគេទី៣ របស់កម្ពុជា នៅតំបន់អាស៊ាន ដែលមានទឹកប្រាក់ ៧៨៦,៧៧ លានដុល្លារនៃការផ្លាស់ប្តូរទំនិញ ហើយក៏ជាគោលដៅនាំចេញទី៣ របស់ប្រទេសនេះផងដែរ ដែលមានទឹកប្រាក់ចំនួន ៤១៥,០១២ លានដុល្លារ៕