ការវិនិយោគជារឿងដ៏សំខាន់មួយដែលយើងគ្រប់គ្នាគួរមានការយល់ដឹងនិងអនុវត្តបន្ថែមពីលើអាជីពក៏ដូចជាធុរកិច្ចដែលអ្នកកំពុងធ្វើជាប្រចាំ ដើម្បីបង្កើតចំណូលអកម្មបន្ថែមទៀត។ ជម្រើសនៃការវិនិយោគទៅតាមបម្រែបម្រួលវ័យរបស់យើង មានដូចខាង ក្រោម៖
១).ដំណាក់កាលស្ថិតក្នុងអាយុ ២០ ឆ្នាំ ដល់ ៣០ ឆ្នាំ
ដំណាក់កាលដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងជាដំណាក់កាលដំបូងនៃការចាប់ផ្តើមចូលធ្វើការ ឬប្រកបអាជីវកម្មដោយទទួលបានប្រាក់ចំណូលជាប្រចាំខែ ដូចនេះអ្នកគួរចាប់ផ្តើមសន្សំចាប់ពី ១០% នៃប្រាក់ចំណូល ដោយយកប្រាក់សន្សំនេះ ទៅវិនិយោគលើផលិតផលហិរញ្ញវត្ថុ ដែល មានការធ្វើនិយតកម្មច្បាស់លាស់ ដូច្នេះការវិនិយោគក្នុងវិស័យមូលបត្រ គឺជាជម្រើសមួយដ៏ប្រសើរសម្រាប់អ្នកដែល មានដើមទុនតិចតែនឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីទីផ្សារមួយនេះ។ ការចាប់ផ្តើមបានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន អ្នកអាចរំពឹងថានឹងបានរស់នៅក្នុងជីវិតដែលគ្មានភាពតានតឹងផ្នែកហិរញ្ញវត្ថុនាពេលអនាគត ដូចមានសុភាសិតមួយលើកឡើងថា«គ្រាដ៏ល្អបំផុតដើម្បីដាំដើមឈើគឺ ២០ ឆ្នាំមុន និងគ្រាចាប់ផ្តើមដ៏ល្អបំផុតគឺនៅពេលនេះ»។
ការវិនិយោគនៅវ័យក្មេងអនុញ្ញាតឱ្យយើង៖
- មានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាស្វែងយល់ពីឱកាស និងជម្រើសនៃការវិនិយោគ។
- មានពេលវេលាកែតម្រូវយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ ដោយរៀនពីភាពជោគជ័យ និងបរាជ័យរបស់ខ្លួន។
- មានសេរីភាពក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងគម្រោងវិនិយោគ ខណៈ ដែលពុំទាន់មានបន្ទុកហិរញ្ញវត្ថុត្រូវរ៉ាប់រង។
អ្នកគួរធ្វើពិពិធកម្មនៃការវិនិយោគ ដូចខាងក្រោម៖
- វិនិយោគលើភាគហ៊ុន៖ ៨០% ទៅ ៩០%។
- វិនិយោគលើសញ្ញាបណ្ណ៖ ១០% ទៅ ២០%។
២).ដំណាក់កាលស្ថិតក្នុងអាយុពី ៣១ ឆ្នាំ ដល់ ៤០ ឆ្នាំ
ដំណាក់កាលដែលមនុស្សទូទៅអាចរកប្រាក់ចំណូលបានច្រើនជាងមុន ហើយក៏ជាពេលវេលាមួយដ៏សមស្របបំផុតដែលអាចចាប់ផ្តើមកសាងស្ថានភាពហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ និងមានស្ថិរភាព។ ជាមួយគ្នានេះដែរ ការរៀបចំផែនការចូលនិវត្តន៍នៅក្នុងដំណាក់កាលនេះ គឺជាការងារអាទិភាពដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុបន្ទាប់ពីចូលនិវត្តន៍ និងជាម្រើសដ៏ឆ្លាតវៃនៅក្នុងដំណាក់កាលនេះផងដែរ។ បន្ថែមពីនេះ អ្នកគួរដក ២០% នៃចំណូលសរុបដើម្បីវិនិយោគ បើទោះជាអ្នកនៅក្មេងអាចទទួលយកកម្រិតហានិភ័យបានខ្ពស់ តែអ្នកគួរធ្វើពិពិធកម្មនៃការវិនិយោគដើម្បីកាត់បន្ថយហានិភ័យ ដូចខាងក្រោម៖
- វិនិយោគលើភាគហ៊ុន៖ ៧០% ទៅ ៨០%។
- វិនិយោគលើសញ្ញាបណ្ណ៖ ២០% ទៅ៣០%។
៣).ដំណាក់កាលស្ថិតក្នុងអាយុពី ៤១ ឆ្នាំ ដល់ ៥០ ឆ្នាំ
ដំណាក់កាលនេះ មនុស្សទូទៅមានទាំងបទពិសោធន៍ ទ្រព្យសម្បត្តិ និងមានកម្រិតនៃប្រាក់ចំណូលចន្លោះពីបង្គួរទៅខ្ពស់ ដូចនេះអ្នកគួរវិនិយោគបន្ថែមលើមូលបត្រ ដើម្បីបង្កើននូវប្រាក់ចំណូលនៃការវិនិយោគជាអតិបរមា និងដើម្បីកាត់បន្ថយហានិភ័យ អ្នកគួរសិក្សាបន្ថែមពីទីផ្សារមូលបត្រនៅកម្ពុជា តាមរយៈការតាមដានព័ត៌មានក្នុងគេហទំព័រហេ្វសប៊ុក និងបណ្តាញតេឡេក្រាមរបស់និយតករមូលបត្រកម្ពុជា (ន.ម.ក.) និងផ្សារមូលបត្រកម្ពុជា (ផមក) ឬចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ដែលត្រូវបានរៀបចំឡើងជាប្រចាំដោយមក ឬទាក់ទងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាប័ណ្ណពី ន.ម.ក. ដើម្បីស្វែងរកជំនួយបន្ថែម។ ដូច្នេះ អ្នកគួរធ្វើពិពិធកម្មនៃការវិនិយោគ ដូចខាងក្រោម៖
- វិនិយោគលើភាគហ៊ុន៖ ៦០% ទៅ ៧០%។
- វិនិយោគលើសញ្ញាបណ្ណ៖ ៣០% ទៅ ៤០%។
៤).ដំណាក់កាលស្ថិតក្នុងអាយុពី ៥១ ឆ្នាំ ដល់ ៦៩ ឆ្នាំ
ដំណាក់កាលនៃការប្រើប្រាស់ពេលវេលាជីវិតដ៏រីករាយ បន្ទាប់ពីចំណាយពេលវេលាដ៏យូរលើការងារ និងការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ក្នុងវ័យនេះ អ្នកគួរតែស្វែងរកអ្វីដែលជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងចំណាយពេលវេលាលើការចូលនិវត្តន៍ប្រកបដោយភាពឆ្លាតវៃ និងនៅតែបន្តការវិនិយោគ ជាពិសេសក្នុងជម្រើសណាដែលមានហានិភ័យទាប ឬទិញកញ្ចប់ធានារ៉ាប់រងសោធននិវត្តន៍និងធានារ៉ាប់រងណាដែលមានអត្ថប្រយោជន៍លើជីវភាពរស់នៅ បន្ទាប់ពីការចូលនិវត្តន៍ផងដែរ។ ដូច្នេះ អ្នកគួរធ្វើពិពិធកម្មនៃការវិនិយោគ ដូចខាងក្រោម៖
- វិនិយោគលើភាគហ៊ុន៖ ៥០% ទៅ ៦០%។
- វិនិយោគលើសញ្ញាបណ្ណ៖ ៤០% ទៅ ៥០%។
***អត្ថបទនេះត្រូវបានចងក្រងឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងអប់រំតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីអនុសាសន៍ ឬដំបូន្មានក្នុងការវិនិយោគនោះទេ។ ន.ម.ក.មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយឡើយ។
យោង៖ https://www.investopedia.com/articles/investing/ 090915/are-your-investments-right-your-age.asp
រៀបចំដោយ៖ និយតករមូលបត្រកម្ពុជា
នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
អ៊ីមែល៖ edu@serc.gov.kh
ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១