ភ្នំពេញៈ អ្នកជំនាញមានសុទិដ្ឋិនិយមថា វិស័យមូលបត្រកម្ពុជានឹងកាន់តែមមាញឹកថែមទៀត បន្ទាប់ពីនិយ័តករមូលបត្រកម្ពុជា (SERC) ចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់នូវប្រកាសរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
និយ័តករមូលបត្រកម្ពុជា ពីថ្ងៃទី ២៦ ខែកក្កដា បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រកាសស្ដីពីការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួម ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពី ថ្ងៃទី ២០ ខែកក្កដា កន្លងមក។
អគ្គនាយកនិយ័តករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែកក្កដា ថា ប្រកាសពីការដាក់ឱ្យប្រើប្រាស់ប្រកាសស្តីពីការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួម គឺជាអ្វីដែលគ្រប់គ្នារង់ចាំជាយូរមកហើយ (Collective Investment Scheme [CIS])។
លោកបានពន្យល់ថា CIS គឺជាគម្រោងមូលនិធិនៃគម្រោងវិនិយោគរួម ដែលគេយកមកបំបែកជាឯកតាតូចៗ ដើម្បីបោះផ្សាយលក់ក្នុងគោលបំណងប្រមូលប្រាក់ពីការលក់ យកទៅអភិវឌ្ឍគម្រោងណាមួយដែលក្រុមហ៊ុន (ក្រុមហ៊ុនវិនិយោគរួម) បានចុះបញ្ជីរួចរាល់នៅនិយ័តករមូលបត្រកម្ពុជា។
លោកបញ្ជាក់ថា៖ «នេះជាយន្តការថ្មី ដែលនឹងបង្កើតឱ្យមានទីផ្សារថ្មី (ទីផ្សារគម្រោងមូលនិធិ) ដោយទីផ្សារនេះគឺជាប្រភពអាចផ្តល់មូលធនយកទៅអនុវត្តគម្រោងជាក់ស្តែងណាមួយដែលមានសក្តានុពល ព្រមទាំងផ្តល់ផលចំណេញសម្រាប់អ្នកទិញឯកតាមូលនិធិ»។
បើតាមលោក សុជាតិ សម្រាប់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួមនេះ ត្រូវបានចែកចេញជាច្រើនប្រភេទ ដូចជា មូលនិធិឯកជន មូលនិធិសាធារណៈ មូលនិធិសម្រាប់អនុវត្តគម្រោងពាក់ព័ន្ធវិស័យអចលនទ្រព្យ និងប្រភេទផលិតផលមួយចំនួនទៀត។
បើតាមលោក សុជាតិ នឹងមានគម្រោងមួយចំនួននឹងត្រូវគេយកទៅចុះបញ្ជីបន្តនៅផ្សារមូលបត្រកម្ពុជា ដើម្បីធ្វើការជួញដូរជាបន្តទៀត។
នាយិកាផ្នែកទីផ្សារនៃផ្សារមូលបត្រកម្ពុជា (CSX) លោកស្រី គឹម សុផានីតា បាននិយាយថា គម្រោងវិនិយោគរួមនេះនឹងក្លាយជាផលិតផលថ្មីមួយទៀតជាជម្រើសបន្ថែមសម្រាប់វិនិយោគិននៅផ្សារមូលបត្រកម្ពុជា ដោយផលិតផលថ្មីនេះនឹងមានលក្ខណពិសេស តាមរយៈការជួយឱ្យអ្នកដែលមានប្រាក់នៅសល់ ប៉ុន្តែមិនមានពេល និងជំនាញក្នុងប្រភេទអាជីវកម្មណាមួយទៅឱ្យអ្នកគ្រប់គ្រងមូលនិធិយកទៅវិនិយោគបន្តទៅតាមជំនាញរបស់ពួកគេ។
លោកស្រីអះអាងថា៖ «ប្រកាសរបស់និយតករមូលបត្រកម្ពុជា នឹងអនុញ្ញាតឱ្យមាននូវក្របខ័ណ្ឌ និងបទប្បញ្ញត្តិ គ្រប់គ្រាន់សម្រាប់ឱ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិ (ទទួលអាជ្ញាបណ្ណពី SERC) ធ្វើការប្រកាសដាក់ចេញនូវគម្រោង វិនិយោគដើម្បីពុះច្រៀកតូចៗទៅឱ្យសាធារណជន ក្នុងន័យប្រមូលទុនទៅធ្វើការវិនិយោគ»។
លោកស្រីលើកឡើងទៀតថា៖ «ទោះស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅមានបញ្ហាប្រឈមច្រើន ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមថា នឹងមានក្រុមហ៊ុនគ្រប់គ្រងមូលនិធិមានចំណាប់អារម្មណ៍ក្នុងការបោះផ្សាយនូវគម្រោងវិនិយោគរួមដើម្បីយើងអាចទទួលបាននូវផលិតផលថ្មីមួយទៀតនៅផ្សារហ៊ុនកម្ពុជា»។
យោងតាមទិន្នន័យពី CSX មូលធនប្រមាណ ២២២ ពាន់លានរៀល (៥៥,៥ លានដុល្លារ) ត្រូវបានប្រមូល បានកាលពីឆ្នាំ ២០២២ តាមរយៈផ្សារហ៊ុន កើនឡើង ១៣៣ ភាគរយធៀបឆ្នាំ ២០២១ ដែលក្នុងនោះមូលធនពីសញ្ញាបណ្ណសាជីវកម្មមានចំនួន ៦៣ ភាគរយ និងបណ្ណបំណុលរដ្ឋមានចំនួន ៣២ ភាគរយ។
ក្រុមហ៊ុនសរុបចំនួន ១៨ ចុះបញ្ជីនៅលើ CSX ក្នុងនោះក្រុមហ៊ុនចំនួន ៩ ចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិនិងក្រុមហ៊ុនចំនួន ៩ ផ្សេងទៀត ចុះបញ្ជីសញ្ញាបណ្ណ។ ក្រុមហ៊ុនទាំងនេះប្រមូលមូលនិធិសរុប ៣១៧ លានដុល្លារតាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនៅលើផ្សារហ៊ុននេះ។ នេះបើយោងតាម CSX។
CSX បានដាក់ទិសដៅសម្រាប់ឆ្នាំ ២០២៣ ក្នុងការធ្វើឱ្យមានកំណើននៃការចុះបញ្ជីមូលបត្រថ្មីដល់ ១៤ និងតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមដល់ ១ លានដុល្លារ ដែលតម្លៃជួញដូរនេះនឹងធ្វើឱ្យមានកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា៕