ភ្នំពេញៈ កម្ពុជាបានបញ្ចេញប្រាក់ជិត ១,០៨ ពាន់លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈចំនួន ៤ ប្រភេទមកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកនាឆមាសទី១ ឆ្នាំ ២០២៣ ធ្លាក់ចុះជិត ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា-មិថុនា ឆ្នាំ ២០២៣ ការនាំចូលប្រេង (៤ ប្រភេទ) មានទឹកប្រាក់ ១ ០៧៨,១៥ លានដុល្លារធ្លាក់ចុះ ៩,៧២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ប្រេងឥន្ធនៈទាំង ៤ នោះរួមមាន ប្រេងម៉ាស៊ូត (D.O) ចំនួន ៦៥១,៨៥ លានដុល្លារ ធ្លាក់ចុះ ៨,០៤ ភាគរយ, ប្រេងសាំង (E.A) ៣៩០,៩៨ លានដុល្លារ ធ្លាក់ចុះ ៥,៣ ភាគរយ, ប្រេងសាំងយន្តហោះ (ZA1) ៣២,០៥ លានដុល្លារកើនឡើង ៥៥,៨១ ភាគរយ និងប្រេងខ្មៅ (F.O) មានចំនួន ៣,២៦ លានដុល្លារ ធ្លាក់ចុះ ៩៣,៧១ ភាគរយ។
អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ៣១ ខែកក្កដាថា ការធ្លាក់ចុះចំនួនប្រាក់នាំចូលប្រេងឥន្ធនៈកាលពីឆមាសទី១ ឆ្នាំនេះ គឺដោយសារកត្តារួមផ្សំមួយចំនួនដូចជា តម្លៃប្រេងក្នុងឆមាសទី១ ឆ្នាំ ២០២២ ខ្ពស់ជាងឆមាសទី១ ឆ្នាំ ២០២៣ (តម្លៃប្រេងបានកើនខ្ពស់បន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងប្រទេសនាំចេញប្រេងរុស្ស៊ីជាមួយអ៊ុយក្រែន), ការធ្លាក់ចុះចំនួនរោងចក្រ/សហគ្រាសដែលប្រើម៉ាស៊ីនភ្លើងផ្ទាល់, កំណើនរថយន្តអគ្គិសនី, និងជាពិសេសការប្រើប្រាស់ប្រេងខ្មៅសម្រាប់ផលិតអគ្គិសនីនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុក (កំណើនថាមពលអគ្គិសនីទទួលបានពីថាមពលកកើតឡើងវិញ)។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំការធ្លាក់ចុះទឹកប្រាក់នាំចូលប្រេងឥន្ធនៈកាលពីឆមាសទី១ កន្លងមក គឺមិនឆ្លុះបញ្ជាំងពីការធ្លាក់ចុះនៃសមត្ថភាពផលិតកម្មនៅកម្ពុជាឡើយ ព្រោះការថមថយនេះ គឺដោយសាររោងចក្រ និងសហគ្រាសនៅកម្ពុជាស្ទើរទាំងអស់បាននាំគ្នាងាកមកប្រើអគ្គិសនីដែលផលិតពីប្រភពស្អាត (មិនបំពុលបរិស្ថាន) កាន់តែច្រើន»។
លោកបន្ថែមថា ទោះយ៉ាងណាការនាំចូលប្រេងសាំងយន្តហោះ (ZA1) បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារការដឹកជញ្ជូនភ្ញៀវបានកើនឡើង។
កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ប្រេងសាំងលក់រាយនៅកម្ពុជា មានតម្លៃ ៥ ៨០០ រៀល ក្នុង ១ លីត្រ និងម៉ាស៊ូត ៦ ៣០០ រៀល ខណៈថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ប្រេងសាំងមានតម្លៃ ៤ ២០០ រៀល និងប្រេងម៉ាស៊ូត ៣ ៩៥០ រៀល។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់បានលើកឡើងថា ប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង និយាយថា ការធ្លាក់ចុះចំនួនប្រាក់នាំចូលប្រេងមកកម្ពុជា គឺដោយសារប្រេងក្នុងឆមាសទី ១ ឆ្នាំនេះមានតម្លៃទាបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈចង្វាក់ផលិតកម្មនៅកម្ពុជាកំពុងបោះជំហានទៅមុខកាន់តែល្អ។
លោកប្រាប់ថា៖ «មូលហេតុដែលធ្វើឱ្យប្រាក់នាំចូលប្រេងធ្លាក់ចុះ គឺដោយសារតម្លៃប្រេងអន្តរជាតិធ្លាក់ចុះ»។
បើតាមក្រសួងពាណិជ្ជកម្មក្នុងឆមាសទី១ ឆ្នាំ ២០២៣ កម្ពុជាបាននាំចូលរថយន្តគ្រប់ប្រភេទក្នុងទឹកប្រាក់សរុប ៤៥៦,៦៧ លានដុល្លារ ធ្លាក់ចុះ ១៩,៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ រថយន្តនាំចូលត្រូវចែកចេញជា ៤ ប្រភេទ គឺរថយន្តទេសចរណ៍ មានទឹកប្រាក់ ៣១៩,៩៤ លានដុល្លារ ធ្លាក់ចុះ ១១,៧៦ ភាគរយ, រថយន្តដឹកទំនិញ ១០៨,៧៤ លានដុល្លារ ធ្លាក់ចុះ ៣៩,៥៤ ភាគរយ, រថយន្តដឹកអ្នកដំណើរ ២០,៧៦ លានដុល្លារ កើន ១៥,៧ ភាគរយ, និងរថយន្តផ្សេងទៀត ៧,២៤ លានដុល្លារ ធ្លាក់ ២៥,៨១ ភាគរយ៕