ភ្នំពេញៈ ឥណទាន និងប្រាក់បញ្ញើនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជានៅរក្សាកំណើន ១៣,៨ ភាគរយ និង ៦,៤ ភាគរយរៀងគ្នានៅឆមាសទី ១ នេះ បើទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងសកលមានកំណើនយឺតដោយសារការបន្តអូសបន្លាយពេលសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបង្កឱ្យប៉ះពាល់ដល់តម្រូវការសកល។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ចេញផ្សាយកាលពីថ្ងៃទី ៣១ ខែកក្កដា ឱ្យដឹងថា ឥណទាន មានកំណើន ១៣,៨ ភាគរយទៅដល់ ៥៨,៦ ពាន់លានដុល្លារ និងប្រាក់បញ្ញើអតិថិជនកើនឡើង ៦,៤ ភាគរយកើនដល់ ៤៤,៤ ពាន់លានដុល្លារ។ ជាមួយគ្នានេះដើមទុនក្នុងប្រព័ន្ធធនាគារមានកំណើន ៨,១ ភាគរយ ដល់ ៨,៧ ពាន់លានដុល្លារ។
សម្រាប់វិស័យធនាគារ ឥណទានអតិថិជនកើនឡើង ១១,៩ ភាគរយដល់ ៤៥,៨ ពាន់លានដុល្លារ និងមានចំនួន ១,៦ លានគណនី។ ឥណទានត្រូវបានផ្តល់ទៅវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចដូចជា ការជួញដូររាយ ១៦ ភាគរយ (កើន ១២,៩ ភាគរយ), ការទិញផ្ទះកម្មសិទ្ធិផ្ទាល់ខ្លួន ១៤,៥ ភាគរយ (កើន ១៧,៥ ភាគរយ), ការជួញដូរអចលនទ្រព្យ ៩,៥ ភាគរយ (កើន ១៣,៦ ភាគរយ), ការជួញដូរដុំ ៩,៣ ភាគរយ (កើន ១១,៧ ភាគរយ), សំណង់ ៩ ភាគរយ (កើន ៨,៩ ភាគរយ), កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៨ភាគរយ (កើន ១៣,៤ ភាគរយ), ការឱ្យខ្ចីជាបុគ្គល ៨,៣ ភាគរយ (កើន ០,៩ ភាគរយ), កម្មន្តសាល ៤,៣ ភាគរយ (កើន ២២,២ ភាគរយ), សណ្ឋាគារ និងភោជនីយដ្ឋាន ៤,២ ភាគរយ (កើន ៧,៨ ភាគរយ), និងផ្សេងៗ ១៦,៩ ភាគរយ (កើនឡើង ១០,៤ ភាគរយ)។ ចំណែកប្រាក់បញ្ញើ កើន ៦,៤ ភាគរយ ដល់ ៣៩,៤ ពាន់លានដុល្លារ និងមានចំនួន ១៣,៧ លានគណនី។
សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ឥណទានអតិថិជនបានកើនឡើង ១៤,៨ ភាគរយ ដល់ ៩,៧ ពាន់លានដុល្លារ។ ឥណទានទាំងនោះផ្តល់ទៅឱ្យវិស័យសំខាន់ៗដូចជា អង្គភាពគ្រួសារ ៣៤ ភាគរយ (កើន ១៨,៤ភាគរយ), ពាណិជ្ជកម្ម និងជំនួញ ២៣,២ ភាគរយ (កើន ១៥ ភាគរយ), កសិកម្ម ១៧,៧ ភាគរយ (កើន ១៣,២ ភាគរយ), សេវាកម្ម ១៣,៤ ភាគរយ (កើន ៨,៩ ភាគរយ), ដឹកជញ្ជូន ៤,២ ភាគរយ (កើន ០,២ ភាគរយ), សំណង់ ៤,៤ ភាគរយ (កើន ១៤ ភាគរយ), កម្មន្តសាល ១,៩ ភាគរយ (កើន ៣០,៨ភាគរយ), និងផ្សេងៗ ១,៣ ភាគរយ(កើនឡើង ៤២,៤ ភាគរយ)។ វិស័យនេះទទួលបានប្រាក់បញ្ញើ ៤,៩ ពាន់លានដុល្លារ ស្មើនឹង ២,៧ លានគណនី។
លោក ជា ចាន់តូ ទេសាភិបាលនៃ NBC បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ ២០២៣ កាលពីថ្ងៃទី ៣០ ខែកក្កដាថា ក្នុងឆមាសទី១ នេះប្រព័ន្ធធនាគារកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែរឹងមាំ ហើយស្ថិរភាពនៃប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្មនៅក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
លោកបន្តថា បើទោះបីលក្ខខណ្ឌហិរញ្ញវត្ថុសកលកំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ធនាគារនៅអាមេរិកចំនួន ៣ បានដួលរលំនាដើមឆ្នាំ ២០២៣ ដែលបង្កការព្រួយបារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបានភាពធន់ និងរឹងមាំ។ លោកបន្តថា ស្ថានភាពដើមទុន និងសន្ទនីយភាពបន្តមានកម្រិតខ្ពស់ជាងបទប្បញ្ញត្តិ ខណៈអនុបាតឥណទានមិនដំណើរការបានកើនឡើងបន្តិច ប៉ុន្តែស្ថិតនៅកម្រិតទាបដែលមិនបង្កជាហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុនោះឡើយ។ ឥណទាន និងប្រាក់បញ្ញើមានកំណើន ១៣,៨ ភាគរយ និង ៦,៤ ភាគរយរៀងគ្នា ដែលបានរួមចំណែកគាំទ្រដល់ការស្តារសកម្មភាពសេដ្ឋកិច្ចនៅតាមវិស័យនានា។
លោកថ្លែងថា៖ «ស្ថិរភាពល្អប្រសើរនៃប្រព័ន្ធធនាគារកម្ពុជា គឺដោយសារកន្លងមកធនាគារជាតិនៃកម្ពុជាបានអនុវត្តនយោបាយម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្នប្រកបដោយស្មារតីបុរេសកម្ម ហើយការត្រួតពិនិត្យប្រព័ន្ធធនាគារ និងការធ្វើតេស្តលើភាពរឹងមាំនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងជាប្រចាំ»។
លោក ទូច ចៅចេក នាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា បានកត់សម្គាល់ថា ទាំងកម្ចី និងប្រាក់បញ្ញើក្នុងវិស័យធនាគារនៅតែមានកំណើន ប៉ុន្តែក្នុងល្បឿនយឺត ដោយសារអត្រាកំណើនទាបជាងអត្រាកំណើននៅឆ្នាំ ២០២២។ លោកបន្តថា ធនាគាររបស់លោកក៏បានកើនឡើងទាំងកម្ចី និងបញ្ញើនៅឆមាសទី១ នេះដែរ។ ប៉ុន្តែនៅឆ្នាំនេះ ធនាគាររបស់លោកភាគច្រើនផ្តោតលើប្រាក់បញ្ញើដែលកើនឡើងច្រើនជាងប្រាក់កម្ចី។
លោកបញ្ជាក់ថា៖ «ប្រព័ន្ធធនាគាររបស់យើងនៅតែមានភាពរឹងមាំ ប៉ុន្តែគ្រាន់តែអត្រាកំណើនទាបជាងអត្រាកំណើនពីមុន ដោយសារតែការកើនឡើងនៃអត្រាការប្រាក់ក៏ប៉ះពាល់ដល់តម្រូវការប្រាក់កម្ចីផងដែរ»។
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៣ ប្រព័ន្ធធនាគារនៅកម្ពុជាមានធនាគារពាណិជ្ជ ៥៩ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ១១៨៕