ភ្នំពេញៈ កម្ពុជានឹងមិនមានភាពចាំបាច់ដើម្បីនាំចូលអំបិលពីក្រៅប្រទេសមកបំពេញតម្រូវការក្នុងស្រុកទេក្នុងឆ្នាំ ២០២៣ នេះ ខណៈអាកាសធាតុអំណោយផលបានជួយឱ្យការផលិតអំបិលសម្រេចបានជាង ៨ ម៉ឺនតោន។ នេះបើតាមអ្នកនៅក្នុងវិស័យផលិតកម្មអំបិលកម្ពុជា។
ខេត្តកំពត និងកែប ជាទីតាំងផលិតអំបិលនៅកម្ពុជា ដោយក្នុងឆ្នាំ ២០២៣ នេះ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តទាំង ២ មានប្រហាក់ប្រហែលនឹងឆ្នាំ ២០២២ ដែលមានទំហំ ៤ ៧៤៨ ហិកតា។ ជាធម្មតារដូវកាលផលិតអំបិល គឺចាប់ពីចុងខែធ្នូ ទៅដល់ពាក់កណ្តាលខែឧសភានៃឆ្នាំនីមួយៗ ប៉ុន្តែក៏មានឆ្នាំខ្លះអាកាសធាតុក្តៅបានអូសបន្លាយការផលិតរហូតដល់ដើមខែកក្កដា។ បើអាកាសធាតុអំណោយផលផ្ទៃដី ១ ហិកតាគេអាចផលិតអំបិលបានជាមធ្យម ២០ តោនក្នុង ១ ឆ្នាំ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានឱ្យដឹងថា ក្នុង ១ ឆ្នាំៗកម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ។
ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត លោក សុខ គឹមជឿន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែសីហាថា ការផលិតអំបិលនៅខេត្តកំពតបានបញ្ចប់ជាង ១ ខែមកហើយ។ កត្តាអាកាសធាតុអំណោយផលបានធ្វើឱ្យទិន្នផលអំបិលដែលប្រមូលបាននៅខេត្តកំពតក្នុងឆ្នាំ ២០២៣ នេះមានចំនួន ៧៨ ៤៨៤ តោន កើនជាង ៤០ ០០០ តោនធៀបនឹងឆ្នាំ ២០២២ ដែលប្រមូលបានក្នុងរង្វង់ ៣០ ០០០ តោន។
លោកបន្តថា ដោយសារការទិន្នផលឆ្នាំនេះច្រើន ដូច្នេះតម្លៃអំបិលនៅលើទីផ្សារក្នុងស្រុកបានធា្លក់ចុះបន្តិចបន្តួចបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយអំបិលស (អំបិលល្អ) មានតម្លៃជាមធ្យម ២០ ០០០ រៀលក្នុង ១ បាវ ទម្ងន់ ៥០ គីឡូក្រាម និងអំបិលមិនស្អាត តម្លៃ ១៣ ០០០ រៀល។
លោកថ្លែងថា៖ «ជាមួយនឹងផលអំបិលដែលប្រជាកសិករប្រមូលបានក្នុងឆ្នាំនេះ ខ្ញុំគិតថា កម្ពុជានឹងមិនមានតម្រូវការនាំចូលអំបិលពីក្រៅប្រទេសមកបំពេញតម្រូវការក្នុងស្រុកបន្ថែមទៀតឡើយ»។
កាលពីឆ្នាំ ២០២២ កម្ពុជាបាននាំចូលអំបិលធម្មជាតិពីប្រទេសឥណ្ឌាប្រមាណជិត ២ ម៉ឺនតោនដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកត្តាអាកាសធាតុធ្វើឱ្យទិន្នផលប្រមូលបានក្នុងឆ្នាំ ២០២២ ស្ថិតក្នុងរង្វង់ ៤ ម៉ឺនតោន។
យោងតាមលោក គឹមជឿន គិតត្រឹមថ្ងៃទី ១ ខែសីហា អំបិលនៅក្នុងខេត្តកំពតចំនួន ៥១ ៧២៣ តោនត្រូវបានបញ្ចេញលក់លើទីផ្សារ និងនៅសល់ជាង ២៦ ០០០ តោនទៀតក្នុងឃ្លាំងស្តុក។ បើអាកាសធាតុអំណោយផល (គ្មានភ្លៀង)រយៈពេលជាង ២ ខែខាងមុខកសិករនឹងចាប់ផ្តើមរៀបចំដីដើម្បីបង្ហូរទឹកសមុទ្រចូលក្នុងស្រែ។
ទាក់ទងការប្រកាសរបស់អ្នកជំនាញអន្តរជាតិដែលថា នៅក្នុងឆ្នាំ ២០២៣-២០២៤ ពិភពលោកនឹងខ្សត់ភ្លៀង ហើយឡើងកម្តៅខ្ពស់ លោក គឹមជឿន ប្រាប់ថា ដោយសារការផលិតអំបិលធម្មជាតិតែងត្រូវការអាកាសធាតុរាំងយូរ (អាចចាប់ពី ២ សប្តាហ៍ឡើងទៅ) ដូច្នេះទោះបីអាកាសធាតុក្តៅ ប៉ុន្តែបើ ១០ ថ្ងៃមានភ្លៀងធ្លាក់ខ្លាំង ១ ដងនោះការផលិតអំបិលក៏មិនបានផលដែរ។
ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែប លោក ភោគ សុខេន បាននិយាយថា សម្រាប់ទិន្នផលអំបិលដែលកសិករក្នុងខេត្តកែបផលិតបានឆ្នាំ ២០២៣ នេះ គឺប្រហែល ៣ ០០០ តោនដោយធ្លាក់ចុះប្រមាណ ៤០ ភាគរយបើធៀបនឹងឆ្នាំមុន ដែលផលិតបានប្រមាណ ៥ ០០០ តោន។ លោកបន្ថែមថា មូលហេតុដែលធ្វើឱ្យការផលិតអំបិលនៅខេត្តកែបធ្លាក់ចុះ គឺដោយសារប្រជាកសិករមួយចំនួនបានងាកទៅប្រកបមុខរបរផ្សេងវិញ ដោយមកដល់ពេលនេះក្នុងខេត្តកែប មាននៅសល់ក្រុមផលិតតែចំនួន ៧ ប៉ុណ្ណោះ។
លោកអះអាងថា៖ «ការបោះបង់មុខរបររបស់កសិករបានធ្វើឱ្យទិន្នផលអំបិលដែលផលិតបានក្នុងខេត្តកែបធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្រាប់តម្រូវការអំបិលប្រើប្រាស់នឹងអាចដឹងបរិមាណពិតប្រាកដ គឺគេត្រូវរង់ចាំមើលរហូតដល់រដូវធ្វើប្រហុក (អំឡុងខែវិច្ឆិកា-ធ្នូ) ទើបដឹងច្បាស់»។
បើតាមលោក សុខេន គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា អំបិលក្នុងឃ្លាំងខេត្តកែប មានចំនួន ១ ៣៦៩ តោន។
កាលពីឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ គឺជាពេលដែលកម្ពុជាប្រមូលផលអំបិលបានច្រើនដោយក្នុង ១ ឆ្នាំៗបានជាង ១០ ម៉ឺនតោន។ ទោះយ៉ាងណាទិន្នផលបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៧ មក៕