ភ្នំពេញៈលោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ២ ខែសីហាថា កាលពីចុងសប្តាហ៍កន្លងទៅ ខាងសហព័ន្ធស្វាយចន្ទីកម្ពុជាបានទៅជួបជាមួយប្រធានសមាគមស្វាយចន្ទីវៀតណាមនៅទីក្រុងហូជីមិញប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។
ជំនួបរវាងភាគីទាំង២នេះ ស្របពេលដែលកម្ពុជាកំពុងក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីបានល្អជាងគេក្នុងពិភពលោក ហើយវៀតណាមជាប្រទេសដែលកែច្នៃនិងនាំចេញស្វាយចន្ទីច្រើនជាងគេក្នុងពិភពលោកផងដែរ។
លោកអាន តារា បានឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចពិភាក្សានោះគឺដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងស្ថាប័នទាំង២ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួតថែមទៀត ព្រមទាំងជំរុញឱ្យក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម ទិញស្វាយចន្ទីដោយផ្ទាល់ពីកសិករឬសហគមន៍ ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល ដើម្បីឱ្យកសិករទទួលបានតម្លៃបន្ថែម។
លោកបានបញ្ជាក់ថា៖«បច្ចុប្បន្ននេះប្រហែល៨៥ភាគរយ ទៅ៩០ភាគរយការលក់ស្វាយចន្ទីទៅឱ្យអ្នកកែច្នៃនៅប្រទេសវៀតណាមធ្វើឡើងតាមរយៈឈ្មួញកណ្តាល ខណៈដែលវៀតណាមគឺប្រទេសដែលទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាច្រើនជាងគេរហូតជាង៩៥ភាគរយ ហើយប្រទេសទាំង២ក៏ជាប្រទេសជាប់របងគ្នាដែលមានភាពងាយស្រួលដល់ការដឹកជញ្ជូន»។
លោកតារា បានបន្តថា សហព័ន្ធស្វាយចន្ទីចង់ឱ្យក្រុមហ៊ុនធំៗដែលមានស្តង់ដានៅវៀតណាមទទួលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ដោយសារបច្ចុប្បន្ននេះការកែច្នៃផលិតផលស្វាយចន្ទីនៅកម្ពុជានៅកម្រិតទាបនៅឡើយ ពោលគឺប្រមាណតែ៥ភាគរយប៉ុណ្ណោះ ខណៈដែលកម្ពុជាជាប្រទេសផលិតបានច្រើនជាងគេនៅលើពិភពលោក។
«ការទទួលទិញពីកសិករដោយផ្ទាល់ អាចធ្វើឡើងតាមរយៈការសហការជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ហើយសហព័ន្ធស្វាយចន្ទីកម្ពុជានឹងខិតខំជួយដល់កសិករដើម្បីឱ្យការប្រមូលផល និងហាលគ្រាប់ស្វាយចន្ទី ឱ្យបានត្រឹមត្រូវតាមស្តង់ដា»។ លោក តារា បានបញ្ជាក់បន្ថែម។
លោក ណុក ប៊ុនថន កសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ធំ បានឱ្យដឹងថា ការលក់គ្រាប់ស្វាយចន្ទីទៅឱ្យឈ្មួញកណ្តាល ពិតជាទទួលបានតម្លៃទាបជាងលក់ឱ្យក្រុមហ៊ុនវៀតណាមដោយផ្ទាល់មែន។ ម្យ៉ាវិញទៀត ពេលខ្លះឈ្មួញបង្អាប់តម្លៃតាមចិត្ត ជាពិសេសនៅពេលស្វាយចន្ទីសម្បូរខ្លាំង។
លោកបានថ្លែងដូច្នេះថា៖«វាជារឿងធម្មតាហើយ ឈ្មួញកណ្តាលឱ្យតែរបស់សម្បូរខ្លាំង(គ្រាប់ស្វាយចន្ទី) គេឱ្យតម្លៃថោក លក់ឬមិនលក់ក៏ហីទៅ ហើយយើងប្រញាប់ត្រូវការលុយទូទាត់ ដូច្នេះល្មមៗក៏លក់ទៅ»។
លោកណុក ប៊ុនថន បានបន្ដថា ការជំរុញឱ្យមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើននឹងធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីមានស្ថិរភាព និងមិនចាំបាច់ពឹងផ្អែកលើទីផ្សារវៀតណាមតែមួយ។
បើតាមលោក អាន តារា ក្នុងគ្រាដែលកម្ពុជាកំពុងត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោកនៅឆ្នាំក្រោយលោកក៏បានអញ្ជើញសមាគមស្វាយចន្ទីវៀតណាមមកចូលរួមនិងចែករំលែកបទពិសោធន៍នៃការរៀបចំវេទិកានេះផងដែរ។
លោកបានបញ្ជាក់ថា៖«បន្ថែមពីនេះយើងក៏ចង់ឱ្យក្រុមហ៊ុនកែច្នៃរបស់វៀតណាមមកតាំងបង្ហាញពីរបៀបនៃការកែច្នៃផលិតផលស្វាយចន្ទីរបស់វៀតណាមនៅក្នុងវេទិកានេះផងដែរ ដើម្បីជំរុញការកែច្នៃឱ្យអស់លទ្ធភាព ទាំងសាច់ និងសម្បកស្វាយចន្ទីនៅកម្ពុជា»។
លោកអាន តារា បានបន្ថែមថា អ្វីដែលសហព័ន្ធស្វាយចន្ទីប្រឹងប្រែងគឺធ្វើយ៉ាងណាដើម្បីជួយដល់ការកែច្នៃវិស័យស្វាយចន្ទីរបស់ខ្មែរឱ្យស្របទៅតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីដែលគម្រោងនៅឆ្នាំ២០២៧ កែច្នៃឱ្យបាន២៥ភាគរយនិងនៅឆ្នាំ២០៣២ កែច្នៃឱ្យបាន៥០ភាគរយ ៕