ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍ចំពោះវត្តមានប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី ដែលបានចុះមកសិក្សាស្វែងយល់ពីសក្ដានុពលទីផ្សារនិងការវិនិយោគនៅកម្ពុជា ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចបានលើកបង្ហាញពីវិស័យសក្តានុពល ដែលរំពឹងថា នឹង មានកំណើនវិជ្ជមានថែមទៀត។
នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី ២ ខែសីហា ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររវាងលោក អូន ព័ន្ធមុនីរ័ត្ន ជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF)។ សេចក្តីជូនដំណឹងបន្តថា ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ដឹកនាំដោយលោក Gary Lim ប្រធានប្រចាំប្រទេស អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានាចំនួន ២៣ រូបទៀត បានចូលជួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ក្នុងគោលបំណងស្វែងយល់ពីសក្ដានុពលទីផ្សារ និងការវិនិយោគ ពិសេសស្វែងរកកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។
បើយោងតាមក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមានរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីមកកាន់កម្ពុជាភ្លាមៗបន្ទាប់ពីការបោះឆ្នោត ខណៈលោកយល់ថា ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីការទុកចិត្តមកលើភាពចាស់ទុំផ្នែកនយោបាយរបស់កម្ពុជា និងប្រជាជនកម្ពុជាដែលបានប្ដេជ្ញាការពារ សុខសន្តិភាព ការអភិវឌ្ឍ និងប្រជាធិបតេយ្យ។
លោកលើកឡើងថា៖ «ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ ធុរជន និងវិនិយោគិនសិង្ហបុរីពីប្រទេសកម្ពុជា ដែលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អនូវការរីករាលដាលនៃជំងឺកូវីដ ១៩ និងបើកឱកាសឱ្យវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិត្រឡប់ចូលកម្ពុជាវិញសម្រាប់ចូលរួម ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ»។
ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ដែរថា សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកំណើន ៥, ៦% នៅឆ្នាំ ២០២៣ និងកំណើន ៦,៦% នៅឆ្នាំ ២០២៤, អតិផរណានឹងមានត្រឹម ២,៥% នៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ និងអត្រាប្តូរប្រាក់ និងទុនបម្រុងជាតិនឹងមានស្ថិរភាព។ ដោយឡែកវិស័យសក្តានុពលរបស់កម្ពុជារួមមាន៖ វិស័យកសិកម្ម, វិស័យទេសចរណ៍ និងវិស័យមិនមែនកាត់ដេរ ក៏នៅតែជាវិស័យសក្តានុពល ដែលរំពឹងថានឹងមានកំណើនវិជ្ជមានផងដែរ។
ជុំវិញរឿងនេះដែរ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ ក៏បានថ្លែងនៅថ្ងៃទី ២ សីហាថា ប្រសិនបើវិនិយោគិនសិង្ហបុរី មកសិក្សាស្វែងយល់ពីសក្ដានុពលនៅកម្ពុជាហើយចង់ធ្វើការវិនិយោគនៅកម្ពុជាពិតមែន នោះជាសញ្ញាល្អនិងបង្ហាញពីការរួមចំណែកធានាដល់និរន្តរភាពសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។
យ៉ាងណាមិញ លោកថា៖ «ជាភារកិច្ចដែលរាជរដ្ឋាភិបាលគួរធ្វើបន្ថែមទៀត ដើម្បីផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ គឺរដ្ឋាភិបាលចាំបាច់ត្រូវមានកិច្ចសន្ទនាច្បាស់លាស់ តាមរយៈការជំរុញកិច្ចសហការជាមួយវិនិយោគិនក្នុងស្រុកដែលមានលទ្ធភាពធំៗបង្ហាញពីសុទិដ្ឋិនិយមពីកម្ពុជាបង្ហាញសក្តានុពល វិស័យអាទិភាពដល់វិនិយោគិនបរទេសទាំងនោះ ថាយើងពិតជាមានផែនការច្បាស់លាស់ ដើម្បីធានាសុខុមាលភាពរបស់កម្ពុជារយៈពេលវែង»៕