ភ្នំពេញៈ វិស័យដឹកជញ្ជូននឹងទទួលរងផលប៉ះពាល់ខ្លាំង ហើយថ្លៃដើមទំនិញក៏នឹងកើនឡើងផងដែរបើសិនការកើនឡើងនៃតម្លៃប្រេងនៅទីផ្សារអន្តរជាតិអូសបន្លាយពេលយូរទៅមុខ ខណៈតម្លៃប្រេងលក់រាយនៅកម្ពុជាបានកើនឡើងប្រមាណ ១០ ភាគរយចាប់ពីថ្ងៃទី ១ ខែសីហា។ នេះបើតាមអ្នកនៅក្នុងវិស័យដឹកជញ្ជូន និងអ្នកជំនួញនៅកម្ពុជា។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ប្រេងសាំង (EA92) លក់រាយនៅកម្ពុជា ចាប់ពីថ្ងៃទី ១-១០ ខែសីហា ឆ្នាំ ២០២៣ មានតម្លៃ ៤ ៥៥០ រៀលក្នុង ១ លីត្រ កើនពី ៤ ១៥០ រៀល និងប្រេងម៉ាស៊ូត ៤ ៤៥០ រៀល កើនពី ៤ ០០០ រៀល។
អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ កាលពីថ្ងៃទី ១ ខែសីហា បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា តម្លៃប្រេងត្រូវឡើងតាំងពីមុនពេលការបោះឆ្នោតជាតិ (ថ្ងៃទី ២៣ ខែកក្កដា) ប៉ុន្តែដោយមានការសម្របសម្រួលពីរដ្ឋ និងផ្នែកឯកជនតម្លៃក៏មិនបានប្រែប្រួលទេ។ លោកបន្តថា បើតម្លៃប្រេងនៅទីផ្សារអន្តរជាតិកើនឡើង តម្លៃប្រេងនៅកម្ពុជាក៏នឹងកើនឡើងដែរ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែសីហាថា ការកើនឡើងតម្លៃប្រេងនៅទីផ្សារអន្តរជាតិនឹងជះឥទ្ធិពលទៅគ្រប់ចង្វាក់ផលិតកម្ម ពិសេសប្រទេសនាំចូលប្រេងដូចជាកម្ពុជា។ ដោយសារប្រេងឥន្ធនៈមានតម្រូវការនៅស្ទើរគ្រប់ផ្នែក ដូច្នេះផលប៉ះពាល់គឺប្រាកដជាមាន ដោយគ្រាន់តែផ្នែកខ្លះដោយប្រយោល និងផ្នែកខ្លះដោយផ្ទាល់ (ការដឹកជញ្ជូន)។
លោកថ្លែងថា៖ «សម្រាប់វិស័យដឹកជញ្ជូន ផលប៉ះពាល់ គឺប្រាកដជាមាន ដោយប្រាក់ចំណេញរបស់ក្រុមហ៊ុននឹងត្រូវចុះទាបជាងមុន ហើយតម្លៃដឹកជញ្ជូនក៏អាចកើនឡើងដែរ»។
ទោះបីយ៉ាងណា លោកអះអាងថា តម្លៃប្រេងនៅពេលនេះមិនទាន់ឡើងដល់កម្រិតខ្ពស់ដែលអ្នកប្រើប្រាស់មិនអាចទទួលយកបាននោះទេ។ តម្លៃដឹកជញ្ជូនពេលនេះក៏មិនឡើងខ្ពស់ដូចកាលពីអំឡុង ២-៣ ឆ្នាំមុនដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង និយាយថា ការកើនឡើងនៃតម្លៃប្រេង គឺពិតជាជះឥទ្ធិពលមិនល្អដល់សកម្មភាពសេដ្ឋកិច្ច ព្រោះគ្រប់សកម្មភាពផលិតកម្មគឺសុទ្ធតែត្រូវការប្រើប្រាស់ប្រេង។ បើការឡើងតម្លៃប្រេងមានរយៈពេលខ្លី គឺមិនមានបញ្ហាអ្វីទេ ប៉ុន្តែបើឡើងរយៈពេលវែង (ចាប់ពី ២-៣ខែ) គឺអាចប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម ជាពិសេសផ្នែកដឹកជញ្ជូន និងគ្រឿងយន្តកសិកម្មដែលប្រើប្រាស់ប្រេងឥន្ធនៈ»។
លោកបានបន្តថា សម្រាប់រោងចក្រ សហគ្រាស គឺមិនសូវប៉ះពាល់នោះទេ ព្រោះភាគច្រើនដំណើរការដោយប្រើអគ្គិសនីរបស់រដ្ឋ។ ប៉ុន្តែបើតម្លៃប្រេងបន្តកើនឡើងយូរតម្លៃទំនិញគ្រប់ប្រភេទនឹងកើនដែរ។
លោកនិយាយថា៖ «សម្រាប់ការនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ខ្ញុំគិតថា វានឹងមិនមានផលប៉ះពាល់ទេ ព្រោះការកើនតម្លៃប្រេងពេលនេះគឺនៅទូទាំងពិភពលោក»៕