ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានអះអាងថា ការកើនឡើងនៃទុនបម្រុងអន្តរជាតិរបស់កម្ពុជា គឺឆ្លុះបញ្ចាំងពីស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្តនៃរូបិយប័ណ្ណក្នុងស្រុក អត្រាសន្ទនីយភាពខ្ពស់ ក៏ដូចជាការបញ្ជាក់ពីភាពរឹងមាំផ្នែកសេដ្ឋកិច្ចប្រឆាំងទប់ទល់នឹងវិបត្តិខាងក្រៅ។
យោងតាមរបាយការណ៍បានពីធនាគារជាតិនៃកម្ពុជា (NBC) ទុនបម្រុងអន្តរជាតិសរុបរបស់កម្ពុជាបានកើនដល់ ១៨,៤ ពាន់លានដុល្លារគិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ កើន ៣,២ ភាគរយពី ១៧,៨២ ពាន់លានដុល្លារកាលពីចុងឆ្នាំ ២០២២ ទោះបីមានសម្ពាធដោយសារតែការដួលរលំរបស់ធនាគារអាមេរិក និងការខាតបង់របស់ Credit Suisse ដែលជាធនាគារដ៏ធំមួយនៅប្រទេសស្វ៊ីស និងការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍។
NBC បន្តថា ទោះបីទទួលរងសម្ពាធពីការដួលរលំធនាគារអាមេរិក និងការខាតបង់របស់ធនាគារ Credit Suisse ដែលជាធនាគារធំមួយនៅប្រទេសស្វ៊ីស និងការដំឡើងអត្រាការប្រាក់គោលនៃធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍។
NBC បញ្ជាក់ថា៖ «ការកើនឡើងទុនបម្រុងនេះជាលទ្ធផលពីការកើនឡើងចំណូលពីការវិនិយោគក្រៅប្រទេស ថ្លៃមាស និងប្រាក់បញ្ញើរបស់រដ្ឋាភិបាលនិងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះ គឺបង្ហាញពីលទ្ធភាពរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្តលើរូបិយវត្ថុជាតិ មូលដ្ឋានសម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការសន្ទនីយភាពទប់ទល់នឹងវិបត្តិពីខាងក្រៅ។
លោក ឆាយ បូរ៉ា នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនប្រឹក្សាគោលនយោបាយសាធារណៈ Bower Group Asia (BGA) សង្កេតឃើញថា ទុនបម្រុងអន្តរជាតិកម្ពុជាបានកើនឡើងទ្វេដងបើធៀបទៅនឹងរយៈពេល ១០ ឆ្នាំចុងក្រោយ ដែលនេះបង្ហាញថាសេដ្ឋកិច្ចកម្ពុជាសេដ្ឋកិច្ចកម្ពុជាកំពុងកើនឡើង ខណៈប្រាក់ចំណូល និងប្រាក់សន្សំរបស់ប្រជាជនក៏កើនឡើងផងដែរ។
លោកពន្យល់ថា ការរក្សាទុនបម្រុងបរទេសរបស់ប្រទេសគឺឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចកម្ពុជា និងផែនការគ្រប់គ្រងហានិភ័យចំពោះវិបត្តិខាងក្រៅណាមួយដែលផ្តល់លទ្ធភាពឱ្យប្រទេសនេះ ដើម្បីដោះស្រាយវិបត្តិទាំងនោះ។
លោកបញ្ជាក់ថា៖ «ទុនបម្រុងអន្តរជាតិរបស់ប្រទេសមានសារៈសំខាន់ណាស់ ដោយសារតែវាបញ្ជាក់ថាយើងទទួលបានស្ថានភាពហិរញ្ញវត្ថុរឹងមាំដែលវាអាចជួយសង្គ្រោះប្រទេសនៅពេលមានវិបត្តិណាមួយកើតឡើង។ ការណ៍នេះមានន័យថា កាលណាមានវិបត្តិកើតឡើង យើងអាចប្រើប្រាក់នេះដើម្បីនាំចូលទំនិញ និងផ្គត់ផ្គង់តម្រូវការក្នុងប្រទេស ដើម្បីឱ្យរដ្ឋាភិបាលមានពេលសម្រាប់ដោះស្រាយស្ថានការណ៍លំបាក ឬវិបត្តិនានា»។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cambodian Investment Management Co Ltd ធ្លាប់បាននិយាយថា ប្រទេសកម្ពុជាបានរក្សាកម្រិតទុនបម្រុងអន្តរជាតិខ្ពស់ជាងអ្វីដែលកំណត់ជាទូទៅសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ។
លោកបានពន្យល់ថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាទូទៅកំពុងរក្សាទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ពួកគេនៅក្នុងទំហំដែលមិនធ្លាប់មានពីមុនមកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាផលវិបាកនៃការកើនឡើងតម្លៃថាមពល បញ្ហាចង្វាក់ផ្គត់ផ្គង់ និងជាការប្រុងប្រយ័ត្ន និងការការពារខ្លួនឯងប្រឆាំងនឹងវិបត្តិរូបិយប័ណ្ណ។
NBC ពន្យល់ថា ការវិនិយោគទុនបម្រុងអន្តរជាតិត្រូវបានអនុវត្តដោយមានភាពបត់បែន ហើយហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ និងគោរពតាមសេចក្តីណែនាំការវិនិយោគរបស់ខ្លួនដើម្បីធានាបាននូវការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងបានចំណូលសមស្រប។
នៅដើមឆ្នាំ ២០២៣ នេះ NBC បានធ្វើបច្ចុប្បន្នភាពសេចក្តីណែនាំការវិនិយោគ ដោយបានកែសម្រួលសមាសភាគ នៃចំណែកទុនបម្រុងវិនិយោគ និងរូបិយវត្ថុ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការសន្ទនីយភាព និងលទ្ធភាពខ្ពស់ក្នុងការចាប់យកឱកាសពីការប្រែប្រួលអត្រាការប្រាក់នៅលើទីផ្សារ។ ទន្ទឹមនឹងនេះ NBC ក៏បានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគលើសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណដែលពាក់ព័ន្ធនឹងបរិស្ថានសង្គម និងអភិបាលកិច្ចដែលបានបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប៕