ភ្នំពេញៈ វិនិយោគិនចិនបានសម្តែងសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងបានសន្យាជំរុញក្រុមវិនិយោគិនរបស់ខ្លួនឱ្យមកសិក្សាស្វែងយល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅពេលខាងមុខ។
ព័ត៌មាននេះត្រូវបានលោក Boris Xueប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ប្រទេសចិន លើកឡើងនៅក្នុងជំនួបជាមួយលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) នៅទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី២ ខែសីហា។
លោក Boris Xueដែលដឹកនាំគណៈប្រតិភូវិនិយោគ ១៥ក្រុមហ៊ុនមកពីប្រទេសចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា និងបានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះបានជំរុញ និងលើកទឹកចិត្តក្រុមវិនិយោគិនចិន ជាពិសេសនៅក្រុងណឹងប៉ឱ្យមកសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែច្រើនចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ លោកក៏បានលើកឡើងពីវិស័យសំខាន់ៗដែលវិនិយោគិនចិនប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន តាមរយៈការវិនិយោគក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា ឧស្សាហកម្ម, ការផលិតក្រណាត់ និងអំបោះ, បច្ចេកវិទ្យា,ពាណិជ្ជកម្ម និងអចលនទ្រព្យ។
លោកបានអះអាងថា៖«នឹងមានក្រុមហ៊ុនប្រមាណជាង ៤០ទៀតមកស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែងនៅកម្ពុជាក្នុងពាក់កណ្តាលខែសីហានេះផងដែរ»។
ជាការឆ្លើយតប លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) បាននិយាយថា នេះជាគណៈប្រតិភូវិនិយោគិនចិនទី១ ដែល ក.អ.ក. ទទួលជួបបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ បានបញ្ចប់។ តាមរយៈជំនួបនេះលោកសង្ឃឹមថា គណៈប្រតិភូចិននឹងច្បាមយកកាលានុវត្តភាពដែលកំពុងមានតាមរយៈការមកបណ្តាក់ទុនដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាត់តែរឹងមាំបន្ថែមទៀត។
លោកលើកឡើងថា៖«ខ្ញុំមានជំនឿថា គណៈប្រតិភូនឹងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគលើវិស័យគន្លឹះនានាដែលកម្ពុជាមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនដើម្បីចាប់យកទីផ្សារដែលពោរពេញដោយថាមវន្ត និងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំង២បានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។
អនុប្រជានសភាកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រៅពីទំនាក់ទំនងល្អផ្នែកការទូត ការផ្លាស់ប្តូរទំនិញរវាងប្រទេសកម្ពុជា-ចិន បានកើនឡើងជាលំដាប់ ខណៈចិន គឺជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមនិងគ្រឿងបង្គុំ-ផ្សំ ដ៏សំខាន់សម្រាប់កម្ពុជាយកមកផលិត-កែច្នៃជាផលិតផលសម្រេចដើម្បីនាំចេញ។ទំនាក់ទំនងនេះនឹងបន្តទៅមុខកាន់តែល្អ ខណៈប្រទេសទាំង២ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ផងដែរ។ លោកបន្តថា ក្រៅពីនេះប្រទេសចិន ក៏ជាទីផ្សារទទួលទិញទំនិញពីកម្ពុជាផងដែរ ពិសេសផលិតផលកសិកម្ម។
ខណៈដែលទឹកប្រាក់នាំចេញទំនិញពីកម្ពុជាតិចជាងចិន នាំមកកម្ពុជា លោក លឹម ហេង បានបញ្ជាក់ថា៖«ភាគច្រើននៃទំនិញចិននាំមកកម្ពុជា គឺជាធាតុផ្សំ ឬវត្ថុធាតុដើមសម្រាប់ផលិត ឬកែច្នៃទៅជាផលិតផលសម្រេចដើម្បីនាំចេញ។ ដូច្នេះវាមិនមែនជារឿងអាក្រក់នោះទេ»។
លោកប្រាប់ទៀតថា ចំនួនវិនិយោគិនចិនដែលចូលមកបណ្តាក់ទុននៅកម្ពុជាក៏មានចំនួនកាន់តែច្រើនផងដែរនាពេលនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងលិខិតថ្លែងអំណរគុណផ្ញើទៅកាន់លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) កាលថ្ងៃទី២៦ ខែកក្កដា បានលើកឡើងថា ទោះកម្ពុជាទើបរៀបចំការដោះឆ្នោតថ្នាក់ជាតិ និងស្ថិតនៅក្នុងដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មី ក៏គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិនគឺមិនផ្លាស់ប្ដូរឡើយ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំង ២ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់ ដើម្បីផ្ដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំង ២»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់សរុប ៦ ១៥៣,៣៤លានដុល្លារ កើនឡើង ២,៨ភាគរយបើធៀបឆមាសទី១ ឆ្នាំ២០២២ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសចិន ៧១៣,២៨លានដុល្លារ កើនឡើង ១៦,៦ភាគរយ និងទំនិញចិននាំមកកម្ពុជា ៥ ៤៤០,០៧លានដុល្លារ កើន ១,២ភាគរយ៕