ភ្នំពេញៈ លោក ម៉ែន សុភ័ក្ត្រ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា អំពាវនាវដល់ វិនិយោគិនជាតិ និងអន្តរជាតិវិនិយោគលើការកែច្នៃជ័រកៅស៊ូនៅក្នុងប្រទេសកម្ពុជាដើម្បី បង្កើនតម្លៃបន្ថែមក្នុងស្រុក និងនាំចូលនូវបច្ចេកវិទ្យាថ្មីៗ ខណៈដែលកម្ពុជាកំពុងតែទាក់ទាញ ក្រុមហ៊ុនបរទេសបង្កើតរោងចក្រកែច្នៃសម្បករថយន្តបានមួយចំនួនហើយនាពេលបច្ចុប្បន្ន។
ការថ្លែងរបស់លោក ម៉ែន សុភ័ក្ត្រ ក៏ជាប្រធានក្រុមហ៊ុនសុភ័ក្ត្រនីកាដែលគ្រប់គ្រងចម្ការកៅស៊ូប្រមាណ១ម៉ឺន៤ពាន់ហិកតានៅក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ចាមធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនរបស់វៀតណាមស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូបានដាក់ឱ្យដំណើរការនូវរោងចក្រកែច្នៃជ័រកៅស៊ូពាក់កណ្តាលសម្រេចនៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំកាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅនេះ។
រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំរបស់ក្រុមហ៊ុនវៀតណាមស៊ី អ ស៊ី ខេបានដាក់ឱ្យដំណើរការក្នុងការកែច្នៃជ័រកៅស៊ូនកាលពីថ្ងៃទី២៨ ខែកក្កដា ដែលមានសមត្ថភាពកែច្នៃបាន២តោនក្នុង១ម៉ោង។
លោកងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលបានធ្វើជាអធិបតីភាពថ្លែងក្នុងពិធីបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រកែច្នៃជ័រកៅស៊ូនោះថា រហូតមកដល់ពេលនេះរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ បានបញ្ចប់ការសាងសង់ជាស្ថាពរតាមកាលកំណត់ ដែលបានគ្រោងទុក និងបានដាក់បញ្ចូលខ្សែបញ្ជូនចង្វាក់ផលិតកម្មដែលមានសមត្ថភាពផលិត ២តោនក្នុង១ម៉ោង ឱ្យដំណើរការ។
លោកបានបន្ថែមថា៖« នេះជារោងចក្រកែច្នៃកៅស៊ូប្រកបដោយបច្ចេកវិទ្យាទំនើប ដែលជាការកត់សម្គាល់នូវដំណើរការនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិកក្រុមហ៊ុន អ្នកម៉ៅការសំណង់ អ្នកផ្គត់ផ្គង់ឧបករណ៍សម្ភារ និងក្រុមហ៊ុនជាដៃគូមួយចំនួនទៀតបានចូលរួមចំណែកក្នុងការបញ្ចប់ការសាងសង់រោងចក្រជាស្ថាពរ»។
លោកបានថ្លែងបន្តថា ដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់ការកែច្នៃផលិតផលកៅស៊ូ និងលើកកម្ពស់តម្លៃទំនិញបង្កើនការប្រកួតប្រជែង និងនាំមកនូវប្រសិទ្ធភាពក្នុងផលិតកម្ម និងអាជីវកម្ម សម្ព័ន្ធឧស្សាហកម្មកៅស៊ូ វៀតណាមបានយល់ព្រមអនុញ្ញាតឱ្យវិនិយោគលើគម្រោងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ របស់ក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ។
លោកក៏បានថ្លែងបញ្ជាក់ទៀតថា៖«ការដាក់ឱ្យដំណើរការរោងចក្រកែច្នៃកៅស៊ូនៅពេលនេះ ពិតណាស់នឹងក្លាយជាផ្នែកមួយបន្ថែមទៀតក្នុងការជំរុញសេដ្ឋកិច្ច ជាពិសេសជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសណ្តាន់។ យើងគាំទ្រវិនិយោគិនវៀតណាមបន្តវិនិយោគក្នុងខេត្តកំពង់ធំឱ្យបានកាន់តែច្រើនបន្ថែមទៀត។
លោក ម៉ែន សុភ័ក្ត្របានលើកឡើងថា វត្តមានរបស់រោងចក្រកែច្នៃជ័រកៅស៊ូរបស់វៀតណាមនេះ ឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់ក្រុមហ៊ុនមកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេសរោងចក្រនេះមិនត្រឹមតែចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវបច្ចេកវិទ្យាទំនើបៗក្នុងការកែច្នៃដើម្បីចូលរួមអភិវឌ្ឍវិស័យនេះផងដែរ។
លោកបានថ្លែងថា៖«យើងស្វាគមន៍រាល់ការវិនិយោគលើរោងចក្រកែច្នៃជ័រកៅស៊ូ ព្រោះវាបានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនបរទេសនៅប្រទេសកម្ពុជាយើង។ លើសពីនោះទៅទៀតរោងចក្រនេះនឹងផ្តល់តម្លៃបន្ថែមតាមរយៈការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចក៏ដូចជានាំចូលនូវបច្ចេកវិទ្យាទំនើបមកបំពាក់នៅរោងចក្រខ្លួនផងដែរ ជាជាងការដាំដុះរួចនាំចេញតែវត្ថុធាតុដើម»។
បើយោងតាមលោក សុភ័ក្ត្រ គិតរហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រកែច្នៃជ័រកៅស៊ូ និងសិប្បកម្មកែច្នៃប្រមាណជា១០០ទីតាំង ខណៈដែលប៉ុន្មានឆ្នាំមុនមានជាង១៦០។
ជាមួយនឹងវត្តមាននៃការបន្តបើកដំណើរការរោងចក្រផលិតសម្បកកង់កៅស៊ូរថយន្តនៅខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តស្វាយរៀង នឹងជួយស្រូបទាញយកជ័រកៅស៊ូក្នុងស្រុកនាពេលខាងមុខ។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ កម្ពុជាបានរកចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ មានចំនួន១៨៧ ១០៦ ៩៤៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៨៤២ ០០៣ដុល្លារ។ក្នុងឆមាសទី១ ឆ្នាំនេះ ជ័រកៅស៊ូមានតម្លៃ ១ ៣៤៤ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៥២ដុល្លារ ក្នុង១តោន ស្មើនឹង១៥.៨១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ ៣០៦ដុល្លារ ក្នុង១ម៉ែត្រគុប។
បច្ចុប្បន្នប្រទេសកម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២ភាគរយ។
ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕