ភ្នំពេញៈ ភ្ញៀវទេសចរអន្តរជាតិជិត ៤៤ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៣ ដែលជួយឱ្យគ្រឹះស្ថានអង្គររកចំណូលបានជាង ២០ លានដុល្លារ កើនឡើងជាង ៥ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមគ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដោយស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកេរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃ មានតម្លៃ ៣៧ ដុល្លារ, រយៈពេល ៣ ថ្ងៃ តម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃ មានតម្លៃ ៧២ ដុល្លារ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលផ្សព្វផ្សាយ កាលពីថ្ងៃទី ២ ខែសីហា គឺពីខែមករា-ខែកក្កដា ឆ្នាំ ២០២៣ មានភ្ញៀវបរទេស ៤៣៩ ៣៦៥ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយប្រាក់បានពីការលក់សំបុត្រចំនួន ២០ ៣១៧ ៣៤៥ ដុល្លារ កើនឡើង ៤២៣,៩៦ ភាគរយ និង ៥០២,៧៩ ភាគរយ ព្រមគ្នាបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។
ក្រៅពីចំណូលខាងលើ គ្រឹះស្ថានអង្គរ ក៏រកចំណូលបាន ៤៣៤ ៧៩៣ ដុល្លារផងដែរ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាប្រាសាទកោះកែរ ដែលមានទឹកប្រាក់ ១០៦ ១២៥ ដុល្លារ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស ៣២៨ ៦៦៨ ដុល្លារ។
ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា លោក ធៀម ធឿង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ សីហាថា តាំងពីដើមឆ្នាំ ២០២៣ មកចំនួនភ្ញៀវទេសចរបរទេស និងជើងហោះហើរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដោយភ្ញៀវជនជាតិថៃ វៀតណាម និងចិន មានច្រើនជាងគេ។ ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាអាចនឹងកើនឡើងច្រើននៅពេលព្រលានយន្តហោះសៀមរាបថ្មីបើកដំណើរការនៅត្រីមាសទី ៤ ខាងមុខ។
លោកថ្លែងថា៖ «យើងរំពឹងថា អាកាសយានដ្ឋានអន្តរជាតិថ្មីសៀមរាប ដែលគ្រោងបើកដំណើរការនៅខែតុលាខាងមុខ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរបរទេស ពិសេសជនជាតិចិន ឱ្យចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន»។
លោកប្រាប់ទៀតថា បើទោះក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះវិស័យទេសចរណ៍នៅកម្ពុជាធ្លាក់ចុះខ្លាំង ប៉ុន្តែសមាជិកសមាគមរបស់លោកតែងតែទាក់ទងគ្នា និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលក្នុងវិស័យទេសចរណ៍ជាបន្តបន្ទាប់ ដើម្បីត្រៀមទទួលបម្រើសេវាដល់ភ្ញៀវ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី និយាយថា ទោះបីការគំរាមកំហែងពីជំងឺកូវីដ ១៩ បានបិទបញ្ចប់ស្ទើរទាំងស្រុងក៏ដោយ ក៏ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាតំបន់ប្រាសាទបុរាណក្នុងខេត្តសៀមរាបមិនបានកើនឡើងច្រើននោះទេ។ ភាគច្រើននៃភ្ញៀវទាំងនោះ គឺមកពីប្រទេសជិតខាង និងក្នុងទ្វីបអាស៊ី។
លោកបន្តថា ដោយសារពេលនេះជារដូវកាលមិនសូវមានភ្ញៀវ ដូច្នេះគេមិនទាន់អាចវាយតម្លៃថា កំណើនភ្ញៀវទេសចរបរទេសនឹងកើនឡើងកម្រិតណានោះទេនៅចុងឆ្នាំដែលជារដូវកាលមានភ្ញៀវទេសចរច្រើន។
លោកបញ្ជាក់ថា៖ «ក្នុងនាមអ្នកនៅក្នុងវិស័យទេសចរណ៍ យើងពិតជាចង់ឃើញមានភ្ញៀវចេញដើរកម្សាន្តច្រើន ព្រោះក្រៅពីបង្កើតការងារ វាក៏បានផ្តល់ចំណូលដល់អ្នកពាក់ព័ន្ធផងដែរ។ ខ្ញុំរំពឹងថា នៅ High Season (រដូវភ្ញៀវចេញដើរច្រើន) ខាងមុខ នឹងមានភ្ញៀវទេសចរបរទេសកាន់តែច្រើននាំគ្នាមកកម្សាន្តនៅតំបន់ប្រាសាទអង្គរវត្ត»។
នៅក្នុងឆ្នាំ ២០២២ គ្រឹះស្ថានអង្គរ រកចំណូលពីការលក់សំបុត្របានចំនួន ១១ ៧៨៣ ៩១៦ លានដុល្លារ ដោយក្នុងនោះចំណូលពីរមណីយដ្ឋានអង្គរ ចំនួន ១១ ៥២៨ ១៥៨ ដុល្លារ, ប្រាសាទកោះកែរ ៩០ ៤៥០ ដុល្លារ និងកំពង់ផែចុងឃ្នៀស ១៦៥ ៣០៨ ដុល្លារ៕