ក្រសួងកសិកម្មជប៉ុន បានឱ្យដឹងថា តម្រូវការអង្ករនៅក្នុងប្រទេសជប៉ុនសម្រាប់ការប្រើប្រាស់ផ្ទាល់របស់មនុស្សត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម ៦,៨១ លានតោន ដោយ ធ្លាក់ចុះចំនួន១០ម៉ឺនតោនធៀបឆ្នាំ២០២២ ហើយក៏បង្ហាញពីការធ្លាក់ចុះសម្រាប់រយៈពេល១០ឆ្នាំជាប់ៗដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ The Japan Times។
ខ្លឹមអត្ថបទដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះ បង្ហាញថា តួលេខនេះបានគេរំពឹងថានឹងមានកម្រិតទាបបំផុតចាប់តាំងពីការចាប់ផ្តើមនៃទិន្នន័យប្រៀបធៀបក្នុងឆ្នាំ១៩៩៦។
ជាមួយនឹងតម្រូវការអង្ករដែលជាអាហារចម្បងបន្តមាននិន្នាការធ្លាក់ចុះ ក្រសួងកសិកម្មរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៣នេះ បាននឹងកំពុងជំរុញឱ្យកសិករបង្វែរទៅដាំសណ្តែកសៀង និងស្រូវសាលី ក៏ដូចជាអង្ករដែលប្រើសម្រាប់ជាចំណីសត្វវិញ។
ក្រសួងក៏បានចេញផ្សាយការស្ទង់មតិលើផ្ទៃដីស្រូវ ក្នុងឆ្នាំ២០២៣ តាមខេត្តនិមួយៗវិញ។
គិតត្រឹមដំណាច់ខែមិថុនា ខេត្តចំនួន ២៤ក្នុងចំណោមខេត្ត៤៧ បានប៉ាន់ប្រមាណថាផ្ទៃដីស្រូវរបស់ពួកគេថយចុះជាង១ភាគរយធៀបនឹងឆ្នាំមុន ប៉ុន្តែមានខេត្ត៧បានកើនឡើងពីការស្នង់មតិកាលពីដំណាច់ខែមេសា។
មានតែខេត្ត Fukushima និង Tochigi ប៉ុណ្ណោះដែលរំពឹងថាផ្ទៃដីស្រូវរបស់ពួកគេនឹងកើនឡើងនឹងកើនឡើង ខណៈដែលខេត្តចំនួន ២១ ផ្សេងទៀត បាននិយាយថាផ្ទៃដីស្រែរបស់ពួកគេមិនផ្លាស់ប្តូរនោះទេ។
បន្ថែមពីលើចំនួនប្រជាជនធ្លាក់ចុះ ការធ្លាក់មធ្យមភាគអង្ករដែលប្រើប្រាស់ក្នុងមនុស្សម្នាក់ក្នុងប្រទេសជប៉ុន បាននាំទៅដល់តម្រូវការធ្លាក់ចុះបន្ថែមទៀតផងដែរ។
ទាក់ទិននឹងការស្ទង់មតិចុងក្រោយនេះ ក្រសួងបានឱ្យដឹងថា ការកែសម្រួលផ្អែកលើតម្រូវការចំពោះផលិតកម្ម និងការលក់ស្រូវបានចាប់ផ្តើមមានមូលដ្ឋាន។
ទន្ទឹមនឹងនោះដែរ សារពើភ័ណ្ឌអង្ករក្នុងវិស័យឯកជន គិតត្រឹមដំណាច់ខែមិថុនាបានថយចុះចំនួន ២១ម៉ឺនតោន ធៀបនឹងឆ្នាំមុនមកត្រឹម ១,៩៧លានតោន ដែលឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញនៃតម្រូវការអង្ករក្នុងឧស្សាហកម្មភោជនីយដ្ឋាន បន្ទាប់ពីការលុបចោលការរឹតបន្តឹងទាក់ទងនឹងកូវីដ១៩។
វាជាលើកដំបូងក្នុងរយៈព្នុងរយៈពេលេល៤ឆ្នាំសម្រាប់សារពើភ័ណ្ឌធ្លាក់ចុះដល់ចន្លោះពី១,៨ លានទៅ២លានតោន ដែលជាកម្រិតដែលតម្លៃអង្ករមានស្ថិរភាព។
សារពើភ័ណ្ឌត្រូវបានគេរំពឹងថានឹងមានចំនួន១,៨៤លានតោនគិតត្រឹមចុងខែមិថុនាឆ្នាំ២០២៤៕