ភ្នំពេញៈ កម្ពុជារកប្រាក់បានជាង ៤១៥ លានដុល្លារពីការនាំចេញទំនិញទៅប្រទេសសិង្ហបុរី នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ កើនឡើងជាង ៥ ដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ស្របពេលទំហំពាណិជ្ជកម្មនៃប្រទេសទាំង ២ សម្រេចបានជិត ៧៨៧ លានដុល្លារ។ នេះបើយោងតាមនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញប្រចាំឆមាសទី១ ឆ្នាំ ២០២៣ ឱ្យដឹងថា ចាប់ពីខែមករាខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញទៅសិង្ហបុរី ក្នុងទឹកប្រាក់សរុប ៤១៥,០១ លានដុល្លារកើនឡើង ៥៦៥,២ ភាគរយពីចំនួន ៦២,៣៩ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២២។ ជាមួយគ្នានេះសិង្ហបុរីក៏នាំចូលទំនិញមកកម្ពុជាក្នុងទឹកប្រាក់ ៣៧១,៧៦ លានដុល្លារផងដែរ ដោយធ្លាក់ចុះ ៨១,៦ ភាគរយពី ២ ០១៦,៧ លានដុល្លារ។
ផ្អែកតាមតួលេខខាងលើ គឺទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ សម្រេចបានចំនួន ៧៨៦,៧៧ លានដុល្លារ ធ្លាក់ចុះ ៦២,២ ភាគរយបើធៀបនឹងឆមាសទី ១ ឆ្នាំ ២០២២ ដែលមានចំនួន ២ ០៧៩,០៨ លានដុល្លារ។ សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំជាងគេទី ៦ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក វៀតណាម ថៃ និងប្រទេសជប៉ុន។
សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្មទ្វេភាគីក្នុងឆមាសទី១ ឆ្នាំ ២០២៣ គឺកម្ពុជាមានឧត្តមភាព ៤៣,២៥ លានដុល្លារ ខុសគ្នាច្រើនធៀបនឹងឆមាសទី១ ឆ្នាំមុនដែលកម្ពុជា មានឱនភាពរហូតដល់ ១ ៩៥៤,៣១ លានដុល្លារ។GDCE បានឱ្យដឹងទៀតថា សម្រាប់ខែមិថុនា ឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ១២៧,៧៩ លានដុល្លារ ធ្លាក់ចុះ ៦៤,១ ភាគរយធៀបទៅខែមិថុនា ឆ្នាំ ២០២២ ដោយការនាំចេញរបស់កម្ពុជាមានចំនួន ៧១,៦ លានដុល្លារ កើន ១ ១០៦,២ ភាគរយ និងទំនិញនាំចូលមកពីសិង្ហបុរី ៥៦,១៩ លានដុល្លារបានធ្លាក់ចុះ ២ ០១៦,៧ ភាគរយ។
អនុប្រធានសភាកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែសីហាថា ក្នុងនាមជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ជាមួយគ្នា និងជាហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ស្របពេលដែលប្រទេសទាំង ២ មានកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា (DTA) ទៀតនោះ វាបានជួយឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានភាពមមាញឹកកាន់តែខ្លាំង ពិសេសការនាំចេញទំនិញពីកម្ពុជាទៅសិង្ហបុរី។ លោកបន្តថា បច្ចុប្បន្នក្រៅពីទទួលបានការបញ្ជាទិញកាន់តែច្រើនពីប្រទេសសិង្ហបុរី កម្ពុជាក៏ទាក់ទាញអ្នកវិនិយោគសិង្ហបុរីជាច្រើនឱ្យមកវិនិយោគដោយផ្ទាល់ផងដែរ។
លោកថ្លែងថា៖ «ខ្ញុំមានជំនឿថា ការនាំចេញរបស់កម្ពុជាទៅសិង្ហបុរី នឹងបន្តកើនឡើងបន្ថែមទៀត។ ចំពោះការនាំចូលទំនិញពីប្រទេសសិង្ហបុរីធ្លាក់ចុះ ក៏ដោយសារតែសមត្ថភាពផលិតកម្មនៅកម្ពុជាកើនឡើងផងដែរ»។
បើតាមលោក លឹម ហេង ទំនិញដែលកម្ពុជានាំទៅសិង្ហបុរី គឺមួយចំនួនជាទំនិញបំពេញតម្រូវការក្នុងប្រទេសសិង្ហបុរី និងមួយចំនួនជាទំនិញឆ្លងកាត់តាមកប៉ាល់ធំៗទៅទីផ្សារអន្តរជាតិ។
ទំនិញសក្តានុពលដែលកម្ពុជានាំទៅសិង្ហបុរី គឺផលិតផលសម្លៀកបំពាក់ កាបូប និងស្បែកជើងគ្រឿងផ្គុំអគ្គិសនី និងផលិតកសិកម្ម និងកសិឧស្សាហកម្ម ចំណែកទំនិញសិង្ហបុរីនាំមកកម្ពុជា គឺសម្ភារអេឡិចត្រូនិកអគ្គិសនី សម្ភារសំណង់ និងឱសថ មួយចំនួន។ នេះបើតាមលោក លឹម ហេង។
រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong ក្នុងពេលជួបពិភាក្សាជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីឆ្នាំ ២០២២ ធ្លាប់លើកឡើងថា សិង្ហបុរីប្តេជ្ញាចិត្តជួយពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ។ លោកថ្លែងថា៖ «សិង្ហបុរីប្តេជ្ញាចិត្តបន្តសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជាបន្ថែមទៀត»។
ទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងថា គិតត្រឹមចុងឆមាសទី១ ឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានទឹកប្រាក់សរុបចំនួន ៣៩ ពាន់លានដុល្លារ ដោយមានអត្រាកំណើនមធ្យមប្រចាំឆ្នាំ ៩,៦ ភាគរយ។ ក្នុងចំណោមប្រទេសបណ្តាក់ទុននៅប្រទេសកម្ពុជាច្រើនជាងគេ គឺសិង្ហបុរីស្ថិតនៅលេខ ៤ ដោយមានប្រាក់ ២,៤ ពាន់លានដុល្លារដែលស្មើនឹង ៦,៤ ភាគរយ នៃការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា។ក្នុងឆ្នាំ ២០២២ ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី មានទឹកប្រាក់សរុប ៣ ៣២២,៩៤ លានដុល្លារ ធ្លាក់ចុះ ៣៦,៣ ភាគរយបើធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំទៅសិង្ហបុរី ៩២,៥៧ លានដុល្លារ ធ្លាក់ចុះ ២២,៨ ភាគរយ និងសិង្ហបុរីនាំមកវិញ ៣ ២៣០,៣៧ លានដុល្លារ ធ្លាក់ចុះ ៣៦,៦ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕