ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល ៧ ខែ ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ១២ លាននាក់ ដោយខ្វះតែ ៤ លាននាក់ទៀតប៉ុណ្ណោះ កម្ពុជានឹងសម្រេចផែនការភ្ញៀវទេសចរផ្ទៃក្នុង ១៦ លាននាក់សម្រាប់ឆ្នាំ ២០២៣នេះ ខណៈភ្ញៀវអន្តរជាតិរំពឹងថា នឹងបាន ៥ លាននាក់។
លោកបានប្រាប់អ្នកសារព័ត៌មានបែបនេះនៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៨ ឆ្នាំ ២០២៣ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៦ ខែសីហា។ នាឱកាសទិវានោះ លោកថ្លែងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៨ ឆ្នាំ ២០២៣ នេះ មានអ្នកចូលរួមសរុបជាង ២ ៥០០ នាក់ ក្នុងនោះមានបរទេសជាង ៥០០ នាក់មកពី ៤៥ ប្រទេស ហើយចំនួននេះមានការ កើនឡើងច្រើនបើធៀបទៅនឹងការប្រកួតម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី ៧ ដែលត្រូវបានរៀបចំជាថ្មី បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ កាលពីឆ្នាំ ២០២២។
លោកថ្លែងថា៖ «ការកើនឡើង នៃចំនួនអ្នកចូលរួមនៅក្នុងទិវានេះ ដោយសារភ្ញៀវទេសចរបានមើលឃើញថា កម្ពុជាមានសុខសន្តិភាពពេញបូរិបូរណ៍ ហើយគណៈកម្មការ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតបានរៀបចំតំបន់អង្គរបានល្អ។ ខ្ញុំរំពឹងថា នៅឆ្នាំនេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥លាននាក់ ក្នុងស្រុកប្រមាណ ១៦ លាននាក់ និងឆ្នាំ ២០២៦ ទទួលបានភ្ញៀវទេសចរអន្តរជាតិកើនឡើងដល់ប្រមាណ ៧ លាននាក់»។
បើតាមរបាយការណ៍ស្ថិតិពីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ៧ ខែ ក្នុងឆ្នាំ ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណជាង ១២ លាននាក់។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាថ្លែងថា ជាធម្មតាខែកក្កដា និងខែសីហា ជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង ២ នេះ មិនមានថ្ងៃឈប់សម្រាកជាតិទេ។
លោកថ្លែងថា៖ «រដូវនេះ ជារដូវ Low season ជារដូវកាលដែលខ្សត់ភ្ញៀវ វារឿងធម្មតា។ ចរន្តភ្ញៀវ នឹងចាប់ផ្តើមមានសម្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានាហើយភ្ញៀវនឹងចាប់ផ្តើមមានមកវិញនៅអំឡុងចុងឆ្នាំនេះ ដែលអាចនឹងធ្វើឱ្យកំណើនទេសចរសម្រេចទៅតាមផែនការដែលក្រសួងបានរំពឹងទុក»។
ក្រសួងរំពឹងថា នឹងមានទេសចរផ្ទៃក្នុង ប្រមាណ ១៦ លាននាក់ តាមផែនទីចង្អុលផ្លូវ ស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយកូវីដ ១៩៕