ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូស្ត្រាលី ក្នុងឆមាសទី១ ឆ្នាំ ២០២៣ សម្រេចបានក្នុងទឹកប្រាក់ជិត ២៦០ លានដុល្លារ ដែលប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មគឺកម្ពុជាមានឧត្តមភាព ១០២ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងជញ្ជីងពាណិជ្ជកម្មអន្តរជាតិកម្ពុជាបង្ហាញថា ពីខែមករា-ខែមិថុនា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់សរុប ២៥៨,១៤ លានដុល្លារ ថយចុះ ០,០០៦ ភាគរយបើធៀបឆមាសទី១ ឆ្នាំ ២០២២ ដែលមាន ២៥៨,១៦ លានដុល្លារ។ ក្នុងចំណោមទឹកប្រាក់ខាងលើគឺទំនិញកម្ពុជានាំទៅអូស្ត្រាលី ចំនួន ១៨០,៤១ លានដុល្លារ ធ្លាក់ចុះ ០,៤ ភាគរយពី ១៨១,០៩ លានដុល្លារ និងអូស្ត្រាលីនាំមកកម្ពុជាមានចំនួន ៧៧,៧៣ លានដុល្លារ កើនឡើង ០,៩ ភាគរយពីចំនួន ៧៧,០៧ លានដុល្លារ។
អូស្ត្រាលី គឺជាដៃគូពាណិជ្ជកម្មធំទី១៨ របស់កម្ពុជា ដែលនាំមុខដោយប្រទេសមួយចំនួនដូចជា ចិន អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់ ជាដើម។ សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្ម គឺកម្ពុជាមានឧត្តមភាពលើអូស្ត្រាលី ១០២,៦៨ លានដុល្លារ។ នេះបើតាមតារាងខាងលើ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែសីហាថា ទោះទំហំពាណិជ្ជកម្មប្រទេសទាំង ២ មិនធំដូចប្រទេសចិន អាមេរិក វៀតណាម និងថៃ ប៉ុន្តែអូស្ត្រាលីអាចចាត់ទុកជាប្រទេសដែលទទួលទិញទំនិញពីកម្ពុជាច្រើនផងដែរ។ បច្ចុប្បន្នក្រៅពីការបញ្ជាទិញទំនិញពីកម្ពុជា ក៏មានវិនិយោគិនអូស្ត្រាលីមួយចំនួនកំពុងវិនិយោគនៅកម្ពុជាដែរ។
លោកបន្ថែមថា ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ នឹងកើនឡើងពេលសេដ្ឋកិច្ចពិភពលោកល្អប្រសើរឡើងវិញ។
លោកថ្លែងថា៖ «ទីតាំងភូមិសាស្ត្រ និង RCEP នឹងជួយឱ្យការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ កើនឡើងថែមទៀតនាពេលខាងមុខ ខណៈបច្ចុប្បន្នកម្ពុជាក៏មានផលិតផលចម្រុះជាច្រើនដែលមានគុណភាពស្តង់ដាអន្តរជាតិសម្រាប់នាំចេញ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ដោយមើលឃើញពីសក្តានុពលនៃទីផ្សារអូស្ត្រាលី សភាពាណិជ្ជកម្មកម្ពុជាកាលពីខែឧសភាបានប្រកាសបើកការិយាល័យតំណាងរបស់ខ្លួន ២ កន្លែងនៅប្រទេសអូស្ត្រាលី គឺក្នុងទីក្រុងមែលប៊ន និងស៊ីដនី។ ការិយាល័យតំណាងនេះនឹងជួយផ្តល់ព័ត៌មាន ក៏ដូចជាទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ បច្ចុប្បន្នវិស័យដែលវិនិយោគិនអូស្ត្រាលីកំពុងបណ្តាក់ទុននៅកម្ពុជាមានដូចជា រ៉ែ ឧស្សាហកម្ម និងកសិកម្ម ជាដើម។
លោកថ្លែងថា៖ «ក្រៅពីវិនិយោគ និងនាំទំនិញពីកម្ពុជា អូស្ត្រាលី ក៏កំពុងផ្តល់ជំនួយជាច្រើនដល់កម្ពុជាផងដែរ»។
យោងតាម លោក លឹម ហេង ផលិតផលសក្តានុពលដែលកម្ពុជានាំទៅអូស្ត្រាលី មានដូចជា ផលិតផលវាយនភណ្ឌ កង់ និងកសិផល ចំណែកអូស្ត្រាលីនាំចូលមកវិញ រួមមាន ផលិតផលអេឡិចត្រូនិក ឱសថ និងយានយន្ត ជាដើម។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា អូស្ត្រាលី មានចំនួនសរុប ៥២៣,៦១ លានដុល្លារ កើនឡើង ៦០,៩ ភាគរយធៀបនឹងឆ្នាំ ២០២១ ដែលមាន ៣២៥,៤៧ លានដុល្លារ។ កម្ពុជានាំទំនិញទៅអូស្ត្រាលី ចំនួន ៣៧៩,០៣ លានដុល្លារ កើន ៨៤,៦ ភាគរយ និងទំនិញនាំពីអូស្ត្រាលីចំនួន ១៤៤,៥៨ លានដុល្លារ កើនឡើង ២០,៣ ភាគរយ។ បើផ្អែកតាមទិន្នន័យគឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពប្រមាណ ២៣៤,៤៦ លានដុល្លារ៕