ភ្នំពេញៈ ទោះបីតម្លៃគ្រាប់ស្វាយចន្ទី (កែច្នៃរួច) លើទីផ្សារអន្តរជាតិ នាពេលនេះមានតម្លៃទាប ប៉ុន្តែផែនការបង្កើនសមត្ថភាពផលិតរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ គឺនៅតែបោះជំហានទៅមុខធម្មតា ដោយរំពឹងថា ការសាងសង់រោងចក្រថ្មី បន្ថែមនឹងរួចរាល់នាដើមឆ្នាំ ២០២៤ ខាងមុខ។
ឆ្លើយតបនឹងអ្នកយកព័ត៌មានកាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ លោកស្រី អ៊ិន ឡៃហ៊ួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឱ្យដឹងថា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនជប៉ុន Top Planning Japan Co., Ltd បច្ចុប្បន្នដំណើរការពង្រីកសមត្ថភាពសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ កំពុងស្ថិតក្នុងដំណាក់កាលចាក់ដីឱ្យបានខ្ពស់ ខណៈលោកស្រីក៏កំពុងរៀបចំឯកសារដើម្បីសុំច្បាប់ពង្រីកសមត្ថភាពរោងចក្រផងដែរ។ តាមការប៉ាន់ស្មានការសាងសង់រោងចក្រថ្មីនេះ អាចនឹងចាប់ផ្តើមនៅខែតុលា ដោយនឹងរួចរាល់ក្នុងរយៈពេលជាង ៣ ខែ។
លោកស្រីថ្លែងថា៖ «ដំណើរការសាងសង់រោងចក្រថ្មីកំពុងបោះជំហានទៅមុខ ដោយអាចនឹងរួចរាល់នៅដើមឆ្នាំ ២០២៤ ខាងមុខ»។
យ៉ាងណាក៏ដោយ លោកស្រី ឡៃហ៊ួត លើកឡើងថា ចង្វាក់ផលិតកម្មនៅសិប្បកម្មរបស់លោកស្រីនារយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺមិនសូវមមាញឹកឡើយ ព្រោះគ្រាប់ស្វាយចន្ទីកែច្នៃរួចមានតម្លៃទាបពេក។
យោងតាមលោកស្រី ឡៃហ៊ួត គ្រាប់ស្វាយចន្ទីស្រស់ឆ្នាំ ២០២៣ មានគុណភាពល្អជាងឆ្នាំ ២០២២ ចំណែកតម្លៃក៏កើនពីរង្វង់ ១ ២០០ ដុល្លារក្នុង ១តោន មក ១ ៥០០-១ ៧០០ ដុល្លារផងដែរ។
លោកស្រីអះអាងថា៖ «មានអតិថិជនជាច្រើនបានមកទាក់ទងទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ ប៉ុន្តែពួកគេឱ្យតម្លៃទាបពេក គឺប្រមាណ ៦,៥ ដុល្លារក្នុង ១ គីឡូក្រាម ដែលតម្លៃនេះគឺទាបជាងថ្លៃដើម។ តម្លៃដែលអាចទទួលបានគឺលើសពី ៨ ដុល្លារក្នុង ១ គីឡូក្រាម»។
កន្លងមកលោកស្រី ឡៃហ៊ួត ធ្លាប់ឱ្យដឹងថា គម្រោងពង្រីកសមត្ថភាពម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីថ្មី គឺនឹងដាក់ម៉ាស៊ីន ២ ឬ ៣ បន្ថែមលើម៉ាស៊ីនចំនួន ២ ដែលមានរួចមកហើយ។ ជាមួយនឹងម៉ាស៊ីនដែលកំពុងមានពេលនេះ គឺក្នុង ១ ខែសិប្បកម្មអាចកែច្នៃគ្រាប់ស្វាយចន្ទីបានចន្លោះពី ៦០-១០០ តោន។
រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ដែលគោលនយោបាយជាតិនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីសំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ទិន្នន័យសមាគមស្វាយចន្ទីកម្ពុជាឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រហែល ៦០ ម៉ឺនតោន, ឆ្នាំ ២០២០ ចំនួន ៩៥ ម៉ឺនតោន, ឆ្នាំ ២០២១ ចំនួន ១,១ លានតោន (ប្រហែល ២៤ ភាគរយនៃការនាំចេញសរុបលើពិភពលោក) និងឆ្នាំ ២០២២ ចំនួន ៦៧ ម៉ឺនតោន៕