ភ្នំពេញៈ កម្ពុជា បានបង្ហាញការស្វាគមន៍ និងលើកទឹកចិត្តឱ្យវិនិយោគិនបរទេស ចូលមកវិនិយោគលើវិស័យសូត្រ នៅកម្ពុជា ឱ្យបានកាន់តែច្រើន ខណៈកម្ពុជា កំពុងសម្រេចបានសមិទ្ធផលជាច្រើនក្នុងការជំរុញឱ្យវិស័យនេះមានទីផ្សារកាន់តែទូលំទូលាយ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៤ ខែសីហា ក្នុងជំនួបរវាង លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក Zhang Quoqiang ប្រធានសហព័ន្ធសូត្រអន្តរជាតិ(ISU) និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Zhejiang Cathaya Group ដែលមកពីសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីសំណាក់គណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) តំណាងសមាគមសូត្រ និងផ្នែកឯកជន ជាច្រើនរូប។
លោក ម៉ៅ ថូរ៉ា បានឱ្យដឹងថា វិស័យសូត្រនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះសម្រេចបាននូវសមិទ្ធផលធំៗជាបន្តបន្ទាប់ ដែលមានដូចជា បានចូលជាសមាជិករបស់សហព័ន្ធសូត្រអន្តរជាតិ (ISU) និងចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ព្រមទាំងបានបញ្ជូនសមាជិក SDC ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាកែច្នៃ និងនវានុវត្តន៍រចនាប័ទ្មផលិតផលសូត្រសម័យទំនើប បានពង្រឹងការបណ្តុះបណ្តាល វិជ្ជាជីវៈវិស័យសូត្រ បានសិក្សាស្រាវជ្រាវ និងចងក្រងតួលេខសិប្បករសូត្រ និងសិប្បកម្មសូត្រឡើងវិញ ព្រមទាំងរៀបចំសិក្ខាសាលា និងផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រសូត្រកម្ពុជា។
លើសពីនោះទៅទៀត លោកថា កម្ពុជាក៏បានជំរុញឱ្យមានការបង្កើតសមាគមសូត្រតាមតំបន់ដែលផលិតសូត្រ ជំរុញការប្រើប្រាស់ផលិតផលសូត្រខ្មែរ ទៅដល់អតិថិជនក្នុង និងក្រៅប្រទេស បានសិក្សាបង្កើតឱ្យមានម៉ាកសមូហភាពសូត្រកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលសូត្រខ្មែរ និងការពារផលិតផលសូត្រខ្មែរពីផលិតផលសូត្រក្លែងបន្លំ និងកំពុងស្វែងរកកិច្ចសហការជាមួយដៃគូ ក្នុងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ NGO សំដៅដោះស្រាយបញ្ហាអាទិភាព និងរៀបចំគម្រោងអាទិភាពសំខាន់ៗ សម្រាប់ទ្រទ្រង់ និងការអភិវឌ្ឍវិស័យសូត្រនៅកម្ពុជា។
លោកបន្តទៀតថា ទោះយ៉ាងណាការអភិវឌ្ឍវិស័យសូត្រនៅកម្ពុជានៅមានកម្រិតនៅឡើយដែលទាមទារឱ្យបានការសិក្សា និងវិនិយោគបន្ថែមទៀត។
លោកលើកឡើងថា៖«ខ្ញុំសូមស្នើឱ្យក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ធ្វើការទាក់ទងនិងរៀបចំលិខិតទៅសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំឱ្យមានជំនួបជាមួយសភាពាណិជ្ជកម្មកម្ពុជា និងភាគីចិនដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងដៃគូពាណិជ្ជកម្ម»។
លោក Zhang Quoqiang បានបង្ហាញពីវឌ្ឍនភាពនៃការគាំទ្ររបស់ ISU លើវិស័យសូត្រនៅកម្ពុជា និងបានបង្ហាញបំណង ក្នុងការអភិវឌ្ឍវិស័យសូត្រតាមរយៈការចូលមកវិនិយោគលើវិស័យសូត្រនៅកម្ពុជា ផងដែរ។ បន្ថែមលើនេះលោកក៏បានបង្ហាញពីក្រុមហ៊ុន Cathaya ដែលបានសហការជាមួយ ISU ក្នុងការបង្កើតសមាគមសូត្រអន្តរជាតិ ដោយផ្តួចផ្តើមគំនិតរបស់ក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋប្រមានិតចិន ដែលផ្តោតសំខាន់លើការដាំមន និងចិញ្ចឹមដង្កូវនាង។
ប្រធានសមាគមកីតម្បាញខ្មែរ លោកស្រី ចេន សុភាព បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៨ ខែសីហាថា ទោះបីប្រពៃណីប្រើប្រាស់សូត្ររបស់ប្រជាជនខ្មែរ មានប្រវត្តិតាំងពីបុរាណកាលក៏ដោយ ប៉ុន្តែការអភិវឌ្ឍ និងវិនិយោគលើផលិតផលសូត្រ និងតម្បាញ គឺមិនមានច្រើនឡើយនៅពេលនេះ។ បើសិនមានការវិនិយោគលើផលិតសូត្រ និងតម្បាញ នៅកម្ពុជាកាន់តែច្រើន គឺជាការល្អ ព្រោះវាមិនត្រឹមតែជួយកាត់បន្ថយការនាំចូលពីសូត្រពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយលើកកម្ពស់ទីផ្សារក្នុងស្រុក និងនាំចេញផងដែរ។
លោកស្រីថ្លែងថា៖«បើមានការវិនិយោគលើសូត្រ និងតម្បាញនេះ នៅកម្ពុជា គឺវាមិនត្រឹមតែជួយបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយលើកកម្ពស់ទីផ្សារនាំចេញរបស់កម្ពុជា ផងដែរ»។
លោកស្រីបានឱ្យដឹងទៀតថា បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ តម្រូវការប្រើប្រាស់ផលិតផលពីសូត្រនៅកម្ពុជា បានបង្ហាញសញ្ញាកើនឡើងវិញជាបណ្តើរៗហើយ ចាប់តាំងពីចុងឆ្នាំ២០២២ គ្រាន់តែមិនទាន់មានច្រើនដូចមុនឆ្នាំ២០១៩។
យោងតាមលោកស្រី សុភាព ដោយសារផលិតកម្មសូត្រនៅកម្ពុជា មានបរិមាណតិចតួច ដូច្នេះកម្ពុជា បាននាំចូលវត្ថុធាតុដើមជាសសៃសូត្រ ពីប្រទេសមួយចំនួនដូចជា ចិន និងវៀតណាម ដើម្បីមកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។
កាលពីថ្ងៃទី៧ ខែសីហា កន្លងមក លោក ZHANG Guoqiang ក៏បានទៅជួបជាមួយលោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីបង្ហាញពីបំណងស្វែងយល់ពីឱកាសវិនិយោគ និងរកដៃគូពាណិជ្ជកម្ម ជាមួយសមាជិកសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕