ភ្នំពេញៈ លោក ម៉ុង ឫទ្ធី អគ្គ​នាយក​ក្រុមហ៊ុន ​ម៉ុង ឫទ្ធី ​គ្រុប បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៧ សីហា​ថា ការនាំចេញ​ដូងប្រេង​នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ​នេះ សម្រេចបាន ២២ ០០០​ តោន​ ដោយសារ​បញ្ហារ​បាយទឹក​ភ្លៀង​តិច បានធ្វើឱ្យ​ទិន្នផល​ដូងប្រេង​មានការ​ធ្លាក់ចុះ តែ​ធ្វើឱ្យ​តម្លៃ​ផលិត​មានការ​កើនឡើង​ខ្ពស់​។​

​លោក ម៉ុង ឫទ្ធី បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ជាធម្មតា​ដូងប្រេង​នៅពេលដែល​ផល​វា​ធ្លាក់ចុះ​ទឹក​ភ្លៀង​តិច នោះ​តម្លៃ​ផលិត​វា​នឹង​ឡើង​ខ្ពស់​វិញ​។ អ៊ីចឹង​បច្ចុប្បន្ន យើង​លក់បាន​តម្លៃ​ជា​មធ្យម​ពី ៨០០​ ទៅ ​៨៥០ ​ដុល្លារ ក្នុង​ ១ ​តោន ហើយ​ពីមុនមក​បើ​យើង​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន (២០២២) ជា​មធ្យម ​១ ៣០០​ ដុល្លារ ក្នុង ១ ​តោន​»​។​

​លោក​បន្ថែមថា កត្តា​ដែល​ធ្វើឱ្យ​តម្លៃ​ដូងប្រេង​នៅ​ឆ្នាំនេះ​ទាប​ជាង​ឆ្នាំមុន ក៏​អាច​ដោយសារ​កត្តា​នៃ​តម្លៃ​ខ្ពស់ នៅក្នុង​ឆ្នាំមុន​ដែរ ហើយ​ម្យ៉ាងវិញទៀត​ស្ថាន​ភាព​នៃ​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ការហាមឃាត់​ការនាំចេញ​របស់​ឥណ្ឌូនេស៊ី​ក្នុង​ខែឧសភា ឆ្នាំ​ ២០២២​ ផងដែរ​។ លោក​បាន​កត់សម្គាល់ឃើញ​ទៀតថា តម្រូវការ​ទីផ្សារ​ខ្ពស់ជាង​មុន ជាពិសេស​បន្ទាប់ពី​ជំងឺ​កូ​វីដ​ ១៩ បាន​ធូរ​ស្បើយ​ឡើងវិញ​ប៉ុន្តែ​ដោយសារ​ការធ្លាក់ចុះ​នៃ​ផលិតកម្ម ដោយ​សារ​តែ​ទិន្នផល​បាន​ទាប ដោយ​សារ​ទឹកភ្លៀង​នេះ​បានធ្វើឱ្យ​ផល​ចំណេញ​មានការ​ធ្លាក់ចុះ ហើយ​ត្រូវ​ចំណាយ​ច្រើន​លើ​តម្លៃ​ផលិត​កម្ម​។

លោក ​ម៉ុង ឫទ្ធី​ថា​៖ «​សព្វ​ថ្ងៃ​ខ្ញុំ​មាន​ផ្ទៃដី​ដាំ​ដុះ​ ១៦ ៥០០​ ហិកតា ដោយ​ក្នុង ១​ ហិកតា អាច​ប្រមូល​ផល​បាន​ពី ​១៦ ទៅ​ ២០​ តោន​ក្នុង​ ១ ​ហិកតា ហើយ​ដំណាំ​ដូងប្រេង​នេះ វា​ស៊ី​ទឹក​ណាស់ កាលណា​មាន​ភ្លៀង​ច្រើន ផលរប​ស់វា​ក៏បាន​ច្រើន​ទៅតាម​ហ្នឹង​ដែរ​។ បើកាលណា​ទឹកភ្លៀង​មិន​គ្រប់គ្រាន់​ហើយ ផល​ក៏​ថយ​ទៅតាម​ហ្នឹង​ដែរ​»​។​

​ទាក់ទង​នឹង​ផលប៉ះពាល់ នៃ​ការប្រែប្រួល​អាកាសធាតុ​ចំពោះ​ដំណាំ​នេះដែរ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹ​ម រចនា ធ្លាប់បាន​ប្រាប់​ឱ្យដឹងថា​ បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​នេះ ជា​កត្តា​ធ្វើឱ្យប៉ះពាល់​ដល់​ដំណាំ​គ្រប់​ប្រភេទ ដោយ​មិនអាច​ចៀស​រួច​បានឡើយ​។ ក្រសួង​កសិកម្ម​បាន​ជូនដំណឹង​ពី​ផល​​ប៉ះពាល់​នេះ ចាប់តាំងពី​ការជូន​​ដំណឹង​ពី​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​តាំង​ពីមុន​រួចហើយ​ដើម្បី​រក​មធ្យោបាយ​កាត់បន្ថយ​ផលប៉ះពាល់​ការ​ទប់​ទល់ និង​ថែទាំ​ដំណាំ ជាពិសេស​ក្នុងពេលដែល​កម្ពុជា​ត្រូវ​រង​ឥទ្ធិពល​ពី​បាតុភូត El Nino នេះ​។​

​កញ្ញា​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​មន្ទីរ​កសិកម្ម​ទូទាំង​ ២៥ រាជធានី ខេត្ត បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​កសិករ ដើម្បី​ជួយ​ដល់​កសិករ ក្នុង​ការផ្តល់​បច្ចេកទេស​នានា ដើម្បី​កាត់បន្ថយ​ផល​ប៉ះ​ពាល់​ដល់​ដំណាំ​នានា ដោយសារ​បាតុភូត El Nino (​គ្រោះ​រាំង​ស្ងួត​អូសបន្លាយ​)»​។

កញ្ញា​បន្តថា បាតុភូត​នេះ នឹងត្រូវ​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណាំ​គ្រប់​ប្រភេទ ដោយ​មិនអាច​ចៀស​បានទេ​ប៉ុន្តែ​ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម​នៅតែ​បន្ត​ធ្វើការ​ជាមួយ​កសិករ ដែល​ត្រូវការ​ជំនួយ​បច្ចេកទេស ដោយ​ក្រសួង​មាន​មន្ត្រី​ជំនាញ​កសិកម្ម សម្រាប់​ផ្តល់យោបល់​លើ​ការបង្ការ និង​ទប់ស្កាត់​ផល​ប៉ះពាល់​ទាំងនោះ​។​

​បើទោះជា​តម្លៃ​ដូងប្រេង​ហាក់​មិនសូវ​ល្អ​ក៏ពិតមែន តែ​លោក ម៉ុង ឫទ្ធី​បញ្ជាក់ថា លោក​នឹង​នៅតែ​បន្ត​ផលិត​ដូងប្រេង​នេះ​ជាធម្មតា ដើម្បី​ផ្តល់​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ ដែល​ត្រូវការ​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​អា​ស្រ័យ​ផល​តាមរយៈ​ការធ្វើការ​ងារ​នៅ​ចម្ការ និង​រោងចក្រ​ចម្រាញ់​ដូងប្រេង​របស់លោក​។​

​ចម្ការ​ដូងប្រេង​របស់លោក ម៉ុង ឫទ្ធី អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី​ ១ ៨០០ ទៅ ២ ០០០​ តោន ក្នុង ​១​ ថ្ងៃ ដោយ​ផ្លែ​ដូងប្រេង​ទាំងនេះ ត្រូវបញ្ជូន​ចូលទៅក្នុង​រោងចក្រ​ចម្រាញ់ បន្ទាប់ពី​បេះ​រួច ព្រោះថា បើ​ពុំ​ដូច្នោះ​ទេ វា​នឹង​ស្អុយរលួយ​ចោល ដោយសារតែ​អាស៊ីត​ឡើង​ខូចគុណភាព​។

​សូមជម្រាបថា បច្ចុប្បន្ន ក្រុម​ហ៊ុន ម៉ុង ឫទ្ធី​ គ្រុប មាន​រោងចក្រ​ចម្រាញ់​ដូងប្រេង​ចំនួន​ ២ ដោយ​រោងចក្រ​ទី​១ មាន​សមត្ថភាព​ចម្រាញ់​ប្រេង​ប្រមាណ​ ៣០​ តោន ក្នុង ១ ​ម៉ោង ខណៈ​រោងចក្រ​ទី២ អាច​ចម្រាញ់​បាន ៦០​ តោន ក្នុង ១​ ម៉ោង​។ រោងចក្រ​ទាំង​ ២ ​នេះ ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ ដោយ​ប្រើប្រាស់​កាកសំណល់​ដូងប្រេង​ដុត​យក​ចំហាយ​ទឹក ដើម្បី​ប្រើប្រាស់​សម្រាប់​ការផលិត​អគ្គិសនី​ប្រើប្រាស់​ក្នុង​រោងចក្រ​វិញ និង​មិនមាន​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​សម្រាប់​ផលិត​អគ្គិសនី​ទេ​។​

​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា នៅ​ឆមាស​ទី១ ឆ្នាំ​ ២០២៣ ​នេះ ការនាំចេញ​ដូង​​ប្រេង​សម្រេចបាន​ក្នុង​បរិមាណ ៣៣ ៩៧៥ ​តោន​កើនឡើង​ជាង​ ៣៨​ ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២៕