ភ្នំពេញៈ គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៧ ខែសីហា បានផ្សព្វផ្សាយថា រដ្ឋបាលគយនៃប្រទេសចិន ទើបបានបញ្ចប់នីតិវិធី ក្នុងការអនុញ្ញាតឱ្យផលិតផលជលផលរបស់កម្ពុជា ៤ មុខទៀត អាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន ដែលផលិតផលជលផលចិញ្ចឹមទាំង ៤ មុខនេះរួមមាន៖ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។
បើតាមស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់ថា ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី «បញ្ជីឈ្មោះប្រទេស ឬតំបន់ និងប្រភេទជលផលដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន ហើយក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាលនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយប្រទេសចិន និងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ផងដែរ។
ប្រភពដដែលបានបន្តថា៖ «នេះជាក្រុមហ៊ុនដំបូងគេដែលបានបញ្ចប់ការចុះឈ្មោះដាក់របាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិន បន្ទាប់ពីចិន និងកម្ពុជាបានចុះហត្ថលេខារួម លើពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន»។
ស្ថានទូតចិនប្រចាំកម្ពុជាបន្តថា៖ «ផ្អែកលើពាណិជ្ជកម្មប្រពៃណី ដែលមានស្រាប់លើជលផលរវាងចិន និងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបានជលផលទាំងស្រុង ដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន»។
ស្ថានទូតចិនបានបន្ថែមថា នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុនជលផលចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន បានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ជាមួយរដ្ឋបាលគយប្រទេសចិន។ នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ ជលផលធម្មជាតិក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីជីវសាស្ត្រដាក់របាយការណ៍នៅឯរដ្ឋបាលគយប្រទេសចិន ហើយថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ ជលផលនៅប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិនផងដែរ។
ស្ថានទូតចិនបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ ជលផលទាំងឡាយនៅក្នុងប្រទេសកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន សម្រេចបានការធ្វើពាណិជ្ជកម្មជាមួយចិន នេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន»។
ចំពោះព័ត៌មាន នៃការអនុញ្ញាតឱ្យផលិតផលជលផលរបស់កម្ពុជា ៤ មុខទៀត អាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាននេះដែរ ខាងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ខណៈដែលកន្លងទៅរដ្ឋបាលជលផលធ្លាប់បានប្រាប់ថា មានផលិតផលជលផលធម្មជាតិរបស់កម្ពុជា ចំនួន ១២ ប្រភេទ ដែលត្រូវបានអគ្គនាយកដ្ឋានគយនៃប្រទេសចិន សម្រេចចុះបញ្ជីដោយជោគជ័យក្នុងប្រព័ន្ធដើម្បីអនុញ្ញាតឱ្យនាំចូលទីផ្សារប្រទេសចិន បន្ទាប់ពីបានចុះហត្ថលេខាលើពិធីសារជាផ្លូវការកាលពីខែវិច្ឆកា ឆ្នាំ ២០២២។
លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល ធ្លាប់បានប្រាប់ថា ផលិតផលជលផលធម្មជាតិរួមមាន ត្រីធម្មជាតិ (ត្រីប្រា ត្រីពោ) បង្គាខ្លឹង បង្គាប៉ារ៉ា អន្ទង់ស្រែ ខ្យង កំពឹស ជាដើម គឺក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ជាអ្នកនាំចេញទៅកាន់ប្រទេសចិន។
លោក ហេង ម៉េងទី ជំនួយការប្រធានក្រុមហ៊ុន KIM CHOU បានប្រាប់ឱ្យដឹងផងដែរនៅថ្ងៃទី ៨ ខែសីហាថា ការនាំចេញផលិតផលជលផល ៤ មុខទៀត ទៅកាន់ប្រទេសចិន មិនមែនជាការនាំចេញរបស់ក្រុមហ៊ុនលោកនោះទេ ដោយលោកបានបញ្ជាក់ថា ធ្លាប់មានក្រុមហ៊ុនផ្សេងទៀត ដែលបានទាក់ទងទៅលោក ដើម្បីសួរនាំពីនីតិវិធីការនាំចេញផលិតផលជលផលទៅចិននេះដែរ។ ដូចនេះការទទួលបានការអនុញ្ញាតនាពេលនេះ អាចជាក្រុមហ៊ុនទាំងនោះ។ ទាក់ទងនឹងការនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិនវិញ លោក ហេង ម៉េងទី ប្រាប់ដែរថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងចាប់ផ្តើមប្រមូលទិញជលផលធម្មជាតិមួយចំនួនជាបណ្តើរៗចាប់ពីពាក់កណ្តាលខែកញ្ញាទៅ ដើម្បីអាចនាំចេញបាននៅចុងឆ្នាំនេះ។
លោកថ្លែងថា៖ «យើងនៅចាំមើលស្ថានភាពទឹកជំនន់សិន ដោយសារតែផលិតផលខ្លះ យើងមិនអាចប្រមូលទិញបានភ្លាមនោះទេ ព្រោះបញ្ហាទឹកជំនន់នៅតាមបណ្តាខេត្តខ្លះមិនទាន់នឹងនរនៅឡើយ។ ដូចយើងដឹងស្រាប់ហើយថា ផលិតផលធម្មជាតិ មិនមែនចេះតែអាចមានគ្រប់ពេលនោះទេ ដូចនេះ ការនាំចេញមិនអាចបានតាមការកំណត់របស់យើងទេ»។
លោក ហេង ម៉េងទី បានបញ្ជាក់ថា ខាងក្រុមហ៊ុនបានស្នើសុំទៅខាងភាគីចិនថា ក្នុងផលិតផល ១ មុខអាចនាំចេញចន្លោះ ៣០០ ទៅ ១ ០០០ តោន ទៅលើផលិតផលនីមួយៗ សម្រាប់រយៈពេល ៥ ឆ្នាំ។ នៅពេលដែលក្រុមហ៊ុនមានលទ្ធភាពក្នុងការប្រមូលទិញបានច្រើន និងមានលទ្ធភាពក្នុងការនាំចេញបានច្រើនជាងនេះ ក្រោយចប់រយៈពេល ៥ ឆ្នាំ ក្រុមហ៊ុន នឹងស្នើសុំបង្កើនបរិមាណនាំចេញបន្ថែមទៀត។
កាលពីខែឧសភា ឆ្នាំ ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១២ ប្រភេទ ទទួលបានការអនុញ្ញាតឱ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិនដូចជា កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាប ២ ប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូប ២ ប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា៕