កំពង់ស្ពឺៈ លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានប្រាប់ឱ្យដឹងថា ខាងវិនិយោគិនជប៉ុនបានចំណាយពេល ៣ ឆ្នាំ ក្នុងការសិក្សាពីទីតាំងនៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ របស់លោក ដើម្បីរៀបចំជាភូមិលម្ហែសម្រាប់ប្រជាជនជប៉ុន ដែលមានបំណងរកកន្លែងចូលនិវត្តន៍ប្រកបដោយផាសុកភាពនាពេលអនាគត។
លោក ម៉ុង ឫទ្ធី បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៨ ខែសីហាថា កាលពីដើមខែសីហាកន្លងទៅ ខាងវិនិយោគិនជប៉ុន បានជួបប្រជុំជាមួយលោកផ្ទាល់ និងក្រុមការងារអស់រយៈពេល ៣ ថ្ងៃដើម្បីពិភាក្សាគ្នា និងចុះទៅទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដើម្បីពិនិត្យមើលទីតាំងជាក់ស្តែង ដើម្បីរៀបចំគម្រោងសង់ភូមិបុរាណជប៉ុន នៅតំបន់នេះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភូមិលម្ហែជនជាតិជប៉ុននេះ នឹងរៀបចំឱ្យមានសួនទឹក សួនលម្ហែរបស់ជប៉ុន នៅជាប់ជើងភ្នំនៃតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នេះតែម្តង។ គោលដៅដែលសំខាន់គឺភូមិនេះរៀបចំឡើងដើម្បីមនុស្សចាស់ ដែលចូលនិវត្តន៍ នៅពេលដែលជប៉ុនមានអាកាសធាតុត្រជាក់ខ្លាំង ក្រុមមនុស្សចាស់នៅជប៉ុន អាចមកសម្រាកលម្ហែនៅទីនេះបាន»។
លោកបានបន្ថែមថា ចំពោះការរៀបចំភូមិសម្រាប់ជនជាតិជប៉ុន នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យនេះ ក៏នឹងមានសេវាថែទាំសុខភាព សេវាហូបចុក ស្នាក់នៅគ្រប់បែបយ៉ាង ការរៀបចំជាទីលានវាយកូនហ្គោល ការរៀបចំឱ្យមានមន្ទីរពេទ្យទំនើប មាននៅភូមិជប៉ុននេះ។
លោក ម៉ុង ឫទ្ធី បានថ្លែងថា ៖ «យើងបានរៀបចំចម្ការដូងក្រអូប ដោយខ្ញុំបានដាំត្រៀមប្រមាណ ៦០ ហិកតា ក្នុងគោលដៅចង់ឱ្យភ្ញៀវដែលមកកម្សាន្តនៅទីនេះ គឺពិសាដូងក្រអូបជំនួសគ្រឿងកំប៉ុងវិញ ដើម្បីថែរក្សាសុខភាពរបស់ភ្ញៀវដែលមកកម្សាន្តនៅភូមិកសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យនេះ»។
បើតាមលោក ម៉ុង ឫទ្ធី គម្រោងនេះកំពុងមានដំណើរការជាបន្តបន្ទាប់ដោយតាមការគ្រោងទុកវាអាចនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដោយលោកបានបង្ហាញពីភាពជឿជាក់លើវិនិយោគិនជប៉ុន លើការរៀបចំគម្រោងនេះ។ លោកបញ្ជាក់ថា វិនិយោគិនជប៉ុន ភាគច្រើននឹង ធ្វើនូវអ្វីដែលបានដាក់ចេញជាពិសេសក្រោយសិក្សាអស់រយៈពេលយូរបែបនេះ ច្បាស់ណាស់ ភូមិសម្រាប់ជនជាតិជប៉ុននឹងលេចចេញជារូបរាងជាក់ជាមិនខាន។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការកែច្នៃភូមិលម្ហែធម្មជាតិ ទៅជាភូមិកសិទេសចរណ៍ ជាពិសេសសម្រាប់ទទួលភ្ញៀវជប៉ុនបែបនេះទៀត គឺជាភាពច្នៃប្រឌិតថ្មីមួយ ដែលជាផលិតផលទេសចរណ៍ដ៏គួរទាក់ទាញសម្រាប់អ្នកទេសចរអន្តរជាតិ។
លោកស្រីបានប្រាប់ដូច្នេះថា៖ «បច្ចុប្បន្ននេះទេសចរណ៍ធម្មជាតិ ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ។ យើងរីករាយ នៅពេលដែលវិស័យឯកជន មានការចូលរួមយ៉ាងសកម្មក្នុងការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ ជាពិសេសការរៀបចំបែបជាសួនកសិទេសចរណ៍ធម្មជាតិជាដើមនេះវានឹងរួមចំណែកដល់ការទាក់ទាញអ្នកទេសចរមួយកម្រិតទៀត»។
ក្រៅពីការវិនិយោគលើភូមិកសិទេសចរណ៍ហើយ លោក ម៉ុង ឫទ្ធី បានប្រាប់ថា ខាងភាគីជប៉ុនក៏មានការចាប់អារម្មណ៍ លើការវិនិយោគកែច្នៃដូងប្រេង កៅស៊ូ ចំណីសត្វ ផងដែរ ដោយកិច្ចការនេះនឹងមានការពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត៕