ភ្នំពេញៈ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) កំពុងធ្វើការរួមគ្នាជាមួយសមាជិកទាក់ទងនឹងការចោទប្រកាន់ពីការធ្វើអត្តឃាត និងប៉ុនប៉ងធ្វើអត្តឃាតរបស់អតិថិជន ដោយសារការបង្ខំលើការប្រមូលបំណុលពីមន្ត្រីឥណទាននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តរតនគិរី នាពេលថ្មីៗនេះ។
បើតាមសេចក្តីថ្លែងការណ៍រួមពីសមាគមទាំង ២ ស្តីពីការចោទប្រកាន់ទាក់ទងនឹងការធ្វើអត្តឃាត និងការប៉ុនប៉ងធ្វើអត្តឃាត ដោយសារការបង្ខំលើការប្រមូលបំណុលពីមន្ត្រីឥណទាននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងខេត្តរតនគិរី ដោយសារតែគេចាត់ទុកថា នេះជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុត។ ABC និង CMA កំពុងធ្វើការយ៉ាងសស្រោកសស្រាំលើរបៀបវារៈនៃការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន «យើង (សមាគមទាំង២) បានស្នើឱ្យគ្រឹះស្ថាននីមួយៗដែលមានឈ្មោះក្នុងរបាយការណ៍នោះធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់លើករណីចោទប្រកាន់ទាំងអស់នោះ។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងភាពមិនលម្អៀងលើលទ្ធផលនៃការរកឃើញចំពោះបញ្ហានេះ សមាគមយល់ឃើញថា ចាំបាច់នឹងមានការស៊ើបអង្កេតឯករាជ្យមួយផ្សេងទៀត។ ប្រសិនបើពិតជាមានការប្រព្រឹត្តខុសពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកមែននោះ សមាគមទាំង ២ នឹងគាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការវិន័យលើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឬបុគ្គលពាក់ព័ន្ធ។ វិធានការដ៏ម៉ឺងម៉ាត់នេះគឺជាការចាំបាច់ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងទំនុកចិត្តសាធារណជនមកលើប្រព័ន្ធធនាគាររបស់យើង»។
សេចក្ដីប្រកាសព័ត៌មានបន្តថា «សមាគមទាំង ២ នឹងបន្តពិនិត្យមើលលើគោលនយោបាយនៃការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ និងគោលនយោបាយប្រមូលបំណុល រួមបញ្ចូលទាំងការកែលម្អចាំបាច់ ដើម្បីធានាបាននូវដំណោះស្រាយត្រឹមត្រូវ និងសមស្របដែលអាចទទួលយកបានទាំងចំពោះផលប្រយោជន៍របស់អតិថិជន និងផលប្រយោជន៍របស់ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
លោក កាំង តុងងី អ្នកនាំពាក្យ CMA បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែសីហាថ្មីៗនេះថា CMA បានទទួលព័ត៌មានមួយចំនួនពីប្រព័ន្ធផ្សព្វផ្សាយ និងអង្គការក្រៅរដ្ឋាភិបាលជុំវិញករណីមនុស្ស ៤ នាក់ធ្វើអត្តឃាត និងម្នាក់ប៉ុនប៉ងធ្វើអត្តឃាត ដោយបានចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ។
លោកថ្លែងថា៖ «វាជាករណីធ្ងន់ធ្ងរមួយដែលមិនធ្លាប់កើតមានក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដូច្នេះយើងកំពុងសហការជាមួយសមាជិករបស់យើងដើម្បីប្រមូលព័ត៌មាន និងភ័ស្តុតាង។មកដល់ពេលនេះយើងនៅមិនទាន់រកឃើញថា មានការជាប់ពាក់ព័ន្ធដោយផ្ទាល់រវាងស្ថាប័ន-មីក្រូហិរញ្ញវត្ថុ និងអតិថិជនដែលឈានទៅដល់ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាតនោះទេ។ នេះគ្រាន់តែជារបាយការណ៍សវនកម្មពីស្ថាប័នមីក្រូហិរញ្ញវត្ថុនីមួយៗប៉ុណ្ណោះ។
លោកអះអាងថា៖ «ជាមួយនឹងចំណុចឈររបស់យើង គឺយើងចាំបាច់ត្រូវមានអ្នកស៊ើបអង្កេតឯករាជ្យមួយ ដើម្បីធ្វើសវនកម្ម និងដើម្បីធ្វើឱ្យប្រាកដថាការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាតកើតចេញពីសម្ពាធពីមីក្រូហិរញ្ញវត្ថុ ហើយខាងយើងនឹងកែតម្រូវ ហើយអ្នកដែលជាប់ពាក់ព័ន្ធត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ បើរកមិនឃើញទេ វានឹងបញ្ជាក់ពីសេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់យើង»៕