ភ្នំពេញៈ ក្រុមហ៊ុនជិត ២,៨ ម៉ឺន ដែលមានទុនវិនិយោគជាង ៨,២ ពាន់លានដុល្លារ ទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌-មានដំណាក់កាលទី ១ ខណៈកាលពីដើមឆ្នាំ ២០២៣ ចំនួនក្រុមហ៊ុនចុះបញ្ជីមានត្រឹម ២០ ៦៩៣ និងដើមទុនជាង ៥,៨១ ពាន់លានដុល្លារ។ នេះបើតាម Online Business Registration Service។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលដាក់ឱ្យដំណើរការ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ ចូលរួម។ ក្រោយមករដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការដំណាក់កាលពី ២ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ និងដំណាក់កាលទី ៣ នាថ្ងៃទី ២២ ខែមិថុនា ដោយបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត។
បណ្តាញសង្គមផ្លូវការរបស់ Online Business Registration Service បានបង្ហាញថា គិតត្រឹមថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ (ម៉ោង ២៣:៥៩នាទី) ចំនួនក្រុមហ៊ុនបានចុះបញ្ជីដោយជោគជ័យតាមប្រព័ន្ធ Single Portal មានសរុប ២៧ ៩៥២ ក្រុមហ៊ុន ស្មើនឹងដើមទុនចុះបញ្ជីសរុប ៨,២២ ពាន់លានដុល្លារ។ កាលពីដើមឆ្នាំ ២០២៣ (ថ្ងៃទី២ ខែមករា) ក្រុមហ៊ុនទទួលជោគជ័យលើការចុះបញ្ជី មានចំនួន ២០ ៦៩៣ ក្រុមហ៊ុន និងមានដើមទុនចុះបញ្ជី ៥,៨១ ពាន់លានដុល្លារ។
ក្នុងចំណោមទុនវិនិយោគទាំង ៨,២ ពាន់លានដុល្លារ គឺផ្នែកសាងសង់ មានដើមទុន ១,០៨ ពាន់លានដុល្លារ ស្មើនឹង ១៣,១ ភាគរយ, ផ្នែកអចលនទ្រព្ យ(ប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ) មានដើមទុន ៩២១ លានដុល្លារ ស្មើ ១១,២ ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ៨៩៨លានដុល្លារ ស្មើនឹង ១០,៩ ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៤៧៥ លានដុល្លារ ស្មើ ៥,៨ ភាគរយ, កម្មន្តសាលសម្លៀកបំពាក់ (លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ) ៤៧៥ លានដុល្លារ ស្មើ ៥,៨ ភាគរយ, និងផ្នែកផ្សេងៗមានដើមទុន ៤,៤៨ ពាន់លានដុល្លារ ស្មើ ៥៤,៤ ភាគរយ។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែសីហាថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅកម្ពុជាបានកើនឡើងជាលំដាប់ ខណៈបច្ចេកវិទ្យា ក៏កំពុងដើរតួនាទីសំខាន់ផងដែរនៅគ្រប់សកម្មភាពសង្គម។
លោកបានថ្លែងថា៖ «ខ្ញុំមើលឃើញថា បន្ទាប់ពីរដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការចុះបញ្ជី គឺចំនួនក្រុមហ៊ុនដែលស្នើសុំចុះបញ្ជីមានសម្ទុះកើនគួរឱ្យកត់សម្គាល់។ កំណើនក្រុមហ៊ុនចុះបញ្ជីអាជីវកម្មពេលនេះ ក៏ដោយសារតែម្ចាស់អាជីវកម្មភាគច្រើនយល់ដឹងពីកាតព្វកិច្ច និងចេះប្រើបច្ចេកវិទ្យាដើម្បីស្នើសុំចុះបញ្ជីផងដែរ»។
ក្នុងគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យស្ទុះទៅមុខកាន់តែលឿនថែមទៀតនោះ លោក ឈិន កែន បាននិយាយថា៖ «កូនខ្មែរទាំងអស់ ត្រូវតែព្យាយាមអភិវឌ្ឍខ្លួនលើជំនាញបច្ចេកវិទ្យាឱ្យកាន់តែប្រសើរថែមទៀត ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងពិភពលោក»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា រយៈពេលជាង ២ ឆ្នាំបន្ទាប់ពីដាក់ឱ្យដំណើរការ គេសង្កេតឃើញមានម្ចាស់អាជីវកម្ម/ក្រុមហ៊ុនជាច្រើនបាននាំយកអាជីវកម្មរបស់ពួកគេទៅចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលប្រព័ន្ធនេះបានកាត់បន្ថយនីតិវិធីស្មុគស្មាញ ខណៈកន្លងមកតម្រូវឱ្យមានឯកសារច្រើន និងត្រូវធ្វើពីកន្លែង ១ ទៅកន្លែង ១។
លោកបញ្ជាក់ថា៖«ផ្នែកឯកជន គឺតែងចង់បាននីតិវិធីណាដែលងាយស្រួល រហ័ស និងចំណាយថវិកាតិច។ ម្យ៉ាងវិញទៀតការប្រើប្រព័ន្ធបច្ចេកវិទ្យា ក៏ជួយសម្រួលឱ្យអ្នកដែលត្រូវចុះបញ្ជីអាចធ្វើឡើងបានពីគ្រប់ទីកន្លែងបានផងដែរ»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី៣» កាលពីថ្ងៃទី ២២ ខែមិថុនា បានថ្លែងថា ការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល គឺជាអាទិភាពគន្លឹះមួយដែលកម្ពុជាកំពុងខិតខំធ្វើ តាមរយៈការបង្កើតគំរូសេដ្ឋកិច្ចថ្មីដែលមានលក្ខណៈឌីជីថល ការបង្កើនផលិតភាព និងការធានាបានកំណើនសេដ្ឋកិច្ចរឹងមាំ៕