ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បញ្ជាក់ថា រដ្ឋាភិបាលថ្មីនឹងចាក់បញ្ចូលថវិកាបន្ថែមទៀតដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាមួយនឹងវិស័យដ៏ជាក់លាក់ដើម្បីជំរុញផលិតកម្មក្នុងផ្នែកនេះឱ្យកាន់តែរឹងមាំ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពដើម្បីសម្រេចបានការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
លោក ហែម វណ្ឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងវេទិកានៃការផ្តល់ឥណទានផ្ទាល់ដល់វិស័យឯកជន «Non-Sovereign Loan» នៅថ្ងៃទី៩ ខែសីហា ដែលមានការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗចំនួន ៣ ផងដែរដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និង PROPARCO នៃ AFD ជាដើម។
លោកបានឱ្យដឹងថា ការយល់ដឹងពីសារៈសំខាន់នៃ MSMEs គឺជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស ប៉ុន្តែលទ្ធភាពនៃការទទួលបានហិរញ្ញវត្ថុនៅក្នុងវិស័យនេះនៅមានកម្រិត ដោយសារបញ្ហាប្រឈមមួយចំនួនជុំវិញការច្របាច់បញ្ចូលគ្នារបស់ពួកគេឱ្យក្លាយជាសហគ្រាសតែមួយ និងកាន់តែជាក់ច្បាស់។
លោកថ្លែងថា៖ «បើខ្ញុំក្រឡេកមើលទៅកន្លែងណាដែលកម្ពុជានឹងទៅក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខជាមួយនឹងលោកនាយករដ្ឋមន្ត្រីថ្មី ការធ្វើពិពិធកម្ម គឺមានសារៈសំខាន់ណាស់ ហើយតើយើងអាចធ្វើពិពិធកម្មដោយរបៀបណា? ការធ្វើពិពិធកម្ម គឺចេញមកពីផ្នែកកណ្ដាលនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង។ យើងកំពុងតែស្វែងរកឧស្សាហកម្មថ្មី ហើយសំខាន់ជាងនេះទៅទៀតគឺការផ្លាស់ប្តូរ MSMEs របស់យើង ដែលនេះជាស្នូលនៃរបៀបវារៈរបស់នាយករដ្ឋមន្ត្រីថ្មី»។
លោកបញ្ជាក់ក្នុងវេទិកានេះថា៖ «ជាការពិតណាស់ យើងបាននិយាយជាទូទៅថា MSMEs រហូតមកដល់ពេលនេះ យើងត្រូវបញ្ជាក់ឱ្យបានច្បាស់អំពីអនុវិស័យ និងរបៀបដែលយើងជ្រើសរើសមួយចំនួនក្នុងចំនួនទាំងអស់នោះ យើងអាចនិយាយអំពីអាជីវកម្មកសិពាណិជ្ជកម្មជាទូទៅ ប៉ុន្តែខ្ញុំគិតម្តងទៀត យើងចាំបាច់ត្រូវតែកំណត់ឱ្យកាន់តែជាក់ច្បាស់នៅពេលនេះ»។
លោកលើកឡើងថា៖ «យើងមិនអាចនិយាយអ្វីជាទូទៅបានទៀតទេឥឡូវនេះ យើងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដូច្នេះស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ មៀន ស្វាយ និងសូម្បីតែផលិតផលត្រីដែលផ្តល់អត្ថប្រយោជន៍ដ៏ធំមួយសម្រាប់កម្ពុជា។ យើងត្រូវធ្វើវិធីសាស្ត្រកាន់តែស៊ីជម្រៅលើចំណុចទាំងនេះ ពង្រីកវាឡើង បង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ ដូច្នេះយើងអាចផ្តល់ហិរញ្ញប្បទានបានយ៉ាងល្អ»។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវទៅដល់ដៃគូអភិវឌ្ឍន៍ទាំង ៣ ត្រូវផ្តល់លទ្ធភាពនៅក្នុងការទទួលបានហិរញ្ញប្បទានដោយផ្ទាល់ដល់រោងម៉ាស៊ីនកិនស្រូវដែលត្រូវការទុនបង្វិលបន្ថែម ដើម្បីប្រមូលអតិរេកស្រូវដែលហូរចេញក្រៅប្រទេស។
លោកឱ្យដឹងថា មធ្យោបាយប្រពៃណីភាគច្រើនដែលធនាគារពាណិជ្ជបានធ្វើនៅពេលពួកគេយកទ្រព្យបញ្ចាំ ដី ឃ្លាំង សំណង់ខ្លះ ហើយបន្ទាប់មកផ្តល់ភាគរយនៃអនុបាតប្រាក់ចំណេញរបស់ខ្លួន ទោះយ៉ាងណាសន្និធិ ស្រូវមិនអាចប្រើប្រាស់ជាវត្ថុបញ្ចាំដល់ធនាគារបានទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ដើម្បីសម្រេចបានការនាំចេញអង្ករមួយលានតោន ជាគោលដៅដំបូងដែលកំណត់ដោយនាយករដ្ឋមន្ត្រី [ហ៊ុន សែន] ខ្ញុំគិតថា វិស័យស្រូវអង្ករ ត្រូវការទុនបង្វិលប្រហែលពី ១២០ ទៅ ១៥០ លានដុល្លារថែមទៀត។ ដូច្នេះខ្ញុំចង់ស្នើទៅស្ថាប័នទាំង ៣ បើសិនអ្នកជួយលើការផ្តល់ប្រាក់កម្ចីដោយផ្ទាល់នោះ គឺជាការលើកទឹកចិត្តខ្លាំងណាស់ បើយកម្ចីដែលមានទឹកប្រាក់ពី ១២០-១៥០ លានដុល្លារគឺមិនច្រើនសម្រាប់ស្ថាប័នទាំង ៣»។
លោក ហេង កុយ អ្នកគ្រប់គ្រងទូទៅសមាគមធនាគារនៅកម្ពុជា (ABC) ក៏បានឱ្យដឹងក្នុងវេទិកានេះថា សមាគមលោកក៏កំពុងធ្វើការដើម្បីសម្រួលដល់អាជីវកម្មក្នុងស្រុកឱ្យមានលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុកាន់តែច្រើនផងដែរ។ ទោះយ៉ាងណាក៏ដោយ នៅតែមានបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យធនាគារអំពីរបៀបកាត់បន្ថយហានិភ័យដូច្នេះលោកស្នើឱ្យសមាគមធុរកិច្ច និង ABC សហការគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។
លោកថ្លែងថា៖ «ប្រសិនបើយើងអាចធ្វើការជាមួយគ្នាបាន ខ្ញុំគិតថានឹងមានការផ្លាស់ប្តូរជាច្រើនសម្រាប់ការរួមចំណែកក្នុងការទទួលបានហិរញ្ញវត្ថុ»។
យោងតាមលោក វណ្ឌី បច្ចុប្បន្ននេះ កម្ពុជា មាន MSMEs ជាង ៥០០ ០០០ នៅទូទាំងប្រទេស ដែលពិបាកដល់ដៃគូអភិវឌ្ឍន៍ក្នុងការផ្តល់ប្រាក់កម្ចីដល់ពួកគេទាំងអស់ ខណៈដែលចាំបាច់ត្រូវមានមជ្ឈមណ្ឌលដ៏រឹងមាំមួយផ្តល់ព័ត៌មានជាក់ស្តែងថែមទៀតអំពីអាជីវកម្មពួកគេ។
លោកបញ្ជាក់ថា៖«ពិតហើយ PROPACO, ADB និង IFC មិនអាចកំណត់គោលដៅរបស់អ្នកទាំងនោះក្នុងពេលតែមួយបានទេ ប៉ុន្តែខ្ញុំជឿថាអ្នកផ្តោតលើអ្វីដែលនឹងគាំទ្រទៅដល់ការអភិវឌ្ឍឧស្សាហកម្ម។ ដូច្នេះតួអង្គជាកាតាលីករទាំងអស់នឹងមានសារៈសំខាន់ក្នុងដំណាក់កាលនេះ។ អ្នកមានស្ពានឆ្លងរួចហើយ អ្នកបានផ្គត់ផ្គង់រួច និងជាផ្នែកធំនៃខ្សែចង្វាក់តម្លៃ នឹងត្រូវផ្តោតលើលទ្ធភាពទទួលបានហិរញ្ញប្បទាន»។
លោក វណ្ឌី បន្ថែមថា៖ «យើងមិនអាចជួយនរណាម្នាក់ក្នុងគោលដៅតែមួយបានទេ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើយើងអាចកំណត់អត្តសញ្ញាណអ្នកដែលអាចដឹកនាំអ្នករាល់គ្នានៅពេលនេះ ដែលគួរតែជាអាទិភាពរបស់យើង»៕