ភ្នំពេញៈ និយតករមូលបត្រកម្ពុជា និងឡាវ នឹងសហការគ្នាក្នុងការជំរុញការអភិវឌ្ឍផ្សារមូលបត្ររវាងប្រទេសជិតខាងអាស៊ានទាំង ២ ខណៈទីផ្សារមូលធនប្រទេសទាំង ២ នៅមានកម្រិតតិចតួចដូចគ្នាបើធៀបនឹងប្រទេសដៃគូផ្សេងទៀតនៅក្នុងតំបន់។
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយតករមូលបត្រកម្ពុជា (SERC) និងលោកស្រី Fongchinada Sengsourivong អគ្គលេខាធិការនៃការិយាល័យគណៈកម្មការមូលបត្រឡាវ (LSCO) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទីផ្សារមូលបត្រនៅថ្ងៃទី ១០ ខែសីហា។
លោកស្រី Fongchinada បានឱ្យដឹងថា LSCO គឺជានិយតករដ៏សំខាន់មួយដែលកំពុងដើរតួនាទីសម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រប្រទេសឡាវ។ ស្ថាប័ននេះកំពុងធ្វើសកម្មភាពមូលបត្រជាច្រើនដូចជា ចេញគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិដែលអនុលោមតាមការអនុវត្តល្អបំផុត។
លោកស្រីថ្លែងថា៖ «យើងជឿជាក់ថា MoU នេះនឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រព័ត៌មានចាំបាច់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើទីផ្សារមូលបត្ររវាងកម្ពុជា និងឡាវ»។
លោក ស៊ូ សុជាតិ បានលើកឡើងថា ការចុះហត្ថលេខារវាងនិយតករមូលបត្រកម្ពុជា និងការិយាល័យគណៈកម្មការមូលបត្រនៃប្រទេសឡាវ ស្តីពីការផ្លាស់ប្តូរព័ត៌មាន និងជំនួយទៅវិញទៅមក តាមរយៈ MoU នេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មាន ដែលតាមពិតនឹងបង្កើនទំនុកចិត្ត សាមគ្គីភាព និងវឌ្ឍនភាពបន្ថែមទៀតសម្រាប់ភាគីទាំង ២។
លោកថ្លែងថា៖ «វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត និងជាដំណើរដ៏អស្ចារ្យសម្រាប់និយតករទាំង ២ នេះ ក្នុងការសហការគ្នា ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសទាំង ២ ក្នុងជាភាពជាដៃគូស៊ីជម្រៅ។ SERC តែងតែសហការជាមួយក្របខ័ណ្ឌតំបន់ទាំងដែលរួមមានទីផ្សារមូលធនមេគង្គ និងវេទិកាទីផ្សារមូលធនអាស៊ាន»។
យោងតាមលោក សុជាតិ ក្នុងរយៈពេល ១ ទសវត្សរ៍មកនេះ ទីផ្សារមូលបត្រនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ តាំងពីចាប់ផ្តើមដាក់លក់លើទីផ្សាររហូតមកដល់ពេលនេះកម្ពុជាមានក្រុមហ៊ុនសរុប ២០ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ក្នុងនោះក្រុមហ៊ុន ១១ បានបោះផ្សាយមូលបត្រកម្មសិទ្ធិ ក្រុមហ៊ុន ៩ បានចុះបញ្ជីនៅលើទីផ្សារគោល ក្រុមហ៊ុនផ្សេងទៀតចុះបញ្ជីនៅទីផ្សារកំណើន និងក្រុមហ៊ុន ៩ ផ្សេងទៀតបានចេញសញ្ញាបណ្ណសាជីវកម្ម ហើយបានចុះបញ្ជីនៅទីផ្សាររបស់កម្ពុជា។
លោកប្រាប់ថា៖ «ក្នុងចំណោមក្រុមហ៊ុនទាំងនេះ យើងមានក្រុមហ៊ុនមួយដែលយើងហៅថា Golden Tree ដែលបានចេញសញ្ញាបណ្ណបៃតងដំបូងគេស្របតាមស្តង់ដាសញ្ញាបណ្ណបៃតងអាស៊ាន។ ក្រៅពីនេះ សញ្ញាបណ្ណបៃតងនេះ មានក្រុមហ៊ុនចំនួន ៣ ទៀតកំពុងស្ថិតក្នុងដំណើរការដើម្បីចេញសញ្ញាបណ្ណបៃតងប្រកបដោយនិរន្តរភាព ដែលរំពឹងថា នឹងមានក្រុមហ៊ុនយ៉ាងហោចណាស់ ១ ឬ ២ ទៀតនឹងចុះបញ្ជីនៅលើ CSX ត្រឹមចុងឆ្នាំនេះ។ ជាមួយគ្នានេះយើងបានផ្ដល់អាជ្ញាប័ណ្ណ និងយល់ព្រមលើក្រុមហ៊ុនជាង ១០ កំពុងប្រតិបត្តិការនៅលើទីផ្សារមូលបត្រនេះ»៕