កំពង់ធំៈ ក្រុមហ៊ុនវិនិយោគចិនដែលមានជំនាញលើផ្នែកកសិកម្មបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅក្នុងទឹកដីខេត្តកំពង់ធំ និងត្រូវការដីជាច្រើនហិកតា បន្ទាប់ពីក្រុមហ៊ុននេះបានសិក្សាស្រាវជ្រាវ និងវាយតម្លៃពីសក្ដានុពលដីនៅតំបន់នេះ។
គម្រោងនេះត្រូវបានលើកឡើងក្នុងជំនួបរវាង លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជាមួយតំណាងក្រុមហ៊ុនវិនិយោគចិន និងដឹកនាំដោយលោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាការងារវិនិយោគលើវិស័យកសិកម្មលើដំណាំដំឡូងមី ពោត បង្កាត់ពូជស្មៅ និងចំណីសត្វ ជាដើម កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣។ ជាមួយនឹងដំណឹងនេះ អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញរួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានអបអរសាទរ និងគាំទ្រចំពោះការមកសិក្សាវិនិយោគលើវិស័យកសិកម្ម នាឱកាសនេះ។ នេះបើតាមរដ្ឋបាលខេត្តកំពង់ធំ។
ក្នុងជំនួបពិភាក្សានោះ លោក ងួន រតនៈ បានឱ្យដឹងថា នេះជាលើកទី២ ហើយ ដែលមានជំនួបពិភាក្សាការងារបែបនេះ ខណៈដែលក្រុមហ៊ុនវិនិយោគចិន បានបញ្ចប់ដំណើរការនៃការសិក្សាស្រាវជ្រាវអំពីផែនការវិនិយោគនៅក្នុងខេត្តកំពង់ធំ ហើយសម្រេចចិត្តមកជួបពិភាក្សាការងារវិនិយោគជាថ្មីម្ដងទៀតជាមួយរដ្ឋបាលខេត្តកំពង់ធំ។
លោកថា ខេត្តកំពង់ធំ ជាខេត្តមួយ ដែលមានផ្ទៃដីរាបស្មើ និងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំកសិកម្ម ព្រមទាំងជាខេត្តដែលតែងតែពឹងផ្អែកលើវិស័យកសិកម្ម ច្រើនជាងវិស័យផ្សេងៗ ដែលជាកត្តាអំណោយផលដល់ក្រុមហ៊ុនវិនិយោគចិន។
លោក ងួន រតនៈ បញ្ជាក់ថា៖ «យើងសង្ឃឹមជឿជាក់ថា ជំនួបពិភាក្សាគ្នានេះ នឹងចេញផ្លែផ្កា ទទួលបានជោគជ័យនៅពេលខាងមុខដ៏ខ្លីនេះ ជាពិសេសបានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទទួលបានប្រាក់ចំណូលសមរម្យ កាត់បន្ថយការចំណាកស្រុក និងជួយជំរុញចំណូលសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ធំឱ្យកាន់តែប្រសើរឡើង ហើយក្នុងនាមអាជ្ញាធរខេត្តរង់ចាំសហការរាល់កិច្ចការជាមួយក្រុមហ៊ុនជានិច្ច»។
បើតាមរដ្ឋបាលខេត្តកំពង់ធំ តំណាងក្រុមហ៊ុនវិនិយោគចិន បានជម្រាបជូនថា ក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មរបស់ចិនត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ ពីរាជរដ្ឋាភិបាលចិន ជាប្រភេទក្រុមហ៊ុនមានសមត្ថភាពខ្ពស់ក្នុងការផលិត។ តំណាងក្រុមហ៊ុនវិនិយោគចិន បន្តទៀតថា តាមការស្រាវជ្រាវរបស់ខ្លួន ខេត្តកំពង់ធំគឺជាខេត្តមួយសម្បូរទៅដោយធនធានកសិកម្មក្នុងនោះ គ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា មានរសជាតិឆ្ងាញ់ជាងគេទូទាំងពិភពលោក និងមានគុណភាពខ្ពស់ទៀតផង។
តំណាងក្រុមហ៊ុនវិនិយោគចិនបញ្ជាក់ថា៖ «ក្រុមហ៊ុនវិនិយោគចិន សន្យានឹងខិតខំប្រឹងប្រែងពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីរបស់កម្ពុជាឱ្យបានទូលំទូលាយ ជាពិសេសលើទីផ្សារអឺរ៉ុប និងអារ៉ាប់ ដើម្បីឱ្យប្រជាជនតាមបណ្ដាប្រទេសជាច្រើនបានទទួលទានស្វាយចន្ទីរបស់ប្រទេសកម្ពុជា»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈធ្លាប់លើកឡើងថា ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលកម្ពុជា-ចិន បានផ្តល់ពន្លឺសេដ្ឋកិច្ចយ៉ាងច្រើនសម្រាប់កម្ពុជាតាមរយៈក្រុមហ៊ុនចិនមកបណ្តាក់ទុន និងវិនិយោគលើវិស័យកសិកម្មឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ជាដើម៕