ភ្នំពេញៈ វិស័យ​ឯកជន​នៃ​ប្រ​​ទេស​អូស្ត្រាលី​គ្រោង ​នឹង​បង្កើត​ការិយាល័យ​តំណាង​ពាណិជ្ជ​កម្ម​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​នាពេល​ឆាប់ៗ​នេះ ដើម្បី​លើក​កម្ពស់​ការដោះដូរ​ទំនិញ និង​លំ​ហូរ​វិនិយោគ​នៃ​ប្រទេស​ទាំង​ ២​ ជាពិសេស​ទាញយក​ប្រយោជន៍​ពី​ការអនុវត្ត​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP)​។

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង មាន​សុទិដ្ឋិនិយម​ថា ទំនាក់ទំនង​ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា​-​អូស្ត្រាលី នឹងមាន​ភាព​មមាញឹក និង​ទំហំ​កាន់តែ​ធំ​ជាង​មុន​។​

​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​តំណាង​ដោយ​លោក លឹម ហេង កាលពី​ថ្ងៃទី​ ៩ ខែសីហា នៅ​ទីស្នាក់ការ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Paul Keogh នាយក​នៃ CAPRED ប្រចាំ​នៅ​កម្ពុជា និង​លោក Ayden O''Neill លេខា​ទី​ ២ នៃ​ស្ថានទូត អូស្ត្រាលី​ប្រចាំ​កម្ពុជា​។​

​គោលបំណង​នៃ​កិច្ចពិភាក្សា​នេះ គឺ​ដើម្បី​ពិនិត្យ​លើ​ដំណើរ​សកម្មភាព​ផ្នែក​ឯកជន​នៃ​យន្តការ​វេទិកា​រដ្ឋាភិបាល​ផ្នែក​ឯកជន ដែលមាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ជា​តំណាង​សម្របសម្រួល​ក្រុមការងារ​ផ្នែក​ឯកជន និង​ជា​លេខា​ធិ​ការដ្ឋាន​ផងដែរ​។ កិច្ចពិភាក្សា​នេះ​ក៏បាន​ឯកភាព​ពិនិត្យ និង​ធ្វើយ៉ាងណា​ឱ្យ​យន្តការ​នេះ​មាន​ភាពល្អប្រសើរ និង​ជួយ​សម្របសម្រួល​ដល់​ស​កម្ម​ភាព បរិយាកាស​វិនិយោគ​របស់​អូស្ត្រាលី​នៅ​កម្ពុជា​ផងដែរ​។​

​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី ​១០ ខែសីហា លោក លឹម ហេង ឱ្យដឹងថា ជំនួប​ខាងលើ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការជំរុញ​កិច្ច​សហប្រតិបត្តិ​រវាង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ​២ ឱ្យ​បោះជំហាន​ទៅមុខ​កាន់តែ​លឿន​ថែមទៀត ខណៈ​អូស្ត្រាលី និង​កម្ពុជា​សុទ្ធ​​តែ​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP)​។

លោក​បន្តថា នៅ​ចំពោះមុខ​នេះ​អូស្ត្រាលី​ចង់ឃើញ​វត្តមាន​ការិយាល័យ​តំណាង​ផ្នែក​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​កម្ពុជា បន្ទាប់ពី​ផ្នែក​ឯក​ជនកម្ពុជា​ដែល​តំណាង​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​បើក​កា​រិ​យា​ល័យ​ចំនួន ២ រួចមកហើយ​នៅ​ទីក្រុង​​មែ​ល​ប៊​ន និង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ខែឧសភា​។​

​លោក​បញ្ជាក់ថា​៖ «​តាមរយៈ​ជំនួប​នេះ ផ្នែក​ឯកជន​អូស្ត្រាលី​ក៏មាន​ផែន​ការជំរុញ​ដំណើរ​ការបើក​ការិយាល័យ​តំណាង​ផ្នែក​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​កម្ពុជា​ឱ្យបាន​ឆាប់​។ ការិយាល័យ​ផ្នែក​ពាណិជ្ជកម្ម​នឹង​ជួយ​ធ្វើឱ្យ​សកម្មភាព​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ កើនឡើង ​១ ​កម្រិត​ទៀត​»​។​

​បើតាម​លោក លឹម ហេង ផលិត​ផល​សក្តានុពល​ដែល​កម្ពុជា​នាំ​ចេញទៅ​អូស្ត្រាលី មានដូចជា ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​កសិកម្ម ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំចូល​មកវិញ រួម​មាន ផលិតផល​អេឡិចត្រូនិក ឱសថ និង​យានយន្ត ជាដើម​។​

CAPRED ជា​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ដ៏​សំខាន់​របស់​ប្រទេស​អូស្ត្រាលី នៅ​កម្ពុជា ដែល​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី ការរៀបចំ​ខ្លួន​សម្រាប់​ការ​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ការលើកកម្ពស់​គោ​លន​យោ​បាយ និង​ការអនុវត្ត​ពាណិជ្ជកម្ម និង​ការវិនិយោគ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​កសាង​ប្រព័ន្ធ​ដើម្បី​បង្កើន​ពាណិជ្ជ​កម្ម និង​ការវិនិយោគ​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា នៅ​រយៈពេល ៧ ​ខែ​នៃ​ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​កម្ពុជា អូស្ត្រាលី មាន​ទឹកប្រាក់​សរុប ២៩៥,៤៧​ លាន​ដុល្លារ ថយចុះ ៧,៧​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដោយ​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អូស្ត្រាលី មាន​ទឹកប្រាក់ ២០១,៦​លាន​ដុល្លារ ធ្លាក់ចុះ ៩,៤ ​ភាគរយ និង​អូស្ត្រាលី​នាំមក​កម្ពុជា ៩៣,៨៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៣,៩ ​ភាគរយ​។ អូ​ស្ត្រា​លី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ១៨ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​មួយចំនួន​ដូចជា ចិន អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហ​បុរី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និង​កាណាដា ជាដើម​៕