ប្រាក់​ដុល្លារ​ស្ទុះ​ងើបឡើង​វិញ ក្រោយ​ពេលដែល​វិនិយោគិន​បានរួម​ចំណែក​ធ្វើឱ្យ​ប្រសើរឡើង​បន្តិច​នៃ​កម្រិត​អតិផរណា ខណៈ​ប្រាក់​យ៉េន​របស់​ជប៉ុន​បន្ត​ដាំ​ក្បាល​ចុះ​។ ទោះយ៉ាងណា កម្រិត​អតិផរណា​នេះ​នៅតែ​លើស​គោលដៅ​អតិផរណា​របស់​ទុនបម្រុង​សហព័ន្ធ (​ជា​ប្រព័ន្ធ​មួយ​នៃ​ធនាគារកណ្តាល​របស់​ស​ហ​រដ្ឋ​អាមេរិក​) ចំនួន ២% ដដែល​។

​ប្រាក់​ដុល្លារ​បាន​ហក់​ឡើងដល់​កំពូល ក្នុង​រយៈពេល​ប្រាំ​សប្តាហ៍​បើ​ធៀប​ទៅនឹង​ប្រាក់​យ៉េន​។ រហូតមកដល់​ពេលនេះ ប្រាក់​ដុល្លារ​បាន​កើនឡើង ១០.៤% បើ​ធៀប​និង​រូបិយប័ណ្ណ​ជប៉ុន​។ ជាមួយគ្នានេះ​លុយ​ដុល្លារ​របស់​សហរដ្ឋអាមេរិក​ក៏​កើន​ខ្ពស់ជាង​ប្រាក់​អឺរ៉ូ​ផងដែរ ដោយ​ការផ្លាស់ប្តូរ​ចុងក្រោយ​គឺ​កើន​លើស ០.១%​។ ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ប្រាក់​ដុល្លារ ធៀប​នឹង​ប្រាក់​អឺរ៉ូ និង​ប្រាក់​យ៉េន បាន​ជំរុញ​ឱ្យ​ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​ផ្តើម​ឡើងថ្លៃ​វិញ​ផងដែរ​។​

​កាលពី​ខែមិថុនា កន្លងទៅ​ប្រាក់​ដុល្លារ​បាន​ធ្លាក់ចុះ ដោយសារតែ​ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់ (CPI) បាន​កើនឡើង ០.២%​។ ការកើនឡើង​នេះ បានធ្វើឱ្យ​ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​កើន​ពី ៣.០​ភាគរយ​មកដល់ ៣.២% ក្នុង​រយៈពេល ១២ ខែ​។​

​ប្រធាន​ធនាគារកណ្តាល San Francisco Federal លោកស្រី Mary Daly កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយថា វឌ្ឍនភាព​បន្ថែម​គឺជា​រឿង​ចាំបាច់​ដើម្បី​ទប់​ទល់នឹង​អតិផរណា ទោះបីជា​វា​កំពុង​ដើរ​លើ​ទិសដៅ ត្រឹមត្រូវ​ក៏ដោយ​។​

​លោកស្រី​បាន​បន្តថា ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​ខែកក្កដា​ល្អប្រសើរ​វិញ មិន​មានន័យថា ធនាគារកណ្តាល​អាច​ប្រកាស​ជ័យជម្នះ​លើ​អតិផរណា​ទេ និង​បន្ថែមថា​ទីផ្សារការងារ​នៅ​មិនទាន់មាន​តុល្យភាព​នៅឡើយ​។

​ទាក់ទិន​ទៅនឹង​ការធ្លាក់ចុះ​នៃ​ប្រាក់​យ៉េន ក្រុមអ្នកវិភាគ​បានឱ្យដឹងថា មូលហេតុ​ចម្បង​គឺ​មកពី​តម្លៃ​ប្រេង​ឡើងថ្លៃ ដោយហេតុថា​ជប៉ុន​គឺជា​ប្រទេស​ដែល​នាំចូល​ប្រេង​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក​។

​ស្របពេល​ជាមួយគ្នានេះ ក្រុម​វិនិយោគិន​ក៏​កំពុង​ស្វែងរក​ការអន្តរាគមន៍​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បីឱ្យ​ប្រាក់​យ៉េន​កើនឡើង​វិញ​៕