ភ្នំពេញៈ ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក គង់ សាង បានថ្លែងថា នៅត្រឹមដើមខែសីហានេះ វិស័យកាត់ដេរនៅកម្ពុជាមានរោងចក្រសរុបចំនួន ១ ០៧៧ រោងចក្រ ដែលក្នុងនោះផលិតសម្លៀកបំពាក់មានចំនួន ៨០២ ផលិតស្បែកជើងមានចំនួន១៤០ និងផលិតកាបូបមានចំនួន ១៣៤ ហើយមានកម្មករសរុបចំនួន ៧៦៤ ៣៥៨ នាក់។
លោក គង់ សាង ដែលជាសមាជិកស្ថាបនិកនៃសមាគមឧកញ៉ាកម្ពុជាផងដែរនោះថ្លែងដូច្នេះក្នុងឱកាស លោកចូលរួមជាវាគ្មិននៃកិច្ចពិភាក្សាក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ ២០២៣ កាលពីថ្ងៃទី១១ ខែសីហា ដែលសហការរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលបច្ចុប្បន្នភាពនៃបរិយាកាសពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា ដោយផ្តោតលើបញ្ហាប្រឈម ដំណោះស្រាយ និង ឱកាសនៃវិស័យសំខាន់ៗរបស់កម្ពុជា។
ថ្លែងក្នុងកិច្ចពិភាក្សានេះ លោក គង់ សាង បានលើកឡើងអំពីស្ថានភាពទូទៅ បញ្ហាប្រឈម និងសំណើដោះស្រាយសម្រាប់វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។
ហ្វេសប៊ុក TAFTAC បានលើកឡើងនាថ្ងៃទី១២ ខែសីហា ថា៖ «វិស័យកាត់ដេរ នៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ក្នុងឆ្នាំ ២០២២ ទឹកប្រាក់នាំចេញមានចំនួនជាង ១២,៥ ពាន់លានដុល្លារ ស្មើនឹងជិត៦០ ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា ហើយបានចូលរួមចំណែកប្រមាណ ១០ ភាគរយនៃសេដ្ឋកិច្ចកម្ពុជា»។
TAFTAC បន្តថា ក្នុងឆមាសទី១ ឆ្នាំ ២០២៣ នេះ ការនាំចេញបានថយចុះជាង ១៨ ភាគរយ ធៀបទៅនឹងឆ្នាំកន្លងទៅ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ហើយការព្យាករណ៍សម្រាប់ឆមាសទី២ គឺថាស្ថានភាពនឹងមិនមានការប្រែប្រួលជាវិជ្ជមានច្រើននោះទេ ដោយសារសេដ្ឋកិច្ចសហរដ្ឋអាមេរិក និង អឺរ៉ុប អាចត្រូវការរយៈពេលយូរបន្តិចក្នុងការងើបឡើងវិញ។
TAFTAC លើកឡើងទៀតថា ដើម្បីស្តារ និងបន្តធានាបាននូវភាពប្រកួតប្រជែង ជាពិសេស ការប្រកួតប្រជែងពីប្រទេសផ្សេងៗដូចជា វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស ចាំបាច់ត្រូវដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗចំនួន ៥ រួមមាន ១.តម្លៃពលកម្ម និង ផលិតភាពការងារ ២.តម្លៃភ័ស្តុភារ និង កិច្ចសម្រួលពាណិជ្ជកម្ម ៣.ពន្ធដារ ៤.ការវិនិយោគ និង ការអភិវឌ្ឍឧស្សាហកម្មគាំទ្រ ៥.ចីរភាពបរិស្ថាន និងសង្គម៕