ភ្នំពេញៈ គណៈគ្រប់គ្រងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានចូលរួមក្នុងសន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នា កម្ពុជា-ជប៉ុន ដែលជំរុញធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្ម ការតាមដានការបំភាយឧស្ម័ន និង នវានុវត្តន៍ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយលម្ហអាកាស និង ផ្កាយរណប។
សន្និសីទនេះរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេស ជប៉ុន (JETRO) និង ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) នៅរាជធានីភ្នំពេញ។
ហ្វេសប៊ុក TAFTAC បញ្ជាក់នាថ្ងៃទី១២ ខែសីហាថា៖ «សន្និសីទនេះ បានណែនាំឱ្យស្គាល់នូវក្រុមហ៊ុនជប៉ុនចំនួន៧ ដែលមានបច្ចេកវិទ្យាទំនើប និង មានសមត្ថភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្ម ការរកឃើញការបំភាយឧស្ម័ន និង ការតាមដាន ការកាត់បន្ថយការបំភាយឧស្ម័ន និង ការអភិរក្សព្រៃឈើនៅកម្ពុជា»។
TAFTAC បន្តថា ក្រុមហ៊ុនទាំងនេះបាននិងកំពុងបើកចំហសម្រាប់កិច្ចសហការ ដើម្បីពាណិជ្ជកម្ម និងការអភិវឌ្ឍ ស្របតាមចលនាឆ្ពោះទៅរកពណ៌បៃតងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់៕