ភ្នំពេញៈ ទំនិញដែលកម្ពុជាបាននាំទៅប្រទេសចិន ក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០២៣ មានប្រមាណជិត ៨១៥ លានដុល្លារ កើនជាង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជិត ៧,១ ពាន់លានដុល្លារ។ ប្រមុខការទូតជាន់ខ្ពស់នៃក្រសួងការបរទេសចិន លោក វ៉ាង យី ដែលទើបចាកចេញពីកម្ពុជាកាលពីថ្ងៃម្សិលមិញក៏មានសុទិដ្ឋិនិយមចំពោះចំណងការទូត និងពាណិជ្ជកម្មនៃប្រទេសទាំង ២ ផងដែរ។
ស្ថិតិនាំចេញទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២៣ កម្ពុជាបាននាំទំនិញទៅប្រទេសចិន ក្នុងតម្លៃសរុប ៨១៤,៧៤ លានដុល្លារ កើនឡើង ១៦,២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ និងទំនិញចិននាំមកកម្ពុជា ៦ ២៧៨,៨៥ លានដុល្លារ កើន ០,១ ភាគរយ។
ផ្អែកតាមតារាងស្ថិតិខាងលើ គឺពាណិជ្ជកម្មរួមប្រទេសទាំង ២ មានទឹកប្រាក់ ៧ ០៩៣,៥៩ លានដុល្លារ កើន ១,៨ ភាគរយពី ៦ ៩៧១,៤៧ លានដុល្លារ។ សម្រាប់ជញ្ជីងពាណិជ្ជកម្មទ្វេភាគី គឺកម្ពុជាមានឱនភាព ៥ ៤៦៤,១១ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំមុន គឺចំនួន ៥ ៥៦៩,០៩ លានដុល្លារ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិឈានមុខគេរបស់កម្ពុជា ដោយស្មើ ២៥,៦១ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣ ដែលមាន ២៧ ៧០០,៣៦ លានដុល្លារ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែសីហាថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំ និងសំខាន់ជាងគេរបស់កម្ពុជានៅពេលនេះ ព្រោះមិនត្រឹមតែជាប្រទេសទទួលទិញទំនិញច្រើនពីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម និងគ្រឿងផ្សំមួយចំនួនសម្រាប់បំពេញឱ្យតម្រូវការតាមរោងចក្រ/សហគ្រាស ដើម្បីកែច្នៃនាំចេញទៅទីផ្សារអន្តរជាតិទៀតផង។
កំណើនពាណិជ្ជកម្មនៃប្រទេសទាំង ២ ក្នុងដំណាក់កាលដែលកំណើនសេដ្ឋកិច្ចពិភពលោកជួបប្រទេះនឹងភាពមិនច្បាស់លាស់នាពេលនេះ គឺដោយសាររដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២ មានទំនាក់ទំនងល្អជាមួយនឹងគ្នា។ លើសពីនេះប្រទេសទាំង ២ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី CCFTA និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំង ២ នឹងកើនខ្ពស់ថែមទៀត ពិសេសការនាំចេញពីកម្ពុជា។ កសិផលកម្ពុជាទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់ប្រជាជនចិន»។
លោកបន្ថែមថា៖«ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិននៅកម្ពុជាកាលពីចុងសប្តាហ៍ ជាសញ្ញាល្អមួយសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការផ្នែកការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ផងដែរ»។
រដ្ឋមន្ត្រីក្រសួងការបរទេស ចិន លោក វ៉ាង យី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ១២-១៣ ខែសីហា នេះ បានលើកឡើងក្នុងជំនួបជាមួយ លោកសុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១២ ខែសីហា ថា លោកសាទរ និងរីករាយចំពោះភាពរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា និងសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារទាំងឡាយដែលរដ្ឋាភិបាលកម្ពុជាសម្រេចបានកន្លងមក ជាពិសេសការទទួលបាននូវការបណ្តាក់ទុនយ៉ាងច្រើនពីបរទេស។
លោកបន្តថា កិច្ចសហប្រតិបត្តិការល្អរវាងចិន-កម្ពុជា នឹងផ្តល់ផលវិជ្ជមានកាន់តែច្រើនទៅដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រើប្រាស់យន្តការសម្របសម្រួល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ដែលឆ្លើយតបជាវិជ្ជមាននឹងក្របខ័ណ្ឌនៃការអនុវត្តគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ទំនាក់ទំនងការទូត ដែលបង្កើតជាមិត្តភាពដែកថែបកម្ពុជា-ចិន ត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំមួយនៅក្នុងប្រទេសកម្ពុជា។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្ម កម្ពុជា-ចិន មានទឹកប្រាក់សរុប ១១ ៦៨៦,១៦៤ លានដុល្លារ កើន ៤,៤ ភាគរយធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសចិន ១២៤០,៦៣ លានដុល្លារ ថយចុះ ១៧,៩ ភាគរយ ចំណែកទំនិញកម្ពុជានាំចូលពីចិន មាន ចំនួន ១០ ៤៤៥,៥៣៣ លានដុល្លារ កើនឡើង ៧,៩ ភាគរយ៕