ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) រំពឹងថា នឹងមើលឃើញពីការនាំចូលវត្ថុធាតុដើមពីប្រទេសប៉ាគីស្ថានបន្ថែមទៀត ដើម្បីផ្គត់ផ្គង់នៅក្នុងឧស្សាហកម្មនេះ ខណៈការនាំចូលនៅពេលនេះភាគច្រើនគឺមកពីប្រទេសចិន។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង TAFTAC ដែលទើបត្រឡប់មកពីចូលរួមសន្និសីទស្តីពីឱកាសធុរកិច្ចអាស៊ាន-ប៉ាគីស្ថាន លើកទី១ ឆ្នាំ ២០២៣ ដែលរៀបចំ ចាប់ពីថ្ងៃទី ៧-១១ ខែសីហា ឆ្នាំ ២០២៣ នៅទីក្រុងឡាហ័រ និងការ៉ាច បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា TAFTAC និងក្រុមហ៊ុន/សមាគមរបស់កម្ពុជាចំនួន ៤ ទៀតបានចូលរួមក្នុងសន្និសីទនេះ។ សន្និសីទនេះរៀបចំដោយអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប្រទេសប៉ាគីស្ថាន សហការជាមួយបេសកកម្មប៉ាគីស្ថាននៅប្រទេសឥណ្ឌូនេស៊ី និងលេខាធិការដ្ឋានអាស៊ានដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប៉ាគីស្ថាន និងតំបន់អាស៊ាន។
លោកបន្តថា គណៈប្រតិភូមកពីវិស័យវាយនភណ្ឌកម្ពុជាបានទៅទីក្រុង Faisalabad ដើម្បីទៅចូលរួមកិច្ចប្រជុំរវាងអាជីវកម្ម និងអាជីវកម្មនៅ Faisalabad Chamber បន្ទាប់មកគឺដំណើរទស្សនកិច្ចនៅរោងចក្រ។ ប្រទេសប៉ាគីស្ថាន ជាដៃគូប្រកួតប្រជែងមួយផ្នែកផលិតកម្មវាយនភណ្ឌ និងកាត់ដេរ។
លោកថ្លែងថា៖ «ប្រទេសប៉ាគីស្ថាន ក៏មានភាពរឹងមាំផ្នែកផលិតក្រណាត់ ជាពិសេសក្រណាត់ដែលមានមូលដ្ឋានលើកប្បាស។ មកដល់ពេលនេះការនាំចូលក្រណាត់ពីប៉ាគីស្ថានសម្រាប់ផលិតសម្លៀកបំពាក់នៅមានចំនួនតិចតួចនៅឡើយ ហើយនៅមានឱកាសរីកចម្រើនបន្ថែមទៀតការផ្គត់ផ្គង់វាយនភណ្ឌប៉ាគីស្ថានមកកម្ពុជា»។
ថ្លែងនៅក្នុងវេទិកាធុរកិច្ច ឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃទី ១១ ខែសីហា លោក កង សាង ប្រធាន TAFTAC បានឱ្យដឹងថា គិតមកដល់ពេលនេះប្រទេសកម្ពុជាមានរោងចក្រចំនួន ១ ០៧៧ ក្នុងនោះរោងចក្រកាត់ដេរចំនួន ៨០២ រោងចក្រផលិតស្បែកជើង ១៤០ និងរោងចក្រផលិតទំនិញធ្វើដំណើរចំនួន ១៣៤។រោងចក្រទាំងនោះផ្ដល់ការងារឱ្យដល់កម្មករសរុប ៧៦៤ ៣៥៨នាក់។
លោក សាង បានលើកឡើងពីបញ្ហាប្រឈមដែលវិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរកំពុងជួបប្រទះ ព្រមទាំងស្នើសុំដំណោះស្រាយមួយចំនួន។ លោកនិយាយថា៖ «វិស័យកាត់ដេរ និងទំនិញធ្វើដំណើរនៅតែដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា។ កាលពីឆ្នាំ ២០២២ តម្លៃនៃការនាំចេញវិស័យនេះសម្រេចបាន ១២,៥ ពាន់លានដុល្លារ ស្មើនឹងជិត ៦០ ភាគរយនៃតម្លៃនាំចេញសរុបរបស់កម្ពុជា និងស្មើនឹង ១០ ភាគរយនៃសេដ្ឋកិច្ចកម្ពុជា»។
កាលពីចុងខែមីនា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរកម្ពុជា (GTF) ឆ្នាំ ២០២២-២០២៧» ដោយក្រសួងសង្ឃឹមថា នឹងកំណត់នូវគោលដៅអភិវឌ្ឍន៍រួមបង្កើតឯករាជភាព និងអភិវឌ្ឍនិរន្តរភាព និងបរិយាប័ន្ននៃវិស័យនេះ។
លោក ឆាយ បូរ៉ា នាយកគ្រប់គ្រង Bower Group Asia (BGA) ដែលជាក្រុមហ៊ុនផ្តល់ការប្រឹក្សាយុទ្ធសាស្ត្រគាំទ្រការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានឱ្យដឹងថា យុទ្ធសាស្ត្រនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគំរូវិស័យផលិតកម្មសម្លៀកបំពាក់របស់កម្ពុជា ធ្វើពិពិធកម្មប្រភពវត្ថុធាតុដើម បង្កើតទីផ្សារការនាំចេញអោយបានធំទូលាយ និងជំរុញការអភិវឌ្ឍន៍ជំនាញ និងបង្កើនផលិតភាព។
លោកនិយាយថា៖ «ធុរកិច្ចគួរតែសម្លឹងមើលឱកាសថ្មីៗដែលផុសចេញពីការផ្លាស់ប្តូរនិងធ្វើពិពិធកម្មខ្សែចង្វាក់ផលិតកម្មរបស់កម្ពុជាទៅកាន់វិស័យវាយនភ័ណ្ឌ និងសំលៀកបំពាក់ដែលមានតម្លៃខ្ពស់។ នេះជាការផ្លាស់ប្តូរពីការរចនាវាយនភ័ណ្ឌ និងសំលៀកបំពាក់ជាលក្ខណៈសាមញ្ញ កាត់ដេរ តម្រឹមធម្មតា ទៅជាផលិតផលសំលៀកបំពាក់មានការច្នៃប្រឌិតម៉ូតស្មុគ្រស្មាញ ទាន់សម័យ សុីវិល័យដែលស្របនឹងនិន្នាការអ្នកប្រើប្រាស់ ដែលនេះនឹងតម្រូវឱ្យមានការវិនិយោគលើបច្ចេកវិទ្យាទំនើប ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញ។ នាពេលខាងមុខ ឧស្សាហកម្មវាយនភ័ណ្ឌ និងសំលៀកបំពាក់របស់កម្ពុជាត្រូវបានគេរំពឹងថានឹងបង្កើតការងារកាន់តែច្រើន ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន»៕